សម្តេចតេជោហ៊ុន សែន អញ្ជើញជាអធិបតី ប្រារព្ធខួប អនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា ឡើងវិញនៅព្រឹកនេះ

134
ចែករម្លែក

ដោយ ៖ តារារិទ្ធ:ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ បានអញ្ជើញ ជា អធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃ ការបង្កើត ធនាគារជាតិ នៃកម្ពុជា ឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ។ ពិធីនេះប្រារព្ធធ្វើឡើងនៅ សាលសន្និសីទ ចតុមុខ រាជធានីភ្នំពេញ ។

ការប្រារព្ធ ខួប ៤០ ឆ្នាំ នៃការបង្កើត ធនាគារជាតិ នៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុង គោលបំណង ដើម្បីលើកកម្ពស់ប្រាក់រៀលកម្ពុជា ដែលជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច ជាតិរយៈពេល ៤០ ឆ្នាំ កន្លងមកនេះ ហើយ ចង់បញ្ជាក់ថា ប្រាក់រៀល ដែលបាន បោះផ្សាយនៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ រហូតមកដល់ពេលនេះ គឺមានអាយុ ៤០ ឆ្នាំ ហើយ គឺបើទោះបីវាផ្លាស់ប្តូរទម្រង់មួយ មកកាន់ទម្រង់មួយ តែប្រភព កំណើតរបស់វា គឺរូបិយវត្ថុ ដែលបោះពុម្ពផ្សាយនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ ។

រយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ការរក្សាបាន នូវតួនាទីប្រាក់រៀល ក្នុង សេដ្ឋកិច្ច ជាពិសេសតម្រូវការប្រាក់រៀល បានកើនឡើងយ៉ាងឆាប់រហ័ស ទាំង ប្រាក់រៀល ក្នុងចរាចរណ៍ និងការសន្សំក្នុងប្រព័ន្ធធនាគារនេះ គឺជា ការបង្ហាញ ជំនឿ ទុកចិត្ត របស់ប្រជាពលរដ្ឋ កម្ពុជា មកលើប្រាក់រៀល ជាពិសេស លើក ស្ទួយប្រាក់រៀលកម្ពុជា តាមរយៈការប្រើប្រាស់ ប្រាក់រៀល ឱ្យបានទូលំទូលាយ នៅទូទាំងប្រទេស សំដៅ ពង្រឹងអត្តសញ្ញាណជាតិ និង អធិបតេយ្យជាតិ ។

គួរបញ្ជាក់ថា ធនាគារជាតិ នៃកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ១៩៥៤ បន្ទាប់ពី ប្រទេសកម្ពុជា ទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង និង ក្រោយពីវិទ្យាស្ថានបោះប្រាក់ ឥណ្ឌូចិន ត្រូវបានបិទទ្វារ ហើយប្រាក់រៀល ក៏ ត្រូវបានបោះផ្សាយ និង ដាក់ឱ្យចរាចរ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៥៥ ផងដែរ ។ នៅ ឆ្នាំ ១៩៦៤ ក្រោមរបបសង្គមរាស្ត្រនិយម ធនាគារជាតិ នៃកម្ពុជា ត្រូវបានធ្វើ ជាតូបនីយកម្ម ដោយប្រែក្លាយពីស្ថាប័ន ពាក់កណ្តាលស្វយ័ត ទៅ ជាធនាគារ រដ្ឋ ដែលមានលក្ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្ម ។ ធនាគារពាណិជ្ជ ក្នុងស្រុក ទាំងអស់ ត្រូវបានបិទទ្វារ ហើយរដ្ឋាភិបាល បានបង្កើតធនាគាររដ្ឋ មួយចំនួន ដូចជាធនាគារ ឥណទានជាតិ ធនាគារអភិវឌ្ឍន៍ និង ធនាគារកសិកម្ម ជនបទ ។

ជា អកុសលនៅ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែល របបកម្ពុជា ប្រជាធិបតេយ្យ ( ខ្មែរក្រហម ) កាន់អំណាច ធនាគារជាតិនៃកម្ពុជា ត្រូវបានបិទ ទ្វារ អគារស្នាក់ការ ត្រូវបានកម្ទេច រូបិយវត្ថុជាតិ ត្រូវបានឈប់ប្រើប្រាស់ ហើយ ប្រព័ន្ធ ធនាគារ ត្រូវបានលុបបំបាត់ចោលទាំងស្រុង ។ ក្រោយការដួលរលំ នៃ របបខ្មែរក្រហម ធនាគារជាតិ នៃ កម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៧៩ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស ដែលមាន ឈ្មោះថា “ ធនាគារជាតិ នៃ ប្រជាជនកម្ពុជា ” ។

នៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៨០ ធនាគារជាតិ នៃ ប្រជាជនកម្ពុជា បាន បោះផ្សាយប្រាក់រៀល ឡើងវិញ ដើម្បី ជួយសម្រួលដល់ការទូទាត់ ថ្លៃទំនិញ និង បើកប្រាក់ខែ ជូនមន្ត្រីរាជការស៊ីវិល ។ នៅ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៩២ រដ្ឋសភា បានអនុម័តច្បាប់ស្តីពីការប្តូរឈ្មោះ និងតួនាទី របស់ធនាគារពី ” ធនាគារជាតិ នៃប្រជាជនកម្ពុជា ” ទៅជា ” ធនាគារជាតិនៃកម្ពុជា ” វិញ ដែល ត្រូវបាន ប្រកាសឱ្យប្រើដោយក្រុមប្រឹក្សារដ្ឋ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៩២ ។ ប្រព័ន្ធធនាគារ មានការ ីកចម្រើន គួរឲ្យកត់សម្គាល់ ចាប់តាំងពីពាក់កណ្តាល ទសវត្សរ៍ ឆ្នាំ ១៩៩០ នៅពេលដែលមានការធ្វើកំណែទម្រង់វិស័យធនាគារ ស្រប ពេលដែលច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិ នៃកម្ពុជា ច្បាប់ស្តីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិ ដទៃទៀត ត្រូវបានអនុវត្តន៍៕/Ha​