សម្ដេច ហេង សំរិន​ ៖ គោលបំណង​រួម​របស់​APPF គឺ​ការកសាង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឲ្យទៅជា​តំបន់​មួយ​ដែលមាន​សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​ភាពសុខដុមរមនា

261
ចែករម្លែក

ដោយ:​សុផល​/សៀមរាប ៖ ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​លៀង​សាយ​ភោជន៍ ដើម្បី​ស្វាគមន៍​គណៈប្រតិភូ ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ ប្រចាំឆ្នាំ​នៃ​វេទិកាសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF)​លើក​ទី​២៧ នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​អគ្គ​មហា​ពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ បាន​មានប្រសាសន៍ថា ​៖ ការជួប​ជុំគ្នា​នា​រាត្រី​នេះ មិន​ត្រឹមតែ​បង្ហាញ​ពី​ការបន្ត​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​យើង​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​ឱកាស​បង្ហាញ​ដល់​ពិភពលោក​នូវ​តួនាទី​ដ៏​សំខាន់​របស់​(APPF) ក្នុងការ​ចែករំលែក​នូវ​តម្លៃ​ទស្សនៈ​ឧ​ត្ត​ម​គតិ និង​គោលបំណង​រួម ក្នុង​ការកសាង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឱ្យទៅជា​តំបន់​មួយ​ដែលមាន​សុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​ភាពសុខដុមរមនា​។​

​ថ្លែង​នៅក្នុង​ពិធី​លៀង​សាយភោជន៍​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ សម្ដេច​ប្រធាន បាន​មានប្រសាសន៍​បន្ថែមថា​ សភា​កម្ពុ​ជាមាន​មោទនភាព ដែល​ទទួលបាន​នូវ​ទំនុកចិត្ត និង​ការគាំទ្រ​ពីសភា​សមាជិក​ ​(APPF) ប្រទេស​សង្កេតការណ៍ និង​អង្គការ​ដៃគូ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ ហើយ​សង្ឃឹមថា ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ប្រតិភូ ទាំងអស់ នឹង​ធ្វើឱ្យ​កិច្ចប្រជុំ​ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​មាតុភូមិ​អង្គរ ដែលមាន​ប្រវត្តិ​រាប់ពាន់​ឆ្នាំ​មកហើយ​នោះ​ទទួលបាន​ជោគជ័យ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្ដេច​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​(APPF) ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង ការពិភាក្សា និង​អនុម័ត ជា​ឯកច្ឆន្ទ​នូវ​របៀបវារៈ និង​កម្មវិធី​ការងារ នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ និង​ជាពិសេស​ការគាំទ្រ​ដល់​សភា​អូស្ត្រាលី​ក្នុងការ ធ្វើជា​ម្ចាស់ផ្ទះ​បន្ទាប់ពី​កម្ពុជា​។​

សម្ដេច​ក៏បាន​បង្ហាញ​នូវ​មោទនភាព និង​ការពេញចិត្ត​ចំពោះ​សមិទ្ធផល​នានា​ដែល (APPF) សម្រេចបាន​ក្នុង​រយៈពេល​២៧​ឆ្នាំកន្លងមក ដែល​បាន​ដើរ តួនាទី​កាន់តែ​សំខាន់ ក្នុង​គោលដៅ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ដោយ​ផ្តោត​សំខាន់​លើ​បញ្ហានយោបាយ សន្តិភាព សន្តិសុខ ស្ថិរភាព សេដ្ឋកិច្ច សង្គម បរិស្ថាន ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ វប្បធម៌​និង​ការអភិវឌ្ឍ​ជា​មូលដ្ឋាន​៕B/