សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ពី​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េ​ល​វ៉េ បន្ត​ប្រតិបត្តិការ​លើផ្លូវ​ដែ​កឡើ​ង​វិញ​

504
ចែករម្លែក
  • 73
    Shares
(រូបថតឯកសារ ខ្លីៗ)

ដោយៈ​តារា​រិ​ទ្ធ/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្វើការ​បកស្រាយ​បន្ថែម​ពាក់ព័ន្ធ​ការបញ្ចប់​ប្រតិបត្តិការ​ផ្លូវដែក​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េ​ល​វ៉េ​( Royal Railway) របស់​អ្នកឧកញ៉ា គិត ម៉េង នៅតែ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​លើផ្លូវ​ដែរ រហូត​កិច្ចព្រមព្រៀង​ចាស់​ត្រូវបាន​រំលត់ និង កិច្ចព្រមព្រៀង​ថ្មី​ត្រូវបានធ្វើ​រួចហើយ​ការដាក់​ដេញថ្លៃ​ជាថ្មី​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​នៅ​កម្ពុជា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​បកស្រាយ​ឡើងវិញ​នេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ជាង​៣០០០​នាក់​នៅ​កោះ​ពេជ្រ​នា​ព្រឹក​ថ្ងៃទី​១ ខែ មេសា ២០១៩ ។ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា​នៅពេលដែល​រក​ដៃគូ​វិនិយោគ​ថ្មី​បាន​ហើយ​នោះ​ក្រុមហ៊ុន Royal Railway ក៏​អាច​ចូលរួម​ទុន​ក្នុង​គម្រោង​វិនិយោគ​ថ្មី​បានដែរ ដើម្បី​មានឱកាស​ពង្រីក​វិសាលភាព​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​បាន​កាន់តែ​ទូលំទូលាយ ដោយ​សម្តេច​ចង់បាន​ផ្លូវដែក​មួយ​ដែល​បានធ្វើ​ទំនើបកម្ម និង អាច​ដឹកជញ្ជូន​ប្រកបដោយ​ប្រសិទ្ធភាព​នៅលើ​ខ្សែ​រថ​ទាំងពីរ​ខ្សែ ភ្នំពេញ ក្រុងព្រះសីហនុ និង ភ្នំពេញ ប៉ោយប៉ែត ភ្ជាប​ទៅដល់​ប្រទេស​ថៃ ។

​គួររំលឹកថា​កាលពី​ថ្ងៃទី ២៩ ខែ មីនា ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង វិស័យ​ឯកជន សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បញ្ចប់​ប្រតិបត្តិការ​ផ្លូវដែក ពី​ក្រុមហ៊ុន Royal Railway Cambodia​ដោយសារតែ​ក្រុមហ៊ុន​មួយ​នេះ​មិនបាន​អភិវឌ្ឍន៍​ការដឹកជញ្ជូន​ផ្លូវដែក​ឲ្យ​មាន​ប្រសិទ្ធភាព និង មិនបាន​ធ្វើ​អ្វី​ទាំងអស់ គិតតែ​ពី​យកលុយ ។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា «​ខ្ញុំ​បានប្រកាស​អំពី​ការដក​នូវ​រថភ្លើង​ពី​ក្រុមហ៊ុន Royal Railway ប៉ុន្តែ​យើង​បានត្រឹមតែ​និយាយ​ឲ្យ​ក្រសួង​ស​ធា​រណការ ចរចា​ជាមួយនឹង​ឧកញ៉ា គិត ម៉េង តែ​យើង​អត់​បាន​និយាយ​អំពី​បញ្ហា​អន្តរកាល នៅពេលណា​បញ្ចប់​ទេ ធ្វើ​ឲ្យ​ស្ថានភាព​មួយ​ស្រពិចស្រពិល​មិន​ច្បាស់លាស់ ។ ខាង​រដ្ឋ​ក៏​មិនអាច​ទៅគ្រប់​គ្រង​បាន​ភ្លាមៗ​ទេ​ក្នុងពេលដែល​ខាង​វិស័យ​ឯកជន កំពុងតែ​គ្រប់គ្រង​គ្នា​ដំណើរការ​យ៉ាងម៉េច​? ឥឡូវ​ទំនិញ​កំពុងតែ​នៅលើ​រថភ្លើង​ស្រាប់​តើ​ត្រូវយក​ទៅណា ? ត្រូវធ្វើ​របៀប​ម៉េច​? បុគ្គលិក​រាប់រយ​ណាស់ តើ​ត្រូវ​បាត់បង់​ការងារ​ភ្លាមៗ ឬ​យ៉ាងម៉េច​អីចឹង វា​អាច​នាំទៅដល់​វិបត្តិ​ផ្លូវដែក បញ្ហា​នេះ​ប្រហែលជា​បណ្តាលមកពី​ខ្ញុំ​និយាយ​មិនបាន​ច្បាស់​។ អីចឹង​ហើយ​ទើប​កាលពី​ម្សិលមិញ​នេះ បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សាធារណ​ការធ្វើ​ការបញ្ជា​ក់​ឡើងវិញ ។ ទិសដៅ​របស់​យើង​ឆ្ពោះទៅកាន់​ការធ្វើកំណែទម្រង់ និង ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវដែក​មិនមែន​ធ្វើ​តែមួយ​ទិស​ដូច​សព្វថ្ងៃ​ទេ​គឺ​ធ្វើ​ទាំង​២​ទិស​ដែល​ត​ភ្ជាប់​ទីក្រុង​ភ្នំ​ព​ញ និង​ខេត្ត​ព្រះសីហនុ និង​ទីក្រុង​ភ្នំពេញ រហូតដល់​ព្រំដែន​កម្ពុជា​ថៃ ហើយនឹង​ឆ្លងកាត់​ទៅក្នុង​ប្រទេស​ថៃ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀតថា​នៅពេលណា​ដែល​កិច្ចព្រមព្រៀង​ថ្មី​មួយ មិនទាន់បាន​ធ្វើឡើង​ក្រុមហ៊ុន Royal Railway របស់​ឧកញ៉ា គិត ម៉េង នៅតែ​បន្តសកម្មភាព​តទៅទៀត ព្រោះ​យើង​ត្រូវ​ទទួលស្គាល់ថា បញ្ហា​ទម្លាក់​បន្ទុក​ទៅលើ​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង បណ្តាលមកពី​ក្រុមហ៊ុន Toll របស់​អូស្ត្រាលី​បាន ដកខ្លួន​ចេញ ហើយ​មិនដឹង​ទៅណា គឺ​ក្រុមហ៊ុន​របស់​ឧកញ៉ា គិត ម៉េង បាន​ទិញយក​ភាគហ៊ុន​៥៥​ភាគរយ របស់​ក្រុមហ៊ុន Toll ដែល​រដ្ឋ​បានទទួល​ស្គាល់​ការទិញ​នេះ​។ អីចឹង​កិច្ចព្រមព្រៀង​នេះ នៅមាន​សុពលភាព​នៅឡើយ​។ ដើម្បី​ឈានដល់​បញ្ចប់​កិច្ចព្រមព្រៀង​ចាស់​នេះ ក្រុមហ៊ុន​នេះ នៅតែ​បន្តធ្វើ​សកម្មភាព​បន្តទៀត រហូត​មាន​កិច្ចព្រមព្រៀង​ថ្មី ដែល​កិច្ចព្រមព្រៀង​ថ្មី ក្រុមហ៊ុន Royal Railway ក៏មាន​លទ្ធភាព​ចូលរួម​ដើម្បី​ធ្វើការ​នៅក្នុង​នោះ ហើយ​យើង​អាច​នឹង​ទាញយក​ដៃគូ​ដទៃ​យកមក​ដាក់​ដោយ​មិន​ផ្តល់​ឲ្យ​ក្រុមហ៊ុន Royal Railway គ្រប់គ្រង​ភាគហ៊ុន​តែម្នាក់ឯង​ទេ​។​

