សម្តេចនាយក​រដ្ឋមន្ត្រី​ធ្វើ​សន្និសីទកាសែតៈត្រូវរកឲ្យឃើញអ្នកនៅ ពីក្រោយសំណង់ខុសច្បាប់

906
ចែករម្លែក
សម្តេចតេជោហ៊ុនសែនដែលជានិច្ចកាលយកចិត្តទុកដាក់គ្រប់បញ្ហា

ដោយៈ មុនី​រ័ត្ន​-​តារា​រិ​ទ្ធ​/​ភ្នំពេញៈ មនុស្ស​ចំនួន​២៨​នាក់ បាន​បាត់​បង់ជីវិត និង​អ្នករបួស​ចំនួន​ចំនួន​២៦​នាក់ ត្រូវបាន​រុករក​ឃើញ​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​កម្ពស់​ប្រាំពីរ​ជាន់​ដែល​បាន​បាក់​រលំ​។ ចំនួន​អ្នកស្លាប់​និង​របួស​ដែល​បាន​រកឃើញ គឺ​គិត​ត្រឹម​ម៉ោង​៧​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ក្រុម​ជួយសង្គ្រោះ​កំពុងតែបន្ត​រុករក​មនុស្ស​នៅ​សេសសល់​ជា​បន្តទៀត​។​
​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​នាយ​ប់​ថ្ងៃទី ២៤ ខែមិថុនា​ពី​កន្លែង​អគារ​បាក់​រលំ​ថា តុល្យការ​អ្នកស្លាប់​ចំនួន​២៨​នាក់​និង​២៦​នាក់​របួស ដោយ​ក្នុងនោះ​មនុស្ស​ប្រាំមួយ​នាក់ ត្រូវបាន​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​។ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា សាកសព​មួយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម​មិនតិចជាង​៦​ម៉ឺន​ដុល្លារ​ទេ​។ សម្តេច​តេ​ជោ​បាន​លើកឡើងថា លោក​យន្ត មីន បានទទួល​ស្គាល់​កំហុស​សុំលាលែង​ពី​តំណែង​បង្ហាញ​ពី​ការទទួលខុសត្រូវ​។​


​ ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ការរុករក​មនុស្ស​បាន​បញ្ចប់ នៅតែ​ការសំអាត​ការដ្ឋាន ការរុករក​បានបញ្ចប់​តែ​ត្រូវ​ស្រាវជ្រាវ​ដើម្បី​រក​ឲ្យ​ឃើញ​ការទទួលខុសត្រូវ សំណង់​មានច្បាប់ ឬ​មិនមាន​ច្បាប់​អនុញ្ញាត​។ សម្តេច​ចង់​ឲ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង​ការដ្ឋាន​សំណង់​ខុសច្បាប់​ចេញមក​ដើម្បី​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​
​ ​ទាក់ទង​ការវិនិយោគ​ចិន​នៅ​ខេត្ត​ព្រះសីហនុ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា “​បញ្ហា​នេះ វា​បាន​ក្លាយទៅជា​បញ្ហានយោបាយ​របស់​ពួក​ប្រឆាំង អស់លោក​គិត​មើល ចិន ឬ​អាម៉េរិក ឬ​អង់គ្លេស ឬ​បារាំង មក​វិនិយោគ បើសិន​ជាមាន​ឧប្បត្តិហេតុ​វា​ដូច​តែ​គ្នា​នឹង ដូច្នេះ​សុំ​កុំ​ចោទ​ជាតិ​ណា ឬ​ជាតិ​ណា គឺ​បញ្ហា​ធំ យើង​ត្រូវ​ប្រមូល​អ្នកវិនិយោគ​ទាំងអស់​ចូលក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​អនុវត្តតាម​ច​ច្បាប់​របស់​កម្ពុជា តែ​ប៉ុណ្ណឹង​ទេ​។ អ៊ីចឹង​ទេ ខ្ញុំ​បាន​ស្តាប់ឮ​ច្រើនពេក​ហើយ ដែលថា ចិន​មក​ដាក់​អ​នា​និគម​ន៍​តាមរយៈ​ការដាក់​វិនិយោគ ក៏ប៉ុន្តែ​សូមបញ្ជាក់ថា អ្នក​ទាំងអស់គ្នា ឥឡូវ​ពិភពលោក​កំពុង​ត្រូវការ​អ្នកវិនិយោគ​ចិន​ចូលទៅ​វិនិយោគ​នៅក្នុង​ប្រទេស​របស់គេ តែ​យើង​មាន​ភ​ព្វ​សំណាង​ដែល​យើង​បាន​ទាញ​អ្នកវិនិយោគ​ចិន​ចូលក្នុង​ប្រទេស​របស់​យើង​។ ប៉ុន្តែ​អ្នក​ដែល​មិន​ចង់​ឲ្យ​យើង​មានការ​រីកចំរើន​ដោយ​គេ​ថា​នេះ​គឺជា​អន្ទាក់​បំណង​របស់​ចិន នេះ​ជា​អាណានិគម​របស់​ចិន​។ នេះ​ជា​កន្លែង​លក់​ដី​ឲ្យ​ចិន ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់ថា អ្នក​ដែល​នៅ​ក្រុងព្រះសីហនុ​បានទទួល​ផលប្រយោជន៍​ប៉ុណ្ណា​ពី​ការវិនិយោគ​។ ពិត​មែនហើយ​នៅពេលដែល​ចាប់ផ្តើម​ការសាងសង់ មានការ​ខូច​ផ្លូវ ប៉ុន្តែ​នៅពេលដែល​មានការ​សាងសង់​រួចហើយ ទីក្រុង​ព្រះសីហនុ​វា​នឹង​ក្លាយ​ទៅ​ទៅ​ក្រុង​ដ៏​ធំ​ដែល​មិន​ដូច​ការគិត​”​។​
​ ​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្កោលទោស​ជា​សាធារណៈ​ទៅលើ​បញ្ហា​ទាក់ទង​នឹង​យក​បញ្ហា​វិនិយោគ​របស់​ចិន មក​ធ្វើការ​ចោទប្រកាន់​រាជរដ្ឋាភិបាល​ថា ជា​អាយ៉ង​របស់​ចិន លក់​ដី​ឲ្យ​ចិន​។
​ ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៤:៣០​រសៀល​ថ្ងៃទី​២៤ ខែមិថុនា ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជាតិ បាន​រុក​រកឃើញ​ជនរងគ្រោះ​បន្ថែមចំនួន​៤​នាក់​ទៀត ដែល​ក្នុងនោះ​មាន​ពីរ​នាក់​នៅរស់រ​រាន​មានជីវិត​។ ដូចនេះ​សរុប​ជនរងគ្រោះ​ដែល​បាន​យក​ចេញពី​គំនរ​បែកបាក់ នៃ​អគារ​បាក់​រលំ មាន​ចំនួន​សរុប​៥៤​នាក់ ក្នុងនោះ​អ្នកស្លាប់​ចំនួន​២៨​នាក់ (​ស្រី​៤​នាក់​) និង​អ្នករបួស​ចំនួន​២៦​នាក់ (​ស្រី​២​នាក់​)​។ ចំពោះ​ជនរងគ្រោះ​បាត់បង់​ជីវិត ត្រូវបាន​ក្រុមគ្រួសារ​មក​បំពេញ​ឯកសារ​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំនួន ២៤​សព​ហើយ​។
​ ​សកម្មភាព​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ របស់​កម្លាំង​សរុប​នៃ​រដ្ឋបាលខេត្ត នៅតែ​បន្ត​សង្គ្រោះ​រហូតដល់​យក​ជនរងគ្រោះ​ចេញ​អស់ពី​ក្រោម​គំនរ​បាក់បែក នៃ​អគារ​បាក់​រលំ​។ ចំពោះ​គំនរ​បាក់បែក​ត្រូវបាន​ក្រុមការងារ​ជួយសង្គ្រោះ​ធ្វើការ​កាយ​លើក​ចេញ​បាន​ចំនួន​ប្រមាណ​ជា ៨៥​ភាគរយ​ហើយ​។​
​អគារ​កម្ពស់​៧​ជាន់ បាន​បាក់​រលំ​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​ស្ថិតនៅ​ក្រុម​១១ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕សរន