សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង

1019
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ដូច​អ្វីដែល​បានគ្រោង​ទុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា​នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង (រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥​នេះ​ប្រារព្ធ​ឡើង​ក្រោម​មូលបទ «​រួមគ្នា​កសាង​វិថី​សូត្រ សមុទ្រ​សតវត្ស​ទី​២១ និង​ន​វា​នុ​វត្ត​សហគមន៍​ចិន​-​អាស៊ាន​» ។​ទន្ទឹម​នឹងដាក់​បង្ហាញ​នូវ​ផលិតផល​ផ្សេងៗ​គ្នា​ជាច្រើន​ពី​អាស៊ាន និង​ចិន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​វិស័យ​ឯកជន​នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង​ទេសចរណ៍​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​នៅក្នុង​ព្រឹត្តិការណ៍​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ក្នុង​គោលបំណង​លើកស្ទួយ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​អាស៊ាន និង​ចិន រួមទាំង​ទាក់​ទាញ​វិនិយោគ​គិ​ន និង​ភ្ញៀវទេសចរ​ចិន​ដែលមាន​សក្តានុពល​មក​កាន់​តំបន់​អាស៊ាន​។​

​ក្នុងនាម​កម្ពុជា ជា​ប្រទេស​កិត្តិយស​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ សម្តេចនាយក​រដ្ឋមន្ត្រី និង​លោក ហាន់ ចឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន និង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូ ដើម្បី​សម្ពោធ​ព្រះ​ពន្លា​ជាតិ​កម្ពុជា រួមទាំង​អញ្ជើញ​​ទស្សនា​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​អំឡុងពេល​ស្នាក់នៅ​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​ឥស្សរជន​ចិន និង​ទទួល​ការជួប​សម្តែង​ការគួរ​សមពី​ថ្នាក់ដឹកនាំ​ខេត្ត​ក្វាង​ស៊ី និង​ថ្នាក់ដឹកនាំ​ផ្នែក​ធុរកិច្ច​សំខាន់ៗ និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នានា​របស់​ចិន ព្រមទាំង​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ចិន​ទៀតផង​៕​សរន​

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង