សម្ដេច​តេ​ជោ ហ៊ុន សែន និង​គណប្រតិភូ អញ្ជើញ​ដល់ទី​ក្រុង​ណាន​នី​ង ប្រទេស​ចិន​ហើយ​

375

(​ណាន​នី​ង )៖​នៅពេល​ប្រមាណ​ថ្ងៃត្រង់​នា​ថ្ងៃ​ចន្ទ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អញ្ជើញ​មកដល់​បន្ទប់​សម្រាក​ហើយ​នៅ​ទីក្រុង​​ណាន​នី​ន​។ សូមបញ្ជាក់​ផងដែរ​ថា នៅ​ម៉ោង​ប្រមាណ ១១:៤៧​នាទី​ព្រឹក​(​ម៉ោង​នៅ​ណាន​នី​ង ប្រទេស​ចិន​) ថ្ងៃទី​១១ កញ្ញា នេះ សម្ដេច​​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​វូ​ស៊ូ (Wuxu) ក្រុង ណាន​នី​ង ខេត្ត​ក្វាង​ស៊ី សាធារណរដ្ឋ​ប្រជា​និ​ត​ចិន​ដោយ​សុវត្ថិភាព​បន្ទាប់ពី​បាន​អញ្ជើញ​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ពិសេស​​របស់​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង​រួចមក​។​

​នៅក្នុងពេល​អញ្ជើញ​ដល់​របស់ សម្ដេច​តេ​ជោ មុននេះ​បន្តិច មានការ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី ឯកឧត្ដម Huang Shiyong សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន និង​ជា​លេខាធិការ​គណៈកម្មាធិការ​នយោបាយ​និង​ច្បាប់​ខេត្ត​ក្វាង​ស៊ី និង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​ចិន រួមជាមួយ​មន្ត្រី​សំខាន់ៗ​មួយចំនួន​របស់​ប្រទេស​ចិន​ផងដែរ​។​

​ក្នុងឱកាស​អញ្ជើញ​ទៅ​ចូលរួម​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​ការតាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ ដោយ​ផ្តោតទៅលើ​ការ​ជម្រុញ​ពាណិជ្ជកម្ម​ឱ្យ​ខ្លាំង​ថែមទៀត​រវាង​អាស៊ាន និង​ចិន ព្រមទាំង​ការទាក់ទាញ​វិនិយោគិន និង​ទេសចរ​ចិន​មកកាន់​តំបន់​អាស៊ាន​។ បន្ទាប់មក​សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ពោធ​ពន្លា​ជាតិ​កម្ពុជា ព្រមទាំង​ទស្សនា​ស្តង់​តាំងពិព័រណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​សម្ពោធ​ពន្លា​ជាតិ​របស់​ប្រទេស ប្រ៊ុយណេ​ដា​រូ​សាឡា​ម​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប ថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ប្រទេស​ចិន ហើយក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​ណាន​នី​ង ព្រមទាំង​ផ្តល់​បទសម្ភាសន៍​ដល់​ប​ណ្តា​ញ​សារព័ត៌មាន​ចិន ផងដែរ​។​

​ការតាំងពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៤ នេះ​រំពឹងថា នឹង​ពង្រឹង​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ចិន ហើយ​និង​ឈានទៅ​សម្រេច​ផែនការ​បង្កើន​ពា​ណិ​ជ្ចក​ម្ម និង​វិនិយោគ ទៅវិញទៅមក ឱ្យដល់​ទំហំ​១​ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ចិន​មកកាន់​តំបន់​អាស៊ាន និង​១៥០​ពាន់​លាន​ដុល្លារ​អាមេរិក ពី​តំបន់​អាស៊ាន​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​២០២០៕​ដោយ​៖​វាសនា​
​អត្ថបទ​និង​រូបភាព​៖FB​សម្តេច​