សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជា​ម៉ឹងម៉ាត់​ចាប់​ឲ្យ​បាន​មេខ្លោង​គ្រឿងញៀន​នៅក្លិបរ៉ក់

419
ចែករម្លែក
  • 145
    Shares
សម្តេចតេជោ ហ៊ុនសែនបញ្ជា​ម៉ឹងម៉ាត់​ចាប់​ឲ្យ​បាន​មេខ្លោង​គ្រឿងញៀន​នៅក្លិបរ៉ក់

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​ស្រប​ពេលដែល​អ្នកឧកញ៉ា គិត​ធាង​កំពុង​តុលាការ​សាកសួរ​ក្នុង​សំណុំរឿង​គ្រឿងញៀន​នៅ មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានប្រកាស​ជាថ្មី​ម្តង​ទៀតថា ទោះបីជា​ត្រូវ​ជីកដី​ជម្រៅ​រាប់ម៉ឺន​ម៉ែត្រ​ក៏ត្រូវ​តែ​ជីក​ឲ្យ​ដល់​ដើម្បី​ចាប់​ឲ្យ​បាន​មេខ្លោង​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត​រ៉ក់​។ សម្តេច​ក៏បាន​ព្រមាន​កម្ទេចចោល​អ្នកកាង​ចំពោះ​ករណី​ឧក្រិដ្ឋកម្ម​នៅ​ក្លិប​កម្សាន្ត​រ៉ក់​នេះ​ផងដែរ​។​

​សម្តេច​តេ​ជោ​​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល នា​រសៀល​ថ្ងៃទី​១២ ខែមីនា​នេះ ។ សម្តេច​បន្តថា​ករណី​រ៉ក់​គឺជា​ករណី​មិនត្រូវ​លើកលែង​នោះទេ ។ ករណី​រ៉ក់​ទោះបីជា​ត្រូវ​ជីក​ជម្រៅ​ប៉ុន្មាន​រយ​ម៉ែត្រ​ឬ​ម៉ឺន​ម៉ែត្រ​ចុះ​ក្នុង​ដី​ដើម្បី​រក​មេខ្លោង​ក៏ត្រូវ​ជីក​ឲ្យ​ជ្រៅ​តាមរក​ដែរ​។ ព្រោះ​វា​បាន​បំផ្លាញ​អនាគត​យុវជន​ជាច្រើន​រួចមកហើយ​។​

​សម្តេច​បន្តថា​នៅ​ព្រឹក​ម្សិលមិញ​សម្តេច​បាន​និយាយ​បញ្ហា​ឧក្រិដ្ឋកម្ម​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក​បន្ទាប់​ទៅ​មាន​សកម្មភាព​មួយចំនួន​បានកើត​ឡើង​។​សម្តេច​បានបញ្ជាក់​ថាស​ម្តេច​មិនបាន​បញ្ជូន​សារ​ដើម្បី​នឹង​ជះឥទ្ធិពល​ទៅលើ​ការស្រាវជ្រាវ​របស់​តុលាការ ឬ ផ្នែក​សមត្ថកិច្ច​នោះទេ ។

​សម្តេច​ពន្យល់ថា​«​ករណី​រ៉ក់​ជា​ករណី​មិនអាច​លើកលែង​បានទេ​។​ករណី​រ៉ក់​ត្រូវ​ជីក​ទោះបី​ត្រូវ​ជីក ជម្រៅ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ ចុះទៅ​ក្រោម​ដី​ដើម្បី​រក​មេខ្លោង​ក៏ត្រូវ​ជីក​ដើម្បី​រក​មេខ្លោង​ត្រូវ​រក​ឲ្យ​ឃើញ​ព្រោះ​ការបំផ្លិចបំផ្លាញ​ដែល​ចេញពី​កន្លែង​នេះ​គឺ​វា​ធំធេង​ពេក »​។

​សម្តេច​តេ​ជោ​បាន​បន្តថា​តាម​សម្តេច​ដឹង​គឺ​នៅមាន​ក្លិប​កម្សាន្ត​មួយកន្លែង​ទៀត​។​តែ​ឥឡូវ​វាស​ម្ងំ​។​ពេលនោះ​បើ​បើក​ប្រតិបត្តិការ​ទាំងពីរ​កន្លែង​គឺ​វា​ចប់​តែម្តង ។​

​សម្តេច​ក៏បាន​ថ្លែង​ទៅកាន់​លោក​កែ​កឹម​យ៉ាន​ដែល​នៅទីនេះ​ស្រាប់​ថា​ដោយសារតែ​ប៉ុន្មាន​ថ្ងៃនេះ​មានការ​ចាប់​រួចហើយ​មិនដឹង​ទៅណា​វា​ទាមទារ​ឲ្យ​ហ៊ុនសែន​ត្រូវ​លូកដៃ​ចូលទៅក្នុង​សំណុំរឿង​មួយ​នេះ ។ មិនអាច​ឲ្យ​រួចផុត​បានទេ ឧក្រិដ្ឋកម្ម​មួយ​នេះ​វា​ធ្ងន់​ហួស​។​គ្រឿងញៀន​វា​បាន​បំផ្លាញ​នូវ​អនាគត​របស់​យុវជន​របស់​យើង​មិនតិច​ទេ​ហើយ​នៅ​មណ្ឌល​កម្សាន្ត​រ៉ក់​នេះ​វា​បាន​បំផ្លាញ​អនាគត​យុវជន​ដ៏​ច្រើន​រួចមកហើយ​។​អញ្ចឹងទេ​មិនអាច​ត្រឹម​ផ្តន្ទាទោស​ត្រឹមតែ​អា​មេការ​តូចតាច អា​មេ​បន្ទប់ និង អ្នក​ជក់​នោះទេ​។ ចាប់​អា​មេខ្លោង​ធំ​ឲ្យ​បាន ។ រឿងនេះ​ត្រូវធ្វើ​ឲ្យ​ម៉ត់ ចត់ ធ្វើ​ឲ្យ​ដាច់ខាត ដោយ​គ្មាន​ការលើកលែង​ទេ ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​តួលេខ​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​អ្នកប្រើប្រាស់​គ្រឿងញៀន​បានទទួល​សេវា​ព្យាបាល​បាន​កើនឡើង​ពី​៣.១០១​នាក់​នៅ​ឆ្នាំ​២០១៧​ទៅ​៨.០៩៦​នាក់​នៅ​ឆ្នាំ​២០១៨​។​ដូចនេះ​វា​មិនមែន​ជាការ​ត្រូវ​ត្រេកអរ​នោះទេ គឺ​ត្រូវមាន​ការព្រួយបារម្ភ​ព្រោះ​ចំនួន​អ្នកប្រើប្រាស់​គ្រឿងញៀន​មានការ​កើនឡើង ។ អ៊ីចឹង​ទេ​យើង​ត្រូវ​រក​គ្រប់​វិធី​ដើម្បី​បំផ្លាញចោល​ក្រុម​គ្រឿងញៀន​នេះ ៕​សរន​

​ ​