កាដូ​ឆ្នាំ​ថ្មី​! រាជរដ្ឋាភិបាល កាត់​ដី​ជាង ៥០០ ហិកតា ឱ្យ​ប្រជាពលរដ្ឋ ២៩៨ គ្រួសារ នៅលើ​កោះរ៉ុង​-​កោះរ៉ុង​សន្លឹម​

1238
ចែករម្លែក

ដោយៈ មុនី​រ័ត្ន – វណ្ណៈ​ /
​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ ស្តីពី​ការ​កាត់​ដី ទំហំ ៥២៨,៣៧ ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋ ប្រគល់ជូន​ប្រជាពលរដ្ឋ ចំនួន ២៩៨ គ្រួសារ ដែល​បានរស់នៅ ជា​អចិន្ត្រៃយ៍ នៅលើ​កោះ​ទាំងពីរ​នេះ​។​

​ការដាក់​ដី ទំហំ​ជាង ៥០០ ហិកតា ជូន​ប្រជាពលរដ្ឋ ចំនួន ២៩៨​គ្រួសារ គឺជា​កាដូ​ឆ្នាំ​ថ្មី ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​។​

​យោងតាម​អនុក្រឹត្យ លេខ​៤៨ អនក្រ​.​បក ចុះ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចុះហត្ថលេខា ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច​ដូចតទៅ​៖

​មាត្រា​១ : កាត់​ដី​ទំហំ ៥២៨,៣៧ ហិកតា នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចេញពី​ដីឯកជន​របស់​រដ្ឋ កំណត់ដោយ​អនុក្រឹត្យ​លេខ​០៥ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០០៨ តាម​ប្រព័ន្ធ​កូអរដោណេ Project UTM Zone 48N Datum WGS 1984 និង​មាន​និយាម​កា ដូច​កំណត់​ក្នុង​ផែនទី​ឧបសម្ព័ន្ធ នៃ​អនុក្រឹត្យ​នេះ​។

​មាត្រា​២ : ប្រទានកម្ម ជា​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ចំនួន ២៩៨​គ្រួសារ ដែល​រស់នៅ​អចិន្ត្រៃយ៍ លើ​កោះរ៉ុង និង​ទំហំ ១២,១៣ ហិកតា ស្មើនឹង ១២ ក្បាលដី សម្រាប់​សាលារៀន ៦​ក្បាលដី​, ប៉ុស្តិ៍​រដ្ឋបាល ២​ក្បាលដី​, សាលាឃុំ​១​ក្បាលដី​, ទីស្នាក់ការ​ភូមិ ១​ក្បាលដី​, អង្គភាព​កងរាជអាវុធហត្ថ ១​ក្បាលដី និង​វត្ត​១​ក្បាលដី ស្ថិតនៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ ដូចខាងក្រោម​៖
-​ភូមិ​ដើមថ្កូវ ស​រុម​ទំហំ ១២៥,៣១ ហិតា ស្មើ ១៧០ ក្បាលដី ក្នុងនោះ ១៦៩ ក្បាលដី ជូន​ប្រជាពលរដ្ឋ ៦៣ គ្រួសារ និង​សាលាឃុំ​០១​ក្បាលដី​។
-​ភូមិ​ព្រែក​ស្វាយ សរុប​ទំហំ ១៦៧,៤៥ ហិតា ស្មើ ២០០ ក្បាលដី ក្នុងនោះ​ចំនួន ១៨៩ ក្បាលដី ជូន​ប្រជាពលរដ្ឋ ៩៦ គ្រួសារ​, វត្ត​១​ក្បាលដី និង​សាលារៀន ១ ក្បាលដី​។​
-​ភូមិ​សុខសាន្ត សរុប​ទំហំ ២០០,៤១ ហិតា ស្មើ ១២៨ ក្បាលដី ក្នុងនោះ ១២៤ ក្បាលដី ជូន​ប្រជាពលរដ្ឋ ៦៤ គ្រួសារ និង​សាលារៀន ៤ ក្បាលដី​។
-​ភូមិ​កោះ​តូច សរុប​ទំហំ ៣៥,២០ ហិតា ស្មើ ១៣៩ ក្បាលដី ក្នុងនោះ ១៣៤ ក្បាលដី ជូន​ប្រជាពលរដ្ឋ ៧៥ គ្រួសារ និង ៥ ក្បាលដី សម្រាប់​សាលារៀន ១​ក្បាលដី​, ប៉ុស្តិ៍​រដ្ឋបាល ២​ក្បាលដី​, ទីស្នាក់ការ​ភូមិ ១​ក្បាលដី និង​អង្គភាព​កង​រាជ​អាច​វុ​ធ​ហត្ថ ១​ក្បាលដី​។

​មាត្រា​៣ : បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​។

​មាត្រា​៤ : រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​បរិស្ថាន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ ត្រូវអនុវត្ត​ត​អនុក្រឹត្យ​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​ចំណែក​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​៥ ខែមេសា ថា នេះ​គឺជា​កាដូ​ឆ្នាំ​ថ្មី ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ២៩៨ គ្រួសារ ដែល​រស់​នៅលើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ លោក​បាន​បញ្ជាក់ថា “​នេះ​គឺជា​កាដូ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ជូន​ដល់​បងប្អូន​នៅលើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម គឺជា​កាដូ​ចូលឆ្នាំថ្មី​”​។​

​សូមជម្រាបថា នៅលើ​កោះរ៉ុង ស្ថិតក្នុង​សង្កាត់​កោះរ៉ុង ចែកជា ១៩ ក្រុម មាន​ចំនួន ៥ ភូមិ ប្រជាពលរដ្ឋ រស់នៅ​អចិ​ន្ទ្រៃ​យ៍ ចំនួន ៦៦៤ គ្រួសារ ស្មើនឹង ២.៥៨៦ នាក់ (​ស្រី​១.១៦៣​នាក់​) ព្រំប្រទល់​ខាងកើត ជាប់​នឹង​សមុទ្រ​សង្កាត់​៣ ក្រុងព្រះសីហនុ​, ខាងជើង​ជាប់​នឹង​សមុទ្រ ស្រុក​បុ​ទុម​សាគរ (​ខេត្តកោះកុង​), ខាងត្បូង​ទល់នឹង​លំហរ​សមុទ្រ​, ខាងលិច​ជាប់​នឹង​សមុទ្រ​ស្រុក​គី​រី​សាគរ (​ខេត្តកោះកុង​)​។ ប្រជាពលរដ្ឋ មក​ស្នាក់នៅ​ប្រកប​អាជីវកម្ម​ផ្សេងៗ ប្រកបមុខរបរ លើ​វិស័យ​ទេសចរណ៍​…៕V

 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួបសួរសុខទុក្ខប្រជាពលរដ្ឋ (រូបឯកសារ)
​ប្រជាពលរដ្ឋ​នៅលើ​កោះរ៉ុង​
ទិដ្ឋភាព​នៅលើ​កោះរ៉ុង​

 

#