​គួរបញ្ជាក់​ថា​នៅ​ថ្ងៃទី​៣១ ខែមីនា រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន បានសម្រេច​ផ្តល់​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់​រ៉េ​ល​វ៉េ បន្ត​ប្រតិបត្តិ​ការដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ​តាមផ្លូវ​ដែក​ភាគខាងត្បូង​ដដែល ។ ការផ្តល់​បន្ត​ប្រតិបត្តិ​ឡើងវិញ​នេះ​ដោយសារ​ក្រសួង​ត្រូវការ​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​លក្ខខណ្ឌ​គិត​យុ​ត្តិ និង បច្ចេកទេស​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​ដំណើរការ​ផ្លូវដែក​ក្រសួង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វ៉េ​បន្ត​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ និង​អ្នកដំណើរ​តាម​ផ្លូវដែក​ភាគខាងត្បូង​ដដែល​។​

​ទន្ទឹម​នោះ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នឹង​រៀបចំ​នីតិវិធី​ជ្រើសរើស​ក្រុមហ៊ុន​ជំនាញ​ល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងនោះ​អាចមាន​ការចូលរួម​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វ៉េ​ដើម្បី​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​ភាគ​ខាងជើង និង​ភាគខាងត្បូង ឲ្យ​សមស្រប​ទៅនឹង​តម្រូវការ ជាក់ស្តែង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន ក្រុមហ៊ុននាំចេញ និង​នាំចូល ពាណិជ្ជករ កសិករ​និង​អ្នកដំណើរ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដា​អន្តរជាតិ និង​ធ្វើ​ឲ្យ មាន​ភាពជឿជាក់ មាន​សុវត្ថិភាព និង​មានតម្លៃ​សមរម្យ​។​

​ក្រុមហ៊ុន​រ៉ូយ៉ាល់ រ៉េ​ល​វ៉េ បាន​បញ្ជាក់ថា​ខ្លួន​នឹង​ប្តេជ្ញា​ខិតខំ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​បន្ត​និរន្តរភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ទាំង​ការដឹកជញ្ជូន ភ្ញៀវ​អ្នកដំណើរ​ប្រេង សាំង ធ្យូងថ្ម និង​ទំនិញ​នានា​ជាច្រើន​មុខ​ទៀត​តាម​ទូ​កុងតឺន័រ មិន​ឲ្យ​រាំងស្ទះ​ឡើយ ៕សរន