សម្ដែង​ចូលក្នុង​ទ្រុង​ចាក់សោ​ទម្លាក់​ចូល​ទន្លេ បាត់​ខ្លួន​ឈឹង​បង្ក​ការ​ឆោឡោ​

685
ចែករម្លែក

អ្នក​សម្ដែង​ភាព​អស្ចារ្យ​ជនជាតិ​ឥណ្ឌាម្នាក់​ដែល​បាន​ចូលក្នុង​ទ្រុង​ដែក ហើយ​ឱ្យគេ ចាក់សោ​ជាប់​ពី​ក្រៅ​ រួច​ទម្លាក់​ចូល​ទឹកទន្លេ​ហ្គា​ន​ហ្គា​(Ganga)​ឬ​ហ្គែ​ន​ជី​ស (Ganges) បាន​បាត់​ខ្លួន​រហូត មិនឃើញ​ងើប​មកវិញ ក្រោយ​សម្ដែង​ភ្លាត់ស្នៀត នេះ​បើ​យោងតាម​គេហទំព័រ​ម៉េ​លអន​ឡាញ ចុះផ្សាយ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា​។​
​ ​
​បុរស​ឈ្មោះ ចាន់​ចាល់ ឡា​ហ៊ី​រី (Chanchal Lahiri) ដែលមាន​ឈ្មោះ​សម្ដែង​ថា វី​ហ្សា​ដ ម៉ាន​ដ្រា​កេ (Wizard Mandrake) ខាងលើនេះ​ត្រូវបាន​រថយន្តស្ទូច​ទម្លាក់​ចូលទៅក្នុងទន្លេ​ទាំង​ខ្លួន​ជាប់​ក្នុង​ទ្រុង ខណៈ​គ្រួសារ​គាត់​គាត់ មហាជន ក្រុម​អ្នកសារព័ត៌មាន និង​ប៉ូលិស​ឈរ​ត្រៀបត្រា​ចាំមើល​ពី​មាត់ច្រាំង​។
​ ​
​មុនពេល​សម្ដែង គាត់​និយាយ​ហាក់ដូច​ឱ្យ​ប្រផ្នូល​ថា “​បើ​ខ្ញុំ​អាច​រំដោះខ្លួន​រួច នោះ​ជាវេទមន្ត​ដ៏​អស្ចារ្យ តែបើ​មិន​រួច វា​ជា​សោកនាដកម្ម​”​។
​ ​
​ប៉ុន្តែ​បុរស​វ័យ ៤០ ឆ្នាំ​រូបនេះ​មិនបាន​ងើប​ពី​ទឹកទន្លេ​វិញ​ឡើយ បង្ក​ការ​ឆោឡោ​យ៉ាងខ្លាំង ហើយ​កម្លាំង​សមត្ថកិច្ច​ក៏បាន​មុជទឹក​រាវរក​ភ្លាមៗ ប៉ុន្តែ​រក​មិនឃើញ​។
​ ​
​សាច់ញាតិ​ម្នាក់​របស់​បុរស​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា “​យើង​កំពុងតាមរក​គាត់​នៅឡើយ​”​។
​ ​
​សូមបញ្ជាក់ថា មុនពេល​កើតហេតុ លោក ចាន់​ចាល់ ឡា​ហ៊ី​រី និយាយថា គាត់​ធ្លាប់សម្ដែង​ភាព​អស្ចារ្យ​ស្រដៀង​នេះ​នៅ​កន្លែង​ដដែល​នេះ​ម្តង​កាលពី ២១ ឆ្នាំមុន ដោយ​ទទួលបាន​ជោគជ័យ​៕ ប្រែ​សម្រួលៈ​ខុម​/Ha

#