សម្តេចក្រុមព្រះ មិនទាន់​ដឹង​អ្នក​ម្នាង អ៊ុក ផល្លាសុគត ខណៈ​សព​បូជា​ព្រឹក​នេះ​

444

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅ​មិនទាន់​បានដឹង​ពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា នៅឡើយ​ទេ ខណៈ​សព​របស់​អ្នក​ម្នាង ត្រូវ​បូជា​នៅ​ព្រឹក ថ្ងៃទី​២០ ខែមិថុនា​នេះ​។ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅ​ព្រឹក​ថ្ងៃទី​២០​ខែមិថុនា​នេះ​។​

​ប្រភព​ដដែល​​បញ្ជាក់ថា ស្ថានភាព​ព្រះរាជសុខភាព​របស់​ស​ម្ដេច​ក្រុមព្រះ បាន​ធូរស្បើយ​បន្តិច​ហើយ​។ ព្រះរាជបុត្រ (​ព្រះរាជបុត្រ​របស់​សម្ដេច​ក្រុមព្រះ និង​ម្ចាស់​ក្ស​ត្រី​ម៉ា​រី​) ជា​អ្នក​មើលថែ​សម្ដេចក្រុមព្រះ​ដោយផ្ទាល់ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មានការ​សួរសុខទុក្ខ​ពី​មន្ដ្រី​ណា​ម្នាក់​នោះទេ​។​ព្រះអង្គកំពុងសម្រាកព្យាបាលនៅប្រទេស​ថៃ។

​តាម​កម្មវិធី​សព​អ្នក​ម្នាង អ៊ុក ផល្លា និង​រំកិល​ចេញពី​ក្នុង​វត្ត​បទុម​វ​ត្តី​នៅវេលា​ម៉ោង​៧​ព្រឹក រួច​ហែរ​ចេញពី​ក្នុង​វត្ត​ឆ្ពោះទៅកាន់​កន្លែង​បូជា នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី ដោយ​ធ្វើ​ពិធី​សាសនា​។ បន្ទាប់ពី​ចប់​ការធ្វើ​ពិធី​សាសនា​រូ​ច សព​អ្នក​ម្នាង​នឹងត្រូវ​បូជា​ជាការ​លាគ្នា​ចុងក្រោយ ដោយ​ក្តី​ក្តុកក្តួល​អាឡោះអាល័យ​។​

លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​នៅ​កន្លែង​បូជា​អ្នក​ម្នាង អ៊ុក ផល្លា ថា ស្ថានភាព​ជំងឺ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានការ​ធូរស្បើយ​ជាង​មុន គឺ​គ្រាន់បើ​បាន​ច្រើន ដោយមាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​ក្រុម​វេជ្ជបណ្ឌិត​មើលថែ​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ស្ថានភាព​សម្តេចក្រុមព្រះ ការពារ​ដោយ​សុវត្ថិភាព​ទាំង​សន្តិសុខ ទាំង​វេជ្ជបណ្ឌិត​។ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំងប្រទេស​ជ្រាប​ជា​ព័ត៌មាន​ថា សម្តេចក្រុមព្រះ​អត់​មាន​បញ្ហា​អី​ធំដុំ​ទេ លោក​នៅតែមាន​សភាព​ក្លាហាន ហើយ​លោក​នឹង​ឆាប់​យាង​ត្រឡប់មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច វិញ​ទេ សូម​បងប្អូន​អ្នកគាំទ្រ​កុំ​មាន​ភាព​តក់ស្លុត​”​។​

​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ថា ចំពោះ​ការទទួល​មរណភាពរ​បស់​អ្នក​ម្នាង អ៊ុក ផល្លា គឺ​សម្តេចក្រុមព្រះ នៅ​មិនទាន់​បា​ជ្រាប​នៅឡើយ​ទេ ហើយ​អំពី​ព័ត៌មាន​បូជា​អ្នក​ម្នាង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា នេះ ក៏​ព្រះអង្គ​មិនទាន់បាន​ជ្រាប​ដែរ​។ “​ព្រះអង្គ​មិនទាន់​ជ្រាប​ពី​សព​អ្នក​ម្នាង​បូជា​ទេ មកទល់​ម៉ោង​នេះ យើង​អត់​មាន​ទូលថ្វាយ​សម្តេចព្រះ​ប្រធាន អំពី​មរណភាព​របស់​អ្នក​ម្នាង​ជាដាច់ខាត ដោយសារ​យើង​យល់ឃើញថា ទុក​ឲ្យ​ព្រះអង្គ​លោក​ថែ​ព្រះរាជសុខភាព​ដោយ​យកចិត្ត​ទុ​ដាក់​ឆាប់​បានជា​សះស្បើយ​។ ក៏ប៉ុន្តែ​ម្យ៉ាងវិញទៀត​ដែល​យើង​បារម្ភ ក្រោយពី​ល​លោក​សះស្បើយ​យាង​ត្រឡប់មកវិញ លោក​សួររក​ព្រះ​ជាយា​របស់លោក ថា​តើ​ង​យើង​គួរ​ទូល​ល​ថ្វាយ​នៅពេលណា ស្ថានភាព​ណាមួយ​”។

សូម​រម្លឹកថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​នៅផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បាន​សុ​គត់​៕ ល​