សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ សម្រេច​បង្កើត​ក្រុមការងារ​បង្រួបបង្រួម​បក្ស​

980
ចែករម្លែក
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​ញឹក ប៊ុនឆៃ ជួបគ្នា (​រូប​ថ​តៈ មុនី​រ័ត្ន​)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: នៅមុន​ការធ្វើ​សមាជ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មេដឹកនាំ​នៃ​គណបក្ស​ទាំងពីរ គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​ញឹក ប៊ុនឆៃ បាន​ជួបគ្នា​នៅក្នុង​ភោជនីយដ្ឋាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​ជជែក​ពិភាក្សា​អំពី​ការ​បង្រួប​ង្រួ​មរ​វា​ងគ​ណ​បក្ស​រាជានិយម​ទាំងពីរ​ឲ្យ​ទៅជា​គណបក្ស​តែមួយ ស្ថិតនៅក្រោម​ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​៣០ ខែតុលា ថា នៅក្នុង​ជំនួប​នេះ ភាគី​ទាំង​ពីរបាន​ផ្តោត​សំខាន់​ទៅលើ​ការបង្រួបបង្រួម​គ្នា​ឡើងវិញ​រវាង​អ្នករាជានិយម និង​អ្នក​សីហនុ​និយម​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយ​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ដោយ​ម្ខាង​មាន​សមាសភាព​ចំនួន​បី​រូប ដើម្បី​ពិនិត្យ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង រួមទាំង​គោលការណ៍​មួយចំនួនទៀត ដើម្បី​ជៀសវាង​កុំ​ឲ្យ​បញ្ហា​ដូច​លើក​មុនៗ​។ លោក​ញឹក ប៊ុនឆៃ បានដាក់​សមាសភាព​ក​ក្រុមការងារ​ចំនួន​បី​រូប​ថ្វាយ​សម្តេចក្រុមព្រះ​រួចរាល់​អស់ហើយ​។​

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​ញឹក ប៊ុនឆៃ ជួបគ្នា (​រូប​ថ​តៈ មុនី​រ័ត្ន​)


​ ​ប្រភព​ដដែល​បាន​បង្ហើប​ថា សមាសភាព​ក្រុមការងារ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​បី​រូប គឺអាច​មាន​លោក​ហេង ចន្ថា លោក​ឆឹង ចំរើន និង​លោក​ផាន់ សុធី​។ ប៉ុន្តែ​សមាសភាព​បី​រូបនេះ សម្តេចក្រុមព្រះ នៅ​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​។​
​ ​ចំណែក​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា ការជួបគ្នា​រវាង​រូបលោក​ជាមួយ​សម្តេចក្រុមព្រះ គឺ​ផ្តោត​សំខាន់​ទៅលើ​ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស​ទាំងពីរ ។ ហើយ​បាន​បង្កើត​ក្រុមការងារ​ម្ខាង​បីនាក់ គឺ​ខាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ចាត់តាំង​រួចហើយ មានដូចជាៈ លោក​អ៊ុំ សុម​ន្ថា អនុប្រធាន​គណបក្ស លោក​សុខ វិសាល អគ្គលេខាធិការ​គណបក្ស និង​លោក​រស់ ឆេង នាយក​ខុទ្ទកាល័យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ នៅពេល​បង្កើត​ក្រុមការងារ​ទាំងពីរ​រួច គឺ​នឹង​ចាប់ផ្តើម​ជជែក​ការងារ​រៀបចំ​បញ្ចូល​គ្នា និង​ពិនិត្យមើល​វិសោធនកម្ម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក​ញឹក ប៊ុនឆៃ ជួបគ្នា (​រូប​ថ​តៈ មុនី​រ័ត្ន​)


​ ​លោក​បាន​បញ្ជាក់ថា “​ការបញ្ចូល​គ្នា​លើក​នេះ អត់​ធ្វើ​ដូច​បី​លើក​មុនៗ​ទេ ហើយ​មាន​ប៉ុន្មាន​ដាក់ចូល​គ្នា​ទាំងអស់ ហើយ​យកទៅ​ធ្វើការ​ជ្រើសរើស ហើយ​សំខាន់​យើង​បាន​យក​គោលការណ៍​ប្រាំ​ចំណុច ទី​១.​យក​អ្នក​ដែល​ស្មោះត្រង់​ជាមួយ​គណបក្ស និង​ស្មោះត្រង់​ជាមួយ​សម្តេចក្រុមព្រះ​, ទី​២.​ជ្រើសរើស​អ្នកមាន​សមាសភាព និង​បទពិសោធន​ក្នុងការ​ដឹកនាំ​, ទី​៣.​លទ្ធភាព​, ទី​៤.​ប្រជាប្រិយភាព និង​សកម្មភាព និង​ទី​៥.​អ្នក​ដែលមាន​ជំហរ​រួបរួម ពីព្រោះ​អ្នកខ្លះ​មាន​ជំហរ​មិន​រួបរួម​ទេ​…​។ ចំណែក​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​មាន​ប្រជាធិបតេយ្យ នៅក្នុង​ការគ្រប់គ្រង​គ​ណ​បក្ស​តាមបែប​ប្រជាធិបតេយ្យ កុំ​ឲ្យ​បក្ខពួកនិយម ក្រុម​គ្រួសារនិយម កុំ​ឲ្យ​មាន​អំពើពុករលួយ​”​។​
​ ​លោក​ញឹក ប៊ុនឆៃ បានបញ្ជាក់​ទៀតថា ការរួបរួម​គ្នា​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ឲ្យ​សម្តេចក្រុមព្រះ ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សមាសភាព​ផ្សេងទៀត រង់ចាំ​ការជជែក​គ្នា​បន្តទៀត​។ លោក​សង្ឃឹមថា ការរួបរួម​រវាង​គ​ណ​បក្ស​ទាំងពីរ គឺ​លែង​បែកបាក់​គ្នា​ដូច​លើក​មុនៗ​ទៀតហើយ គឺ​សំខាន់​មេដឹកនាំ​ដែលជា​ប្រធាន​មាន​ជំហរ​រួបរួម ហើយ​ត្រូវ​ជ្រើសរើស​មនុស្ស​ដែលមាន​ជំហរ​ស្មោះត្រង់​។​
​គួរ​បញ្ជាក់ថា ការបង្រួបបង្រួម​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​នេះ បាន​កើតឡើង​បន្ទាប់ពី​ជំនួប​រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយ​លោក​ញឹក ប៊ុនឆៃ ចំនួន​បួន​លើក គឺ​នៅ​ថ្ងៃទី​១៣-១៨-២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​ដំណាក់​វាល​ស្បូវ​។ រីឯ​លើក​ទី​៤ គឺ​កើតឡើង​នៅ​ថ្ងៃទី​៣០ ខែតុលា សម្តេចក្រុមព្រះ និង​លោក​ញឹក ប៊ុនឆៃ បាន​ជួបគ្នា​ម្តងទៀត​។ នៅក្នុង​ជំនួប​សម្តេចក្រុមព្រះ​មានគំនិត​ផ្តួចផ្តើម​ឲ្យ​មានការ​បង្រួបបង្រួម​អ្នករាជានិយម និង​អ្នក​សីហនុ​និយម​ឡើងវិញ​។
​សូម​រម្លឹកថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បែកបាក់​ផ្ទៃក្នុង​ដ៏​ធំ​មួយ​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០០៦​។ កាលនោះ​សម្តេចក្រុមព្រះ​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះ​ព្រះអង្គ​ផ្ទាល់​ខ្លួនឯង គឺ​គណបក្ស​នរោត្តម រណឫទ្ធិ​។​
​គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​កើតចេញពី​រាជានិយម​តែមួយ​បាន​ថយចុះ​សំឡេង​ពី ៥៨​អាសនៈ កាលពី​ឆ្នាំ​១៩៩៣ មក​នៅត្រឹមតែ ២​អាសនៈ​ដូចគ្នា​តែប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០០៨ បន្ទាប់ពី​គណបក្ស​ទាំងពីរ​បាន​ពុះ​បំបែកចេញ​ជា​ពីរ​។
​បន្ទាប់ពី​ការបែកបាក់ គណបក្ស​រាជានិយម​ទាំងពីរ គឺ​គណបក្ស​នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ បាន​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធភាព​គ្នា​ឡើងវិញ​បន្ទាប់ពី​បាន​ខ្វែងគំនិត​ខាង​ផ្លូវ​នយោបាយ​អស់​រយៈពេល​ជាង​ប្រាំមួយ​ឆ្នាំ​។​ក្រោយមកទៀត ក៏មាន​ការបែកបាក់​គ្នា​សាជាថ្មី​រហូតមក​ដល់ពេល​ច្ចុ​ប្បន្ន​៕សរន

ក្រុមមន្រ្តីទាំងសងខាងពេលជួបគ្នា