សម្ដេច​តេ​ជោ ហ៊ុន សែន នាំ​ចៅស្រី​ចូលជួប​ប្រធានាធិបតី និង​ប្រធានសភា​ហុង​គ្រី​

645
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ចៅស្រី​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​បាន​លេច​វត្តមាន​ក្នុងជំនួប​រវាង​សម្ដេច​តេ​ជោ​ជាមួយ​លោក​យ៉ា​ណូ​សអា​ឌែ​រ​(JanosAder)​ប្រធានាធិបតី​និង​ប្រធានសភា​ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា “​ចៅស្រី​ខ្ញុំ​នឹក​ជីតា​ពេក ខំ​ជិះ​យន្តហោះ​មក​រង់ចាំ​ជីតា​នៅ​ប្រទេស​ហុង​គ្រី​។​ព្រឹក​នេះ​នាំ​ចៅ​ចូលក្នុង​គណៈប្រតិភូ​សំដែង​ការគួរសម​ជាមួយ​ប្រធានាធិបតី​និង​ប្រធានសភា​ហុង​គ្រី​ដើម្បីឱ្យ​ចៅ​ស្គាល់​ពី​របៀប​ធ្វើការ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​”​។​

នៅក្នុង​ជំនួប​សម្តែង​ការគួរសម​ប្រធានាធិបតី​ហុង​គ្រី​លោក​យ៉ា​ណូ​សអា​ឌែ​រ​(JanosAder)​បាន​ស្វាគមន៍​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ដែល​បាន​នាំមក​នូវ​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​។​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​៨០​មក​ដែល​មកដល់ពេលនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អាច​ឃើញ​ពី​ការរីកចម្រើន​យ៉ាងច្រើន​របស់​ប្រទេស​ហុង​គ្រី​។​

​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នៅពេលនេះ​ក៏បាន​នាំមក​នូវ​សមិទ្ធផល​ជាច្រើន​រវាង​ប្រទេស​ទាំងពីរ​ជាពិសេស​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​រវាង​សម្តេច​និង​នាយករដ្ឋមន្ត្រី​ហុង​គ្រី​។​

សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ហើយ​សម្ដេច​បញ្ជាក់ថា នេះ​គឺជា​ទស្សនកិច្ច​លើកដំបូង​របស់​សម្ដេច​មកកាន់​ប្រទេស​ហុង​គ្រី ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ​ស​ម្តេចក៏​ធ្លាប់បាន​មកកាន់​ប្រទេស​ហុង​គ្រី​កាលពី​៤៣​ឆ្នាំមុន​មកម្ល៉េះ​ដើម្បី​បង្កើត​ទំនាក់ទំនង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៣ ដល់​១៤ ខែមិថុនា ឆ្នាំ​២០១៩​។

ក្រោយពី​បញ្ចប់​ទស្សនកិច្ច​នៅ​ហុង​គ្រី​នា​ថ្ងៃទី​១៤ ខែមិថុនា ហើយ​នោះ​សម្តេច​ហ៊ុនសែន​និង​គណៈប្រតិភូ​នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​តាជី​គី​ស្ថាន​ដើម្បី​ចូលរួម​សន្និសីទ​កំពូល​ស្តីពី​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៥ ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ​៕S/

​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​ចៅស្រី​សម្តេច​តេ​ជោ ហ៊ុន សែន​ជួបពិភាក្សា​ប្រធានាធិបតី​ហុង​គ្រី​