សម្ដេច​តេ​ជោ ហ៊ុនសែន ឧបត្ថម្ភ ​២០​លាន​រៀល សម្រាប់​អ្នកស្លាប់ និង​ ៣​លាន​រៀល​សម្រាប់​អ្នករបួស ក្នុង​​ហេតុការណ៍​បាក់រលំ​ប្លង់​សេ​នៅ​វត្ត​ប្រាសាទ​​គោកចក​

156
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានសម្រេច​ឧបត្ថម្ភ​ថវិកា​ប្រមាណ ២០​លាន​រៀល​សម្រាប់​អ្នកស្លាប់ និង៣​លាន​រៀល សម្រាប់​អ្នករងរបួស​ក្នុង​ហេតុការណ៍​បាក់​រលំ​ប្លង់​សេ​អគារ​សាលាឆាន់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។ នេះ​គឺជា​ការបញ្ជាក់​ឲ្យដឹងពី លោក គន់ គីម នៅ​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​

លោក​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​សារព័ត៌មាន នៅ​យប់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ចំពោះ​ហេតុការណ៍​បាក់​រលំ​ប្លង់​សេ​អគារ​សាលាឆាន់​នេះ​។​

លោក​បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ចូលរួម​សោកស្តាយ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់ ដែល​បាន​រងគ្រោះ​ក្នុង​ហេតុការណ៍​ដ៏​អកុសល​នេះ​ផងដែរ​។​ក្រៅពី​ការតាមដាន ចាត់ចែង​បញ្ជា​នៅក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​នេះហើយ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​ថវិកា​ដល់​ជនរងគ្រោះ ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ផងដែរ​។​

លោក​ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​ថវិកា​ប្រមាណ ២០​លាន​រៀល​ក្នុង​មួយ​សព សម្រាប់​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់បាត់​បង់ជីវិត និង​ឧ​ត្ថ​ម្ភ ៣​លាន​រៀល​ក្នុង​មួយ​នាក់ សម្រាប់​អ្នករងរបួស​។​

សូមបញ្ជាក់ថា កាក​ពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​នេះ កើតមាន​ហេតុការណ៍​បាក់​រលំ​ប្លង់​សេ​អគារ​សាលាឆាន់ នៅ​វត្ត​ប្រាសាទ​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប​។ ហេតុការណ៍​នេះ បណ្តាលឱ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ១៣​អង្គ​/​នាក់ រងរបួស​ធ្ងន់​ស្រាល និង ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។​រហូតមកដល់​យប់​ថ្ងៃនេះ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​អះអាងថា ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​យក​ចេញពី​គំនរ​ប្លង់​សេ​នេះ​អស់ហើយ​។ តែ​ក្រុម​អ្នក​ជួយសង្គ្រោះ​មិនទាន់​បញ្ចប់​ប្រតិបត្តិការ​នៅឡើយ​ទេ គឺ​បន្ត​កាយ​គំនរ​អគារ​នេះ​រហូត​ទាល់តែ​អស់​។ ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មាន​ពីរ​នាក់​នៅក្នុង​ខេត្តសៀមរាប និង​ម្នា​ក់មាន​លំនៅឋាន​ក្នុង​ខេត្តព្រៃវែង​។ សព​ជនរងគ្រោះ​ត្រូវបាន​អាជ្ញាធរ​ចាត់ចែង​ដឹក​ទៅកាន់​លំនៅឋាន ហើយ​រៀបចំ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕B/HA