សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​មានការ​រឹតបន្តឹង​ចំពោះ​ការចេញ​សញ្ញាបត្រ​បណ្ឌិត​

451
ចែករម្លែក

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានស្នើ​ឲ្យ​មានការ​រឹតបន្តឹង​ការចេញ​សញ្ញាបត្រ​បណ្ឌិត​។ ដោយ​សម្តេច​លើកឡើងថា ប្រសិនបើ​មិន​ដូច្នេះ​ទេ​ កម្ពុជានឹង​ក្លាយទៅជា​ប្រទេស​ដែលមាន​បណ្ឌិត​ច្រើនជាងគេនៅលើ​ពិភពលោក បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាជន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​សម្ពោ​ធ​អគារ​ឥន្ទ្រ​ទេវី​-​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​រាជបណ្ឌិត្យសភា​កម្ពុជា និង​ប្រកាស​គោរមងារ​កិត្តិយស​និង​ប្រគល់​សញ្ញាបត្រ​ជាន់ខ្ពស់ នា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​កំពុងតែ​មានការ​បារម្ភ​ថា យើង​មាន​ចំនួន​បណ្ឌិត​ច្រើន​ហួស​ ដែល​បូក​សរុបទៅ​មាន​បណ្ឌិត​រហូត​ជាង ៦០០​នាក់ ក្នុងនោះនិស្សិត​បណ្ឌិត​បានចេញ​ហើយ​ចំនួន ១០៨ នាក់ ហើយ​កំពុង​ត្រៀម​ចេញ​មាន​រហូត ៥៤៦​នាក់​។ ដូចនេះ​វា​នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​បណ្ឌិត​ច្រើនជាងគេ​នៅលើ​ពិភពលោក​។

​សម្តេច​បានលើកឡើង​ទៀតថា តើ​សាស្ត្រាចារ្យ​ម្នាក់​ណែនាំ​និស្សិត​ប៉​ន្មា​ន​នាក់​? សម្តេច​បានបង្ហាញ​ពី​កង្វល់​ទី​១ តើ​សាស្ត្រាចារ្យ​ម្នាក់​ណែនាំ​និស្សិត​ការពារ​និក្ខេបបទ​ប៉ុន្មាន​នាក់​? ហើយ​អ្នក​ដែល​ទទួល​ណែនាំ​និស្សិត​នោះ មាន​សមត្ថភាព​កម្រិត​ណា​ដែរ​ នេះជា​ចំណុច​ត្រូវ​ឃើញ​។​

​សម្តេច​បាន​លើក​ជា​សំណួរ​ថា ឥឡូវ​បណ្ឌិត​ម្នាក់​ត្រូវ​ទទួល​សិស្ស ៩​នាក់ អ៊ីចឹង​បណ្ឌិត​ខ្លួនឯង​គ្រប់គ្រាន់​លក្ខណសម្បត្តិដើម្បី​ទទួល​ធ្វើជា​អ្នក​ណែនាំ​និក្ខេបបទ​ឲ្យ​គេ​ឬ​អត់​? ចំណុច​នេះ ដើម្បី​ធានាបាន​ច្បាស់លាស់​នៅពេល​ការពារ​និក្ខេបបទ​ ​កុំមានការ​ធ្វេសប្រហែស ត្រូវមាន​ការចាត់តាំង​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ​។ ត្រូវ​បង្កើន​សមត្ថភាព​។

​សម្តេច​បានលើកឡើង​ទៀតថា កាល​ពេល​សម្តេច​ការពារ​និក្ខេបបទ គឺមាន​សាស្ត្រាចារ្យ​រហូតដល់​១៥​នាក់ ដែល​ចោទសួរ​លើ​រូប​សម្តេច​ក្នុងពេល​ការពារ​និក្ខេបបទ​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​។ ដែល​ក្នុងនោះ​មាន​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ ១១​នាក់​ក្នុងចំណោម ១៥​នាក់ ហើយ​បាន​សួរដេញដោល​រយៈពេល​ជាង​២​ម៉ោង​។ ដូចនេះ ត្រូវមាន​ការបោះឆ្នោត​ជាសម្ងាត់ នៅក្នុង​ក្រុមប្រឹក្សា​ការពារ​និក្ខេបបទ ធ្វើបែបនេះ​ទើប​មាន​ភាព​យុ​ត្តិ​ធ៌​ម និង​ពង្រឹង​គុណភាព​។

​ដូច្នេះ​ត្រូវ​រឹតបន្តឹង បើ​មិន​ដូច្នេះ​ទេ ​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេសមួយដែលមាន​ចំនួន​បណ្ឌិត​ច្រើនជាងគេ​លើ​ពិភពលោក បើ​ប្រៀបធៀប​ជាមួយនឹង​ប្រជាជន​។​

​ជា​មូ​យ​នេះ ​សម្តេច​ក៏បាន​សូម​ផ្អាក​ការចេញ​ព្រះរាជក្រឹត្យ ផ្តល់​គោរមងារ ដែល​ស្នើសុំ​ដោយ​រាជបណ្ឌិតសភា​កម្ពុជា ផងដែរ​៕ ល​/Ha