សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជា បង្ហាញថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ បានរួម​ចំណែក​ឱ្យមាន​សន្ដិភាព និង​ការអភិវឌ្ឍ​

415
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សមាជិកសភា​ស្ដ្រី នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ថា​ការ​ការលើកកម្ពស់​សម​ភាព​យេនឌ័រ បានរួម​ចំណែក​ឱ្យមាន​សន្ដិភាព និង​ការអភិវឌ្ឍន​។​ការលើក​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​សមាជិកសភា​ស្ដ្រី នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ក្រោម​ប្រថាន​បទ លើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​ការអភិវឌ្ឍ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​។​

សម្ដេច​ប្រធានរដ្ឋសភា​កម្ពុជា បង្ហាញថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ បានរួម​ចំណែក​ឱ្យមាន​សន្ដិភាព និង​ការអភិវឌ្ឍ​ (រូប: គូលែន​)

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា គេ​មិនអាច​សម្រេចបាន​នូវ​សន្ដិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​បានទេ ប្រសិនបើ​គេ​មិនមាន​អភិក្រម បរិ​យា​ប័ន្ន និង​ប្រសិទ្ធភាព ដើម្បី​លើកតម្កើង​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ដ្រី និង​ក្មេងស្រី​។​

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បន្តថា បើ​យោងតាម​របាយការណ៍រ​បស់​អង្គការសហប្រជាជាតិ ស្ដីពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​គោលដៅ​ទី​៥ បាន​បង្ហាញថា វិសមភាព​យេនឌ័រ​បាន​បន្ដ​រារាំង​ស្ដ្រី និង​ក្មេងស្រី ក្នុង​ការទទួល​សិទ្ធិ​ជា​មូលដ្ឋាន​របស់ខ្លួន ជាមួយនឹង​កាលានុវត្តន៍​ភាព​នានា​ដែល​ឆ្លើយតប​នឹង​សេចក្តីត្រូវការ និង​ដំណោះស្រាយ​សម្រាប់​គុណប្រយោជន៍​ដល់​ស្ដ្រី​។​

​សម្ដេច​ពញា​ចក្រី បាន​មានប្រសាសន៍​ទៀតថា ការលើកកម្ពស់​សមភា​ព​យេនឌ័រ បានរួម​ចំណែក​ឱ្យសម្រេចបាន​នូវ​សន្ដិភាព និង​ការអភិវឌ្ឍ ជាពិសេស​ការផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី គឺជា​កត្ដា​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ព្រោះថា ការវិនិយោគ​លើ​បញ្ហា​សុខភាព ការអប់រំ ការបណ្ដុះបណ្តាល​វិជ្ជាជីវៈ ការចូលរួម​ក្នុង​វិស័យសេដ្ឋកិច្ច ការគ្រប់គ្រង​ចំណូល ការ​ក្លាយជា​ម្ចាស់​ធុរកិច្ច​ដោយ​ខ្លួនឯង គឺជា​ការទទួល​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ទាំងមូល មិនមែន​តែ​ស្ដ្រី និង​ក្មេងស្រី​នោះទេ ដូច្នេះ យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់​សមភាព​យេនឌ័រ ជាពិសេស​ការអប់រំ​មូលដ្ឋាន​សម្រាប់​ក្មេងស្រី​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល​ងាយ​រងគ្រោះ​នៅក្នុង​តំបន់​អាស៊ី​ប៉ា​ហ្វិ​ច និង​សកលលោក ហើយ​រាល់​ប្រព​ន្ធ័​គាំពារ​សង្គម​ទាំងអស់ គួរ​បង្កើន​មូលនិធិ និង​យកចិត្តទុកដាក់​សម្រាប់​ស្ត្រី​និង​ក្មេងស្រី និង​ជាពិសេស​ជន​ដែល​រងគ្រោះ​ដោយ​ប្រធាន​ស័ក្តិ​។​

​គួររម្លឹកថា កិច្ចប្រជុំ​សមាជិកសភា​ស្ដ្រី បាន​ផ្តួចផ្តើម​និង​ប្រជុំ​ជា​លើកដំបូង​នៅ​ប្រទេស​កាណាដា នា​ឆ្នាំ​២០១៦ លើក​ទី​២​នៅ​ប្រទេស ហ្វី​ជី ក្នុង​ឆ្នាំ​២០១៧ និង​លើក​ទី​៣ នៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​២០១៨ ហើយ​បានធ្វើ​វិសោធនកម្ម អនុម័ត​ឱ្យ​កិច្ចប្រជុំ​សមាជិក​ស្ដ្រី​ជា​ផ្លូវការ​របស់ APPF ដូច​គណៈកម្មការ​ផ្សេងៗ​ទៀត​។ កិច្ចប្រជុំ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់ ដែល​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​របស់ APPF លើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការផ្តល់​ភាព​អង់អាច​ដល់​ស្ដ្រី និង​ក្មេងស្រី ដែលជា​គោលការណ៍​មួយ​ឈានទៅ​សម្រេច​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕ ល​