សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ “​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​” នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ តម្លៃ​ជាង ៧​លាន​ដុល្លារ​

1324
ចែករម្លែក
  • 93
    Shares

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ ២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ «​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​» នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ទើប​កែលំអ​ថ្មី​។​

«​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​» ត្រូវបាន​សាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៧​កន្លងទៅ​។ អគារ​នេះ មាន​កម្ពស់ ៣​ជាន់ បណ្តោយ ៦៣​ម៉ែត្រ ទទឹង ២៦​ម៉ែត្រ និង​បំពាក់​ដោយ​ជណ្តើរយន្ត​។​

​ដោយសារតែ​អគារ​មាន​សភាព​ទ្រុឌទ្រោម ទើប​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​ជំនួយ​ជួសជុល និង​កែលម្អ​សាជាថ្មី ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆាំ្ន​២០១៦ ដោយបាន​កែសម្រួល​ប្លង់​អគារ​ខាងក្រៅ និង​បន្ទប់​នៅក្នុង​អគារ​។ ជញ្ជាំង​នៅក្នុង​អគារ​នេះ ធ្វើ​ឡើងវិញ​អំពី​បេតុងអារម៉េ (​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ជាន់​ទី​២) និង​សាងសង់​បន្ថែម​មួយ​ជាន់​ទៀត ដំបូល​ប្រក់​ក្បឿង និង​បាន​សាងសង់​បន្ថែម​អគារ​ថ្មី​ទំហំ ២២០ ម៉ែត្រការ៉េ សម្រាប់​ផ្ទុក​ប្រព័ន្ធ​ភ្លើង ផ្ទុក​ទឹក និង កន្លែង​ផលិត​ខ្យល់​អុកស៊ីសែន រៀបចំ​ទីធ្លា​ជុំវិញ​អគារ​ដោយ​ចាក់​បេតុង និង​រៀបចំ​សួនច្បារ​សារជាថ្មី​។​

​បើតាម​លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ការចំណាយ​ទាំង​ការ​បំពាក់គ្រឿងសង្ហារឹម និង​សំភារៈ​បរិក្ខារ​ពេទ្យ​ថ្មីៗ​ទៀត សរុប​អស់​ទឹកប្រាក់ ៧.២៨០.០០០ ដុល្លារ​។​

​មន្ទីរពេទ្យ​កុមារ​ជាតិ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ៤៨៥​នាក់ និង​មាន​គ្រែ​សរុប​ចំនួន​៣០០​។ អគារ​ដែល​កែលម្អ​សាជាថ្មី​នេះ អាច​បម្រើសេវា​ដូចជា​៖ ពិគ្រោះ​ជំងឺ​ទូទៅ និង​ឯកទេស​, សង្គ្រោះបន្ទាន់​, ឱសថស្ថាន​, វិទ្យុ និង​អេកូ​សាស្ត្រ​, ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​, ព្យាបាល​ជំងឺ​ទារក​, ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ជំងឺ​ក្រពេញ និង​ជំងឺ​តម្រងនោម​, ព្យាបាល​ជំងឺ​លោហិតវិទ្យា និង​ជំងឺមហារីក​។ អគារ​នេះ​ក៏មាន​សេវា​ផ្នែក​មន្ទីរពិសោធន៍​ទំនើប និង​ព្យាបាល​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​ផងដែរ​៕