សម្តេចចក្រី ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនិងឡាវ

867
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៨ ខែឧសភា​ ឆ្នាំ២០១៩ តាមជើងយន្តហោះពិសេស។

ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសជិតខាងទាំងពីរនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម និង លោកស្រី ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩និងនៅប្រទេសឡាវពីថ្ងៃទី៣០​ ខែឧសភា​ ដល់ថ្ងៃទី១​ខែមិថុនា​ ឆ្នាំ២០១៩។

កំឡុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម គណៈប្រតិភូ នឹងជួបសវនាការនិងពិភាក្សាការងារទ្វេភាគីជាមួយលោកស្រីង្វៀន ធីគីមងិន(NGUYEN THI KIM NGAN)ប្រធានរដ្ឋសភាវៀតណាម​ព្រមទាំង ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ង្វៀន ភូជុង (NGUYEN PHU TRONG) អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម។

គណៈប្រតិភូរដ្ឋសភា ក៏នឹងជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តីវៀតណាម,លោក ជិន ថាញ់មិន(TRAN THANH MAN) ប្រធាន​គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។​

ឆ្លៀតឱកាសក្នុងពេលបំពេញទស្សនកិច្ចនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន គ្រោង អនុញ្ញាតឲ្យ លោក វូ ម៉ៅ (VU MAO) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម ផងដែរ។

នៅក្នុងប្រទេសវៀតណាមនេះ ប្រធានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ​ កម្ពុជា-វៀតណាម គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ចំណែកនៅក្នុងប្រទេសឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ផានី យ៉ាថូទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ។ ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ប៊ុនញ៉ាំង វ៉ូរ៉ាជិត (BOUNHANG VORACHITH) ប្រធានាធិបតីឡាវ។

នៅក្នុងដំណើរទស្សនកិច្ចនៅឡាវនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងឡាវ ក៏មានកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោង រវាងអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវផងដែរ៕B/