សម្តេចនាយក​រដ្ឋមន្ត្រី​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​ប្រធានាធិបតី​វៀតណាម​នៅ​ថ្ងៃទី​២៦​កញ្ញា​

514
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ត្រាន់ ដាយ​ក្វាង អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បានទទួល​មរណៈភាព នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​។​

​លោក ត្រាន់ ដាយ​ក្វាង អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ (រូបឯកសារ)

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀតថា ឥស្សរៈ​ជនកម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមានៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ទៅ​សម​ភាគី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក ដោយបាន​បង្ហាញ​នូវ​ក្តី​សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មរណៈភាព​របស់លោក ត្រាន់ ដាយ​ក្វាង ដែលជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំ​ដែល បាន​បូជា​អស់កម្លាំង​កាយ​ចិត្ត​ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​វៀតណាម និង​ទំនាក់​ទំនងជា​ភាត​រៈរ​វាង​វៀតណាម និង​កម្ពុជា​។​

​គួររម្លឹកថា លោក Tran Dai Quang ប្រធានាធិបតី​វៀតណាម បានទទួល​មរណភាព​ហើយ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ២០១៨​នេះ នៅក្នុង​មន្ទីរពេទ្យ​យោធា ក្នុង​ក្រុង​ហាណូយ ក្នុង​អាយុ ៦១​ឆ្នាំ​។ លោក​បាន​ស្លាប់​នៅ​ម៉ោង ១០:០៥​នាទី​ព្រឹក ដោយសារ​ជំងឺ​។​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក​ប្រធានាធិបតី​វៀតណាម​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​បានទទួល​ការព្យាបាល​ទាំងពីរ ក្រុម​វេជ្ជបណ្ឌិត​ក្នុងស្រុក និង​បរទេស​។ លោក Tran Dai Quang ប្រធានាធិបតី​វៀតណាម កើត​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​១៩៥៦ មកដល់ពេលនេះ លោក​មាន​អាយុ ៦២​ឆ្នាំ​ហើយ​។ លោក​បាន​កាន់តំណែង​ប្រធានាធិបតី​វៀតណាម​កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២១ ខាងមុខ​៕