សម្ដេចភក្តី សាយ ឈុំ និង​លោក ង្វៀន ហ្វ៊ូជុង អញ្ជើញ​សម្ភោ​ធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ

1105
ចែករម្លែក

(​ភ្នំពេញ​)៖ ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម​ថ្មី​មួយ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​សម្ភោ​ធ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា​ឆ្នាំ​២០១៧​នេះ​​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា និង លោក ង្វៀន ហ៊្វូ​ជុង​អគ្គលេខាធិការ​នៃ​គណបក្ស​​កុ​ម្មុនី​ស្ត​វៀតណាម​។​

​យោងតាម​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ដ មីន បាន​ឲ្យ​ដឹងថា ដោយត្រូវបាន​កសាងឡើង​នៅក្នុង​ឆ្នាំ​១៩៨៤ ស្កូ​ប​មិត្តភាព​កម្ពុជា​-​វៀត​ណា​ម​មាន​ផ្ទៃក្រឡា​សរុប​ចំនួន​៦.៧៦៦​ម៉ែត្រការ៉េ ហើយ​ចំណាយ​ថវិកា​សរុប​អស់​ចំនួន ៦៧០.២៧២​ដុល្លារ​។​

ថ្ងៃ​២២​កក្កដា​នេះ​ជា​ថ្ងៃ​បញ្ចប់ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់លោក​អគ្គលេខាធិកា​រ​នៃ​គណបក្ស​កុ​ម្មុនី​ស្ត​វៀតណាម​​រូបនេះ​ផងដែរ​។​

​សូមបញ្ជាក់ថា​ ​តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ង្វៀន ហ្វ៊ូ​ជុង​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២២ ខែកក្កដា ។​

​ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នេះ​លោក​អគ្គលេខាធិការ បាន​ជួប​ធ្វើ​ព្រះរាជសវនាការ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ជួប​សវនាការ​ជាមួយ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋ​​មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​អគ្គលេខាធិការ ក៏បាន​ចូល​ថ្វាយបង្គំ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស ព្រះមហា​សង្ឃរាជ​គណៈមហានិកាយ និង​សម្ដេចព្រះ​អភិ​សេរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី ព្រះមហា​សង្ឃរាជ​គណៈ​ធ​ម្ម​យុ​ត្តិ​និកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជួប​សំណេះសំណាល​ជាមួយ លោកជំទាវ ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម​។ លោក ង្វៀន ហ្វ៊ូជុង បាន​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ស្តូបសំណាក​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិខ្មែរ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​​អញ្ជើញ​មក​សម្ពោធ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម​នៅ​ខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ង្វៀន ហ្វ៊ូជុង ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​និង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ចំនួន​៤ ។
សេចក្តីថ្លែងការណ៍រួមមួយក៏ត្រូវបានធ្វើឡើងដែរកាលពីថ្ងៃទី២១ខែកក្កដា៕MN​ដោយ​៖​វាសនា​