សម្តេចក្រុមព្រះ​មាន​ព្រះរាជសុខភាព​ល្អប្រសើរ​ឡើងវិញ​បន្ទាប់ពី​ចូល​ពេទ្យ​ជាង​មួយខែ​

501
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ បន្ទាប់ពី​ចូល​សម្រាក​ព្យាបាល​ព្រះរាជសុខភាព​នៅ​មន្ទីរពេទ្យ​ជាង ១​ខែ ព្រះរាជសុខភាព​សម្តេច​ក្រុមព្រះ​នរោត្តមរណឫទ្ធិ​គឺ​មកដល់ពេលនេះ​មាន​ភាពល្អប្រសើរ​ឡើងវិញ​ហើយ និង​អាច​ចេញពី​មន្ទីរពេទ្យ​នៅពេល​ឆាប់ៗ​នេះ​។ នេះ​បើ​យោងតាម​លោក​ណុប សុធា​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​។

​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​បាន​ចូល​សម្រាក​ព្យាបាល​ព្រះរាជសុខភាព​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ គឺ​ចាប់តាំងពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ រហូតមកដល់​ត្រឹម​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩ អស់​រយៈពេល​ជាង ១​ខែ​ហើយ​។​ប៉ុន្តែ​គ្រូពេទ្យ​នៅ​មិនទាន់​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​ទេ​។

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ថា​“​ព្រះរាជសុខភាព​សម្តេច​ក្រុមព្រះ​មាន​ភាពល្អប្រសើរ​ឡើងវិញ​ហើយ​ព្រះអង្គ​មាន​ជំងឺ​ឆ្អឹង​។​ព្រះអង្គ​បាន​ចូល​ពិនិត្យ​និង​ព្យាបាល​ព្រះរាជសុខភាព​តាំងពី​ថ្ងៃទី​២២​ខែឧសភា​រហូតមកដល់​ត្រឹម​ថ្ងៃទី​២​ខែកក្កដា​ជាង​មួយខែ​ហើយ​។​

ព្រះអង្គ​នឹង​ចេញពី​មន្ទីរពេទ្យ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​ដោយ​រង់ចាំ​ក្រុម​វេជ្ជបណ្ឌិត​វាយតម្លៃ​ពី​ព្រះរាជសុខភាព​ព្រះអង្គ​ជាមុនសិន​ទើបបាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​។​ហើយ​រហូតមក​ដល់ពេលនេះ​ព្រះអង្គ​អាចមាន​បន្ទូល​ទំនាក់ទំនង​គ្នា​បាន​”​។​

​សូមជម្រាបថា ការចូល​សម្រាក​ព្យាបាល​ព្រះរាជសុខភាព​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​រយៈពេល​ជាង​មួយខែ​នេះ​គឺ​មិនមែន​ដោយសារ​ជំងឺ​ចាស់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ​។

​គឺ​ដោយសារ​ព្រះអង្គ​បាក់ឆ្អឹង​ត្រគៀក​នៅ​ដំណាក់​វាល​ស្បូវ​។​ខណៈពេលដែល​ព្រះអង្គ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​គឺមាន​មន្ត្រី​មួយចំនួន​បាន​រក​ម៉ូយ​លក់​ទីស្នាក់ការ​គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពង់ឆ្នាំង​ដើម្បី​យកលុយ​មក​ព្យាបាល​ជំងឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​៕S/

​រូប​ថ​តៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (​រូប​ថ​តៈ​ឯកសារ​)​