សម្តេចនាយក​រដ្ឋមន្ត្រី​នឹ​ងអញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​បួន​ថ្ងៃ​

199
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រសួងការបរទេស​កម្ពុ​ជា​បានប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែតុលា​នេះ​ថា​ តប​តាម​ការអញ្ជើញ​របស់លោក ប្រា យុ​ទ្ឋ ច័ន្ទ​អូ​ចា (Prayut Chan–o-cha) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​


​ប្រភព​ដដែល​បញ្ជាក់ថា​ វត្តមាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មួយចំនួន​។​ក្នុងនោះ​- កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២២- កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៦- កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​១០- កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២២ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋ​អាម៉េរិក លើក​ទី​៧- កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៤ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២២ និង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ លើក​ទី​៣​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហ​ប្រតិប​ត្តិ​ការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​ធុរកិច្ច នៃ សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។


​ស្របពេលកិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ និង​កម្មវិធី​មួយចំនួន​ផ្សេងទៀត ដូចខាងក្រោម ៖

ជំនួប​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន​បូក​បី និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ី​បូព៌ា​

អាហារ​ថ្ងៃត្រង់​ពិសេស ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី​១១ (​អាហារ​ការងារ​ពេល​ល្ងាច​)​។​

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គ្រោង​នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​ថ្នាក់ដឹកនាំ និង​ឥស្សរជន​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន ផងដែរ​។ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​ឯកឧត