សម្តេចក្រឡាហោម ស្នើមន្រ្ដីពាក់ព័ន្ធត្រូវខិតខំទប់ស្កាត់ ការលក់ឱសថក្លែងក្លាយ

1017
ចែករម្លែក
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ

(ខេត្តបាត់ដំបង) ៖ ​​ សម្តេច​ក្រឡាហោម ស ខេង ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​ការ​លក់​ឱសថ ​ក្លែងក្លាយ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​នូវ​ថ្នាំពេទ្យ​ទាំងឡាយ កុំ​គ្រាន់តែ ​ឃើញ​ថ្នាំ​មាន​សោភ័ណ​ភាពល្អ ​គិតថា​ លេប​ទៅ​ត្រូវ​នោះ​ គឺ​មិនមែន​ទេ វា​អាច​គ្រោះថ្នាក់​ទៅវិញ​ក៏​ថា​បាន​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ​ស ខេង បាន​ប្រាប់​ដល់​បណ្ដា​គ្លីនិក​ និង​ឱស​ថស្ថាន​លក់​ថ្នាំពេទ្យ​ទាំងអស់ មិន​ត្រូវ​លក់​ថ្នាំ​ដល់​ប្រជាពលរដ្ឋ ដែល​មិន​មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ត្រឹមត្រូវ​នោះទេ ​ព្រោះ​អាច​មាន​គ្រោះថ្នាក់​កាន់តែខ្លាំង​។

 

ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​អគារ​ព្យាបាល​ជំងឺ​ថ្មី នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ​នៅ​ថ្ងៃ ទី​១៤ ខែមីនា ​នេះ សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ​គ្លីនិក​ទាំងឡាយ អ្នកលក់​ថ្នាំ​ទាំងឡាយ ​គឺ​មិនត្រូវ លក់ដាច់​ខាត ​នៅពេល​អ្នក​ទៅ​ទិញ​គ្មាន​វេជ្ជបញ្ជា គ្មាន​សំបុត្រ​ពេទ្យ​ ទាល់តែ​មាន​ទើប​អាច​ទិញ​បាន​។

 

សម្តេច​ក្រឡាហោម បាន​ជំរុញ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ការ​នាំ​ចូល​ និង​ការ ដាក់​លក់​ឱសថ​ក្លែងក្លាយ​ឲ្យ​បាន​តឹងរឹង ​ព្រោះ​កន្លងមក កម្ពុជា​ធ្លាប់​ដុត​បំផ្លាញ​ថ្នាំ​ក្លែងក្លាយ​ជាង​៨០​តោន ហើយ​នៅ​ពេល​ខាងមុខនេះ​ នឹង​ដុត​កម្ទេច ចំនួន​៦០​តោន​ទៀត​។

 

សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់​ជំនួយ​ឥត សំណង​ សាងសង់​អគារ​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ​ព្រោះ​សកម្មភាព​នេះ​ គឺ​បាន​ចូល រួមចំណែក​ពង្រឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕ ដោយ ៖ វិបុល