សម្ដេច​តេ​ជោ​ហ៊ុនសែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ដ្រ​នគរបាល ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជ័យលាភី នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​

371
ចែករម្លែក

ដោយ:តារារិទ្ធិ/​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​វិទ្យាសាស្ដ្រ​នគរបាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ថ្នាក់​បរិញ្ញាបត្រ និង​វិញ្ញាបនបត្រ ជូន​ដល់​និស្សិត​នាយ​នគរបាល​បន្តវេន និង​សិក្ខាកាម​ជ័យលាភី ១.៤៦៥​នាក់ នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​។​

និស្សិត និង​សិក្ខាកាម​ជា​មន្ត្រីនគរបាល​ដែល​នឹង​ទទួលបាន​សញ្ញាបត្រ និង​វិញ្ញាបនបត្រ​នៅថ្ងៃនេះ​រួមមាន​៖ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ចំនួន​១៨០​នាក់ នារី​៧​នាក់​, ថ្នាក់​បរិញ្ញាបត្រ ចំនួន​៣១៩​នាក់​, នារី​៤០​នាក់​, សិក្ខាកាម​ថ្នាក់​វិញ្ញាបនបត្រ ចំនួន ៩៦៦​នាក់ នារី​៥៥​នាក់​។​

សូមបញ្ជាក់ថា បណ្ឌិត្យសភា​នរគ​បាល​កម្ពុជា គឺជា​ស្ថាប័ន​ចំណុះឱ្យ​ក្រសួងមហាផ្ទៃ​ដែល​បានធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុងការ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល និង​មន្ត្រី​ពន្ធនាគារ ដើម្បី​លើកកម្ពស់​គុណភាព និង​សមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ​ទូទាំងប្រទេស ស្របតាម​តម្រូវការ​របស់​សង្គម​ជាតិ និង​ស្តង់ដា​រគុណភាព​ដែល​បានកំណត់​។​

គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩​នេះ និស្សិត​នាយ​នគរបាល​បន្តវេន សិក្ខាកាម និង​សិស្ស​នគរបាល បានបញ្ចប់​ការសិក្សា​នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជាមាន​ចំនួន​សរុប ៤៤.៩២០​នាក់ ក្នុងនោះ​នារី ២.៤៤១​នាក់​។​

របាយការណ៍​បង្ហាញថា ជា​មធ្យម​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​បាន​បណ្ដុះបណ្ដាល​កងកម្លាំង​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ទាំង​វគ្គ​វែង និង​វគ្គ​ខ្លី ជិត ៤​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ​។ ចំពោះ​សិស្ស​នគរបាល​វគ្គ​បឋម​វិជ្ជាជីវៈ​នគរបាល​ក្របខ័ណ្ឌ​ថ្មី និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​នានា បានបញ្ចប់​ការសិក្សា​នៅតាម​សាលា​នគរបាលជាតិ ភូមិភាគ​ទាំង​៦ គិត​ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ចំនួន​សរុប ១៤.៤៩១​នាក់ ក្នុងនោះ​នារី ១.៧៧៨​នាក់​៕​B/Ha