សម្ដេច​តេ​ជោ ៖ ខ្ញុំ​មិន​ល្ងង់​ឈប់​កាន់អំណាច​នៅ​អាយុ​៦៥​ឆ្នាំ​ទេ​

849

(​ភ្នំពេញ​) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​លើកឡើងថា សម្ដេច​មិន​ល្ងង់​ទៅ​ឈប់​កាន់អំណាច​នៅ​អាយុ​៦៥​ឆ្នាំ​ទេ ពោលគឺ​សម្ដេច នឹង​នៅតែ​បន្ដធ្វើ​នាយករដ្ឋមន្ដ្រី​១០​ឆ្នាំ​ទៅមុខទៀត បើ​ប្រជាពលរដ្ឋ​នៅតែ​បន្ដ​គាំទ្រ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​សរសៃដែក​ប្រវែង​សរុប​១.១៣១​ម៉ែត្រ និង​ទទឹង ១៣,៥០​ម៉ែត្រ​ឆ្លងកាត់​ទន្លេ​​មេគង្គ ត្រង់ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅ​ត្រើយ​ខាងកើត ត្រង់ចំណុច​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ នេះ សម្ដេច​បាន​លើកឡើងថា​“…​មាន​អា​អន្ទិត​មួយ​នោះ​…​វា​ធ្វើ​អី​មិនបាន​…​ស្រាប់​​តែ​ម្សិលម្ង៉ៃ​នេះ​… ស្រែកថា ឥឡូវ​ដាក់​កំណ​ត់ទៅ​…​ដាក់​កំណត់​ទាំងអស់គ្នា ថា អាយុ​៦៥​ឆ្នាំ​ត្រូវ​ឈប់​ធ្វើ​នយោបាយ​ទាំងអស់គ្នា​…​អុញ​…​អ្ហែង អ្នក​ជាប់គុក​សោះ មក​បបួល​អញ ធ្វើ​នាយករដ្ឋមន្ដ្រី​ចុះ​ពី​តំណែង ទៅ​ជាប់គុក​ជាមួយ​អ្ហែង​…​អ្ហែង ជាប់គុក​តែ​អ្ហែង ជាប់​ទៅ​…”​។​

​ក្នុង​សម្ដី​ឌឺដង​ធ្ងន់ៗ ដែល​ហាក់​សម្ដៅ​ទៅកាន់​អតីត​ប្រមុខ​ដឹកនាំ​បក្សប្រឆាំង គឺ​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស ថែមទាំង​កំពុង​ធ្វើ​ចលនា​ឧទ្ទាម​ប្រឆាំងនឹង​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​នោះ សម្ដេច​បានបញ្ជាក់​ទៀតថា “…​គ្មាន​ច្បាប់​ឯណា មក​ហាមឃាត់​អា​រឿង​ហ្នឹង​ទេ​…​សិទ្ធិ​ធ្វើ​នយោបាយ អ្នកឯង​ទៅ​មើល​ក្នុង​រដ្ឋធម្មនុញ្ញ​មើល​…​ហើយ​គេច​ង់​ដាក់ថា ធ្វើ​នាយករដ្ឋមន្ដ្រី​ត្រឹមតែ អាយុ​៦៥​ឆ្នាំ​បាន​ហើយ​…​បើ​ចង់​ឆ្កួត ឆ្កួត​តែម្នាក់ឯង​ទៅ​…​ឡប់ ឡប់ តែម្នាក់ឯង​ទៅ​…”​។​

​សម្ដេច​បាន​បន្ថែមថា “…​ខ្ញុំ​មិន​ចង់​និយាយ​ត​ជាមួយ​អា​មនុស្ស​ធន់​ហ្នឹង​ទេ​…​ក៏ប៉ុន្តែ នៅពេលដែល​ខ្ញុំ​និយាយ​ត្រង់​ពាក្យ​ដែលថា​មាន​អា​​អ្នក​ចង់​ធ្វើ​នាយករដ្ឋមន្ដ្រី អាយុ​ច្រើនជាង ខ្ញុំ​ទៀត​…​ចឹ​ង​វា​បបួល​…​អានេ៎ះ ចេះ​យក​ក្រឡ យកមក​ដូរ​មាស​សុទ្ធ​អ្ហាស៎​…​យី​! នែ៎​! បើ​ថា​ឯង​​ឆ្លាត​ជ្រុល ឯង​ឆ្លាត​តែម្នាក់ឯង​ទៅ​…​ដោយសារ​ឯង​ឆ្លា​តវា​គ្រប់គ្រាន់​ហ្នឹងហើយ បានជា​ចាញ់​អញ​រហូត​ហ្នឹង​…​បញ្ហា​នៅត្រង់ថា​អ្នកឯង​​មិនមាន​កម្រិត​ឆ្លាត​វៃ​គ្រប់គ្រាន់ ដើម្បី​នឹង​ដឹកនាំ​ប្រទេស​នេះ​ឬ​អត់​…​មាន​សមត្ថភាព​ឬ​អត់​…​តែ​ប៉ុណ្ណឹង​ទេ​…​គេ​មិន​ល្ងង់​ដូ​អ្ហែង​ទេ​…​ដោយសារតែ​គេ​មិន​ល្ងង់​ហ្នឹងហើយ​… បានជា​គេ​កាន់អំណាច​រហូតដល់​៤០​ឆ្នាំ​នោះ​…​កុំទៅ​ឆ្ងល់​ពេក​…”៕​ដោយ​៖​វិបុល​/sn