សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ ជួបគ្នា​រឿង​បង្រួបបង្រួម​

9412
ចែករម្លែក
លោកញឹក ប៊ុនឆៃ (រូបឯកសារ)

ដោយៈ វង្ស សុភាព​/​ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ជួបគ្នា​ស្ងាត់ៗ នៅ​ដំណាក់​វាល​ស្បូវ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ បន្ទាប់ពី​មានការ​បែកបាក់​រវាង​គណបក្ស​រាជានិយម​ជាច្រើន​ឆ្នាំ​។
​ការជួបគ្នា​រវាង​មេដឹកនាំ​គណបក្ស​រាជានិយម​ទាំងពីរ​នេះ គឺ​តាមរយៈ​ម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​រី រណឫទ្ធិ​។ នេះ​បើតាម​ប្រភព​ដែល​ស្និ​ទ្ធិ​នឹង​សម្តេចក្រុមព្រះ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩​។​


​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​រស្មី​កម្ពុជា​ថា នៅក្នុង​ការជួបគ្នា​រវាង​សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ​ជាមួយ​លោក​ញឹក​ប៊ុនឆៃ​នៅ​ដំណាក់​វាល​ស្បូវ​គឺ​សម្តេចក្រុមព្រះ​បាន​មានបន្ទូល​អំពី​ការបង្រួបបង្រួម​រវាង​គ្នា​ឡើងវិញ ពោលគឺ​រវាង​អ្នករាជានិយម និង​សីហនុ​និយម កុំ​ឲ្យ​មានការ​បែកបាក់​គ្នា​តទៅទៀត​។ ចំណែក​លោក ញឹក ប៊ុនឆៃ បាន​ទទួលយក​ការបង្រួបបង្រួម​គ្នា ហើយ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​កើតមាន​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នៅពេលដែល​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច យាង​មកពី​ប្រទេស​បារាំង​វិញ​។​

សម្តេចក្រុមព្រះនរោត្តមរណប្ញទ្ធិ(រូបឯកសារ)


​ ​ទាក់ទិន​នឹង​ព័ត៌មាន​នេះ លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​រស្មី​កម្ពុជា​ថា លោក​ពិតជា​បាន​ជួប​ជាមួយ​សម្តេចក្រុមព្រះ នៅ​ដំណាក់​វាល​ស្បូវ​មែន​ដោយ​ជំនួប​នោះ​គឺ​បានធ្វើ​ឡើង​កាលពី បី​ទៅ​បួន​ថ្ងៃ​មុននេះ តាមរយៈ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី រណឫទ្ធិ​។ លោក​បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​គាល់​សម្តេចក្រុមព្រះ នៅ​ដំណាក់​វាល​ស្បូវ នឹង​បាន​ថ្វាយបង្គំ​ព្រះអង្គ​តាមរយៈ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ នរោត្តម ម៉ា​រី រណឫទ្ធិ​។ នៅពេល​ជួប​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ព្រះអង្គ​ក៏បាន​ទូលថ្វាយ​សម្តេចក្រុមព្រះ ហើយ​សម្តេចក្រុមព្រះ​ក៏បាន​យាង​ចេញមក ខ្ញុំ​ក៏បាន​គាល់​លោក​នៅ​ដំណាក់​វាល​ស្បូវ​។ ទាំង​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ និង​ទាំង​អ្នក​នៅ​បម្រើ​ព្រះអង្គ មានការ​ឆ្ងល់​ដែរ​ថា ព្រះអង្គ​មានបន្ទូល​ពីមុនមក​បាន​តែមួយ​ម៉ាត់ៗ​ទេ អត់​មានបន្ទូល​អី​បាន​ច្រើន​ទេ ដល់ពេល​ថ្ងៃ​ដែល​ខ្ញុំ​ទៅ​គាល់​លោក លោក​សប្បាយរីករាយ​ក្នុង​ព្រះទ័យ ស្រាប់តែ​លោក​មានបន្ទូល​បាន​វិញ​ទាំងអស់ ទាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ក៏​ឆ្ងល់​ដែរ​ថា លោក​អត់​មានបន្ទូល​បានទេ កន្លងមក ហេតុ​អី​បានឃើញ​ខ្ញុំ​ទៅ ស្រាប់តែ​លោក​មានបន្ទូល​វិញ ហើយ​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​សួរ​ព្រះអង្គ​ថា ស្គាល់​ទេ​អ្នកណា ព្រះអង្គ​ថា ស្គាល់​តា​ឯកឧត្តម ញឹក ប៊ុនឆៃ​”​។​


​ ​លោក​បាន​បញ្ជាក់ថា នៅពេល​គាល់​សម្តេចក្រុមព្រះ ព្រះអង្គ​បាន​បន្ទូល​ឲ្យ​រួបរួមគ្នា​ទៅ ប្រមូល​អ្នករាជានិយម អ្នក​សីហនុ​និយម រួបរួមគ្នា​។ លោក​ក៏​មិនបាន​លើក​អ្វី​ច្រើន​ដែរ គ្រាន់តែ​សួរ​អំពី​ព្រះរាជសុខភាព​របស់​ព្រះអង្គ និង​ថ្វាយព្រះពរ​ព្រះអង្គ​។
​លោក បាន​បន្តទៀតថា “​ព្រះអង្គ​មានបន្ទូល​ពីរ​បី​ចំណុច​ពាក់ព័ន្ធ​ដល់​ការបង្រួបបង្រួម​គ្នា​រវាង អ្នក​សីហនុ​និយម និង​អ្នករាជានិយម​ដើម្បី​ជួយ​ដល់​ប្រទេសជាតិ​ជួយ​ដល់​ប្រជាជន​កុំ​គិត​រឿង​អតីតកាល​ហើយ​ព្រះអង្គ​មិនមាន​បន្ទូល​អ្វី​ផ្សេងទៀត​ទេ​”​។​


​ ​សូម​រម្លឹកថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ជួប​វិបត្តិ​នៃ​ការបែកបាក់​ផ្ទៃក្នុង​ដ៏​ធំ​មួយ​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០០៦​។ កាលនោះ​សម្តេចក្រុមព្រះ​បាន​ភៀស​ព្រះកាយ​ចេញពី​ប្រទេស​កម្ពុជា រហូត​ឈានទៅដល់​បង្កើត​គណបក្ស​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះ​ព្រះអង្គ​ផ្ទាល់​ខ្លួនឯង គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​។​
​គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កើតចេញពី​រាជានិយម​តែមួយ​បាន​ថយចុះ​សំឡេង​ពី ៥៨​អាសនៈ កាលពី​ឆ្នាំ​១៩៩៣ មក​នៅត្រឹមតែ ២​អាសនៈ​ដូចគ្នា​តែប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០៨ បន្ទាប់ពី​គណបក្ស​ទាំងពីរ​បាន​ពុះ​បំបែកចេញ​ជា​ពីរ​។


​បន្ទាប់ពី​ការបែកបាក់ គណបក្ស​រាជានិយម​ទាំងពីរ គឺ​គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០១២​បាន​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​គ្នា​ឡើងវិញ​បន្ទាប់ពី​បាន​ខ្វែងគំនិត​ខាង​ផ្លូវ​នយោបាយ​អស់​រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ​។ ការសម្រេច​ចងសម្ព័ន្ធ​គ្នា​ឡើងវិញ​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​នេះ​បាន​ធ្វើឡើង​នៅឯ​វិមាន​សន្តិភាព​ដែលជា​អគារ​របស់​រដ្ឋាភិបាល​ក្រោម​ការសម្របសម្រួល​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​ក្រោយមកទៀត ក៏មាន​ការបែកបាក់​គ្នា​សារជាថ្មី​រហូតមកដល់​ពេល​ច្ចុ​ប្បន្ន​៕​សរន​