សម្តេចតេជោហ៊ុន សែន អញ្ជើញ​សំណេះ​សំ​ណាល​ជាមួយ​សិស្ស​និទ្ទេសA ឆ្នាំ២០១៩ ចំនួន៤៤៣ នាក់​

199
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ឌ​/ភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សិស្សប្រឡងជាប់បាក់ឌុបទទួលនិទ្ទេសA ចំនួន៤៤៣នាក់។

ចាប់តាំងពី​ឆ្នាំ២០១៤ មក សម្តេចតេជោហ៊ុន សែន បាន​ជួប​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប ទទួលបាននិទ្ទេសA រៀងរាល់ឆ្នាំ​។​

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមនិទ្ទេសA ម្នាក់ៗ ទទួលបានប្រាក់ស្លឹង១ ដែលជាប្រាក់បោះពុម្ពនៅឆ្នាំ១៥១៤ ក្រោយ​ហ្លួង​ព្រះស្តេច​កន​ឡើងជា​ស្តេច។ ប្រាក់ស្លឹងនេះ យើងបានយកពីប្រទេសហូឡង់ហើយ បោះពុម្ពឡើងវិញនៅប្រទេសសិង្ហបុរី ដែលធ្វើពីមាសផង និងធ្វើពីប្រាក់ផង ។ ការផ្តល់ជូនប្រាក់ស្លឹងនេះ ដើម្បីឲ្យដឹងថា ខ្មែរយើងមានប្រាក់ចាយ តាំងពីឆ្នាំ១៥១៤។​

​សិស្ស​និទ្ទេស​A​ម្នាក់ៗ​ទទួលបាន​ថវិកា ២ លាន រៀល Ipad ១ គ្រឿង ( តម្លៃ ៤៨០ ដុល្លារ ) និងសៀវភៅម្នាក់១​ក្បាល របស់​លោកតា​ក្រម​ង៉ុ​យ និង​បណ្ឌិត អ៊ូ ចុង ស្តីពីច្បាប់​មាតាបិតា​។​

ដោយឡែក​នាយកសាលា​ចំនួន១៨៨នាក់ ដែលអមដំណើរសិស្សឆ្នើម​ប្រឡងជាប់ បាក់ឌុប​ទទួលបាននិទ្ទេសA ទទួលបាន សៀវភៅ​១ ថវិកាផ្ទាល់ខ្លួន១លានរៀល និងថវិកាសម្រាប់សាលានីមួយៗ ចំនួន១៨៨សាលា ដោយ១សាលា ទទួលបានថវិកា៣ លានរៀល។

សូមបញ្ជាក់ថា​ លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុ​បស​ម័យ​ប្រឡង​ថ្ងៃទី​១៩ សីហា ឆ្នាំ ២០១៩ គឺមានបេ​ក្ខជន​ប្រឡង​ជាប់​បាក់​ឌុប ចំនួន៧៩.០៥២នាក់ ត្រូវជា៦៨,៦២% ( បើ ប្រៀបធៀប នឹង ឆ្នាំ ២០១៨ ចំនួន ៦៧,០៧% ) ក្នុងនោះ​បេក្ខជន​ដែល ទទួលបាន និទ្ទេស A មាន ចំនួន ៤៤៣ នាក់ ( ឆ្នាំ ២០១៨ ចំនួន​៤០៨ នាក់ )​ និទ្ទេសB​មាន ចំនួន ២.៤៣០នាក់ ( ឆ្នាំ ២០១៨ ចំនួន ២.២២២ នាក់ ) និទ្ទេសC មានចំនួន៥.៨៤៧​នាក់ ( ឆ្នាំ ២០១៨ មាន ចំនួន ៦.០៤១​នាក់ ) និទ្ទេសD មានចំនួន១៤.១០០​នាក់ ( ឆ្នាំ ២០១៨ ចំនួន ១៥.១៨០​នាក់ ) និងនិទ្ទេសE មាន ចំនួន៥៦.២៣២​នាក់ ( ឆ្នាំ ២០១៨ ចំនួន ៥២.១៨៣​នាក់ ) ។

ក្រសួងអប់រំ បានបន្ថែមថា ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេសA ចំនួន៤៤៣នាក់ មកពី រាជធានីភ្នំពេញ១៤១នាក់,​ ខេត្តសៀមរាប៣៨នាក់​, បាត់ដំបង៣២នាក់ ,​តាកែវ ២៩ នាក់​, កំពង់ចាម២៧នាក់,​ ព្រៃវែង២៧នាក់​, បន្ទាយមានជ័យ២៥នាក់,​ កណ្តាល ២៣នាក់​, ត្បូងឃ្មុំ១៥នាក់​, កំពង់ធំ១៤នាក់,​ ព្រះសីហនុ១៣នាក់,​ ស្វាយរៀង៨នាក់ ,​ពោធិ៍សាត់៧នាក់​, កំពង់ឆ្នាំង៦នាក់, ​កំពង់ស្ពឺ៦នាក់,​ ក្រចេះ៤នាក់​, រតនគិរី២នាក់ ,​កោះកុងម្នាក់, ​មណ្ឌលគិរីម្នាក់ និងឧត្តរមានជ័យម្នាក់៕​B/Ha