សម្តេចតេជោ ហ៊ុន សែន សម្រេចដកសិទ្ធិប្រមូលសំរាមនិងថ្លៃសេវាប្រមូលសំរាមចេញពីវិក្កយបត្រអគ្គិសនី

252
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ) ៖ប្រមុខរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការក្នុងការ​ដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីដែលទទួលបានកិច្ចសន្យា ពីរាជរដ្ឋាភិបាលពីថ្ងៃទី ២៥ មីនាឆ្នាំ ២០០២ មកតែក្រុមហ៊ុននេះពុំទាន់បាន​បំពេញកាតព្វកិច្ចបម្រើប្រជាជនឲ្យបានតាមការរីកចម្រើនរបស់រាជធានី ភ្នំពេញនិងតម្រូវការរបស់ប្រជាពលរដ្ឋដូចការរំពឹងទុកនៅឡើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានប្រកាសដកហូតសិទ្ធិនេះ នៅក្នុងពិធីបើកកិច្ចប្រជុំ​ពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៥ ខែតុលានេះ។

សម្តេចបានមានប្រសាសន៍ថា៖ ក្រោយការដកហូតនេះ ក្រុមហ៊ុនស៊ិនទ្រី​នឹងទទួលបានការប៉ះប៉ូវសមស្រប ហើយធានាឱ្យធនធានរូបវន្តនិងធនធាន​មនុស្សទាំងអស់របស់ក្រុមហ៊ុនបច្ចុប្បន្ននឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង​របស់អង្គភាពស្វយ័តមួយរបស់រដ្ឋជាបណ្ដោះអាសន្នដើម្បីធានាលទ្ធភាពនៃការ​សម្អាតរាជធានីភ្នំពេញជូនប្រជាពលរដ្ឋ។

សម្តេចបានបញ្ជាក់ថា យើងមិនអាចពឺងទៅលើស៊ិនទ្រី ហើយចេះតែនិយាយ​ពីស៊ិនទ្រីមិនចេះចប់នោះទេ វាហាក់ដូចជាកំពុងអង្គុយបក់ផ្សែង យើងមិនអាច ទុកឲ្យសភាពការណ៍បែបនេះអូសបន្លាយតទៅទៀតទេ ។

សម្តេចបានបន្តថា កន្លងទៅសម្តេចបានសម្រេចឲ្យបែងចែកជា ៤ តំបន់ដើម្បី​ទាញ​យកសំរាមទៅដាក់​ក៏ប៉ុន្តែមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំទៅ​ហើយ មិនទាន់មានកន្លែងណាមួយត្រូវបានយកធ្វើជាកន្លែងសំរាមទៅចាក់នោះទេ។ដូច្នេះការដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនមួយនេះដាក់ឲ្យអង្គភាពរដ្ឋគ្រប់គ្រង​ជាបណ្ដោះអាសន្នជាការចាំបាច់។ត្រូវធ្វើសកម្មភាពបន្ទាន់ដើម្បីឈានទៅរកការ​គ្រប់គ្រង គ្រប់មធ្យោបាយ​ក៏ដូចជាកម្លាំងមនុស្សដើម្បីដោះស្រាយបញ្ហា​ក្នុងមួយរយៈដែលគ្រប់គ្រងដោយអង្គភាពស្វយ័តមួយរបស់រដ្ឋ បន្ទាប់មករៀបចំ​ឲ្យមានការ ដេញថ្លៃប្រកួតប្រជែងនិងមានតម្លាភាព។ត្រូវស្វែងរកក្រុមហ៊ុនឲ្យបាន​យ៉ាងតិច ៤ ធ្វើការប្រមូលសំរាមនិងសម្អាតទីក្រុងឲ្យបានល្អប្រសើរ ទាំងគុណ ភាពនិងបរិមាណដែលប្រជាជនអាចទទួលយកបាន។

ជាមួយនេះថ្លៃ សេវា ប្រមូលសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី នឹងត្រូវ ដកចេញ ពី វិក្កយបត្ររបស់អគ្គិសនី កម្ពុជា (EDC) ចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០២០ តទៅ ។ ការដកថ្លៃប្រមូលសំរាមលើវិក្កយបត្រ EDC នេះគឺជា ការសម្រេច របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលបានក្តាប់ នូវទុក្ខលំបាករបស់ពលរដ្ឋ រស់នៅ រាជធានី ភ្នំពេញពាក់ព័ន្ធបញ្ហាសំរាម ។

សម្តេចបានលើកឡើងថា ការភ្ជាប់ថ្លែប្រមូលសំរាមជាមួយវិក្កយបត្រអគ្គិ សនី​គឺជាការធ្វើឲ្យប្រជាជនមានការថ្នាំងថ្នាក់យ៉ាងច្រើនមកលើកអគ្គិសនីកម្ពុជា ហើយមើលមិនឃើញពីការខិតខំរបស់អគ្គិសនីកម្ពុជាដែលបានបញ្ចុះតម្លៃភ្លើង និង បម្រើសេវាបានល្អ ។

សម្តេចបានបន្តថា ប្រជាជនខឹងជាមួយថ្លែសំរាម តែគាត់ខឹងជាមួយអគ្គិសនីដែរ ព្រោះពេលខ្លះឡានសំរាមមិនដែលបានទៅយកដល់ផ្ទះរបស់គាត់ទេ​ តែវិក្កយបត្រ​អគ្គិសនីចេញទៅបែរជាមានថ្លែសំរាម ៕/Ha