សម្តេចនាយក​រដ្ឋមន្ត្រី​ឲ្យ​ដកហូត​កោះ​ចំនួន ៣០ ដែល​គេ​បំផើម​ចោល​ត្រឡប់មកវិញ​

1653
ចែករម្លែក
សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង»ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដែលសម្ពោធដាក់ដំណើរការកាលពីព្រឹកថ្ងៃទី២៣ខែមេសា(រូបផេកសម្តេចតេជោ)

ដោយៈ​តារា​រិ​ទ្ធ​/​ព្រះសីហនុៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដកហូត​ត្រឡប់មកវិញ​នូវ​កោះ​ចំនួន​ប្រមាណ ៣០ ។ សម្តេច​ពោល​ដោយ​ចំអក​ថា​កោះ​​​ប្រមាណ​ជាង​៣០​ប្រហែលជា​ដំរី​ផើម​ទាំងអស់​ទៅហើយ​ដោយសារ​ថា​រាជរដ្ឋាភិបាល​បានប្រគល់​ឲ្យ​ទៅ​ក្រុម​ហ៊ុន​វិនិយោគ​ជាង ១០ មកហើយ​តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​នោះទេ ។​ដូចនេះ​វិធី​ដែល​ល្អ​ត្រូវ​ដក​ត្រឡប់​មកវិញ​ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ជ្សេ​ង​វិនិយោគ​បន្ត​។​មិនត្រូវ​ទុក​ឲ្យ​កោះ​របស់​យើង​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​តទៅ​ទៀត​ទេ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ «​ដឹ​រ៉ូយ៉ាល់ សេន កោះរ៉ុង​»​ស្ថិត​ភូមិ​សុខសាន្ដ សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ មេសា ។​

​ ​សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​”​ខ្ញុំ​គួរតែ​និយាយថា​បណ្តា​កោះ​នៅតាម​សមុទ្រ​របស់​យើង​ប្រហែលជា​ដំរី​ផើម​ទាំងអស់​បើ​គិតពី​រយៈពេល​ដែល​យើង​ធ្វើការ​ចាប់ផ្តើម​ផ្តល់​ឳ​កាស​ឲ្យ​ក្រុមហ៊ុន​នានា​ធ្វើការ​វិនិយោគ​។​ក្រុមហ៊ុន​នានា​ឥឡូវនេះ​មាន​ប្រមាណ​៣០​កោះ​នឹងត្រូវ​ដកហូត​កោះ​ទាំងនោះ​ត្រឡប់មកវិញ​ដោយសារ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់ ។​ខ្ញុំ​បានផ្តល់​ឲ្យ​លោក​សុខ​ចិន្តា​សោភា​ធ្វើការ​ពិនិត្យ​ដើម្បី​ដកហូត​កោះ​ត្រឡប់​មកវិញ​ហើយ​​រៀបចំ​ការវិនិយោគ​សារជាថ្មី​មិនអាច​ទុក​ឲ្យ​កោះ​របស់​យើង​ស្ថិតនៅ​របៀប​ដូច​សព្វថ្ងៃ​នេះ​ដោយ​គ្មាន​ការ​គ្រប់គ្រង​ហើយ​អ្នក​ដែល​បានទទួល​សិទ្ធិ​វិនិយោគ​នោះ​ចេះតែ​ដើរ​លក់​បន្ត​នោះទេ​។​យើង​មិនអាច​រង់ចាំ​តទៅ​ទៀត​បានទេ​”​។​កោះ​ដែលជា​សម្បត្តិ​របស់​រដ្ឋ​ទាំងអស់​ត្រូវ​ដក​ត្រឡប់មកវិញ​ពី​ក្រុមហ៊ុន​នានា​ដែល​បានទទួល​អាជ្ញាប័ណ្ណ​វិនិយោគ​ប៉ុន្តែ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ទាំងអស់​។​សម្តេច​បានបញ្ជាក់​ច្បាស់​ថា​នឹង​គ្មាន​ការទូទាត់​សង​នូវ​ប្រាក់​កក់​វិញ​និង​ការខូចខាត​អ្វី​ឡើយ​។​

​នៅថ្ងៃនេះ​ដែរ​សម្តេច​តេ​ជោ​មានប្រសាសន៍​បញ្ជាក់​ផងដែរ​ថា កោះរ៉ុង និង កោះ​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​កោះ​របស់​រដ្ឋ​មិនមែនជា​របស់​ឯកជន​នោះទេ​។​ប៉ុន្តែ​រាជរដ្ឋាភិបាល​បានប្រគល់​សិទ្ឋិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​វិនិយោគ​ជា​តំបន់​ទេសចរណ៍​ទៅតាម​កិច្ចសន្យា​ដែល​បានកំណត់ ។ ដូចនេះ​ការ ប្រគល់​ណាមួយ​វា​គ្រាន់តែ​ជា​សិទ្ធិ​ស្នាក់នៅ និង សិទ្ធិ​ទទួលផល តែ​មិនមាន​សិទ្ធិ​ចាត់ចែង​នោះទេ​៕​មន​