សម្ដេច​ប្រធានរដ្ឋសភា​ស្នើ​ដល់​លោក​ឯកអគ្គរដ្ឋទូត​វៀ​ត​ណា​ម​ថ្មី សហការ​ឲ្យ​បានល្អ​ជាមួយ​បណ្តា​ស្ថាប័ន​ក្រសួង​កម្ពុជា

320

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ សម្តេច ហេង សំរិន ប្រធាន​រដ្ន​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាតិ​ឲ្យ​លោក វូ ក្វាង​មិញ ឯកអគ្គ​រដ្ន​ទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណ​រដ្ន​សង្គមនិយម​វៀតណាម ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​។​

​ក្នុងជំនួប​ពិភាក្សា​នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​លើកឡើងថា ក្នុង​រយៈពេល​៥០​ឆ្នាំកន្លងមក ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម រីកចម្រើន​ឥតឈប់ឈរ លើ​គ្រប់​វិស័យ​គ្រប់​កម្រិត ក្នុង​ស្មារតី​ភាតរភាព​ស្និទ្ធស្នាល ក្រោម​ពាក្យស្លោក “​អ្នកភូមិផង​ល្អ មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ស្អិតរ​មួ​ត និង​យូរអង្វែង​។​

​ក្នុងន័យនេះ សម្តេច ហេង សំរិន បង្ហាញ​ជំនឿ​ថា ក្នុង​អាណត្តិ​ការទូត​ថ្មី​នេះ លោក វូ ក្វាង​មិញ នឹង​បន្ត​ពង្រឹងពង្រីក​និង​លើកកម្ពស់​​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ នៃ​ប្រទេស​ទាំងពីរ​ឲ្យ​រឹងមាំ​ថែមទៀត ។​

​សម្តេច​ប្រធាន ក៏បាន​ស្នើ​ដល់​លោក​ឯកអគ្គរដ្ឋទូត សហការ​ជាមួយ​បណ្តា​ស្ថាប័ន​ក្រសួង មន្ទីរ ខេត្ត ក្រុង​នានា ជាពិសេស​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ សំដៅ​រួមគ្នា​អភិវឌ្ឍន៍ និង​កសាង​វិបុលភាព ជូន​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា រួមគ្នា​ថែរក្សា​សន្តិសុខ សន្តិភាព ស្ថិរភាព ដើម្បី​សេចក្តីសុខក្សេមក្សាន្ត របស់​ប្រជាជន​ទាំងសងខាង​។​

​សម្តេច​បញ្ជាក់ថា “​បេសកកម្ម​ការទូត​ថ្មី របស់​ឯកឧត្តម​នៅ​កម្ពុជា នឹង​រួមចំណែក​ដ៏​សំខាន់ ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែលមាន​ស្រាប់​ឲ្យ កាន់ តែ​ល្អប្រសើរ​ថែម​មួយកំរិត​ទៀត​” ។​

​ចំណែក​លោក វូ ក្វាង មិញ បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា លោក​ពិត​ជាមាន​កិត្តិយស ដែល​បានមក​បំពេញបេសកកម្ម​ការ​​ទូត​នៅ​កម្ពុជា ក្នុងខណៈដែល​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ប្រទេស​ទាំងពីរ​រឹងមាំ និង​រីកចម្រើន​លើ​គ្រប់​វិស័យ​៕​ដោយ​៖​វិបុល​/sn