សម្តេចតេជោដាក់ផែនការជំរុញការតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋ ឲ្យបានដល់ភូមិទូទាំងប្រទេសនៅឆ្នាំ ២០២៥

236
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសជំរុញផែនការ តភ្ជាប់បណ្តាញរដ្ឋទៅកាន់ភូមិឃុំនៅទូទាំងប្រទេសឲ្យបានអស់នៅក្នុងឆ្នាំ ២០២៥ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់អគ្គិសនីរបស់រដ្ឋដែលមានតម្លៃថោក ។ សម្តេចបានបញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ភូមិ ឃុំប្រជាជនចំនួន ៩២ ភាគរយនៅទូទាំងប្រទេសបានទទួលបណ្តាញអគ្គិសនី របស់រដ្ឋប្រើបា្រស់ ។

សម្តេចបានប្រកាសជំរុញផែនការតភ្ជាប់អគ្គិសនីរដ្ឋទៅតាមភូមិ ឃុំទូទាំង​ប្រទេសនេះ​ នៅក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹក ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ។

សម្តេចបានមានប្រសាសន៍ថា៖ ខ្ញុំបានសម្រេចកាលពីថ្ងៃ២២ ខែ តុលាឆ្នាំ ២០១៩ ថា រាជរដ្ឋាភិបាលនឹងមិនយកប្រាក់ភាគលាភចេញពីប្រាក់ចំណេញ របស់​ក្រុមហ៊ុនអគ្គិសនីកម្ពុជានោះទេ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២៥ ដោយចាត់ទុក​ប្រាក់ភាគលាភនេះជាទុនរបស់រដ្ឋបន្ថែមជួយវិនិយោគទៅលើ វិនិយោគ​បណ្ដាញអគ្គិសនីនៅតំបន់ជនបទ ជាពិសេសតំបន់ដែលប្រជាជនមិនទាន់មាន​អគ្គិសនី​ផ្ទាល់ពីបណ្ដាញជាតិ ។ សម្តេចបានហៅការសម្រេច បែបនេះដោយសារ​ថា​ការមិនយក​ប្រាក់ភាគលាភ ៥ ឆ្នាំកន្លងទៅបានជួយបង្កើនទុនវិនិយោគ​អគ្គិសនីកម្ពុជាមានលទ្ធភាពពង្រីកបណ្ដាញអគ្គិសនីទៅ កាន់ភូមិប្រជាជន​ប្រកបដោយផ្លែផ្កាជាទីមោទនៈ។

សម្តេចតេជោបានបន្តថា យើងបានយកអគ្គិសនីពង្រីកអគ្គិសនី​ដោយយើង​មិនបានយកប្រាក់ចំណេញរបស់អគ្គិសនីដើម្បីបង់ចូលថវិកាជាតិទេ ក៏ប៉ុន្តែពន្ធផ្សេងៗបានបង់ចូលថវិកាជាតិ ។ ក៏ប៉ុន្តែប្រាក់ចំណេញប៉ុន្មានបាន​វិនិយោគ​មកដល់ពេលនេះគឺមានចំនួន ៩២ ភាគរយហើយភូមិប្រជាជនដែលបាន ទទួលបណ្តាញអគ្គិសនីជាតិ ។ សម្តេចសង្ឃឹមក្នុងរយៈពេល ៥ ឆ្នាំទៀតអនុញ្ញាត​ឲ្យ​យកប្រាក់ចំណេញរបស់អគ្គិសនីនេះទៅវិនិយោគបណ្ដាញអគ្គិសនី ភ្ជាប់ទៅ​តាមបណ្ដាភូមិដើម្បីឲ្យទូទាំងប្រទេសរបស់យើងមានប្រព័ន្ធអគ្គិសនីដែលប្រើ​ដោយ​តម្លៃថោក ។ នៅសល់៨ភាគរយទៀតដែលអគ្គិសនីរបស់រដ្ឋ មិនទាន់ទៅ​ដល់ ​ប្រជាជនប្រើប្រាស់នៅមានតម្លៃខ្ពស់ នេះជាចំណុច​ដែលខ្ញុំចង់​បញ្ជាក់​ដើម្បីឱ្យយើងធ្វើដំណើរមួយបានលឿនជាង ដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបាន​នូវផលប្រយោជន៍ពីការកែទម្រង់របស់យើង ៕/Ha