សម្តេចក្រឡាហោម ស ខេង ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស

198
ចែករម្លែក

ដោយ:បាយ័ន/សៀមរាប ៖ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា ប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ប្រទេសទាំងបី ជាប្រទេសជិតខាងគ្នា មានវប្បធម៌ប្រហាក់ប្រហែលគ្នា មានព្រំដែនជាប់ជាមួយប្រទេសថៃដូចគ្នា ហើយប្រជាពលរដ្ឋយើង ក៏បាននឹងកំពុងតែនាំគ្នាទៅធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់យ៉ាងច្រើន។

ខណៈមួយចំនួន បាននឹងកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងដំណើរការទេសន្តរប្រវេសន៍ តាំងពីចាកចេញ នៅកន្លែងធ្វើការ រហូតដល់ពេលត្រឡប់មកវិញ បើទោះបីជាការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋ ក្នុងការជ្រើសរើសការងារ មុខរបរ និងទីកន្លែងរស់នៅ តែទន្ទឹមនឹងនោះ សិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់ពលករក៏ត្រូវតែទទួលបាននូវការគោរព និងលើកកម្ពស់ផងដែរ ។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា ការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋ ក្នុងការជ្រើសរើសការងារ មុខរបរ និងទីកន្លែងរស់នៅ តែយើងក៏ត្រូវគិតអំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់ពលករ ការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើង ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ ដែលបញ្ហាទាំងនេះ គឺជាតួនាទីរបស់ប្រទេសយើងទាំងបី ដែលជាប្រទេសបញ្ជូន ចាំបាច់ត្រូវរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួម។

សម្តេចបានបន្ថែមទៀយថា ទោះបីជាប្រទេសនីមួយៗ មានរបៀបគ្រប់គ្រង បទដ្ឋាន និងនីតិវិធីក្នុងការអនុវត្តដោយឡែកៗពីគ្នាក៏ពិតមែន ប៉ុន្តែក៏មានទាំងចំណុចល្អ ទាំងចំណុចខ្វះខាត ដូច្នេះ ការពិភាក្សា ដើម្បីរិះរកស្តង់ដាអនុវត្តមួយ ដែលសមស្របសម្រាប់ប្រទេសទាំងបី គឺជាការចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករ ក៏ដូចជាកាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍ និងផលប៉ះពាល់អវិជ្ជមានចំពោះពលករ គ្រួសារ និងសង្គមជាតិយើង។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមទៀតថា មានកិច្ចការជាច្រើនដែលត្រូវធ្វើតាមប្រទេសរៀងៗខ្លួន តែក៏មានកិច្ចការខ្លះដែលទាមទារឲ្យមានកិច្ចសហការជាមួយគ្នា ដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធន៍ សម្រាប់ការដោះស្រាយបញ្ហារួម និងមានចំណុចសេសសល់មួយចំនួនទៀត ដែលត្រូវលើកយកទៅពិភាក្សាជាមួយភាគីថៃ ដែលជាប្រទេសគោលដៅ ដើម្បីមានវិធានការរួមគ្នា រវាងប្រទេសបញ្ជូន និងប្រទេសទទួល ក្នុងកិច្ចការពារ សិទ្ធិមនុស្ស សិទ្ធិពលករ និងការបែងចែកផលប្រយោជន៍រវាងពលករ និងនិយោជិក និងការចែករំលែកការទទួលខុសត្រូវរវាងប្រទេសបញ្ជូន និងប្រទេសទទួល ដើម្បីលើកកម្ពស់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Safe, Orderly and Regular Migration)៕B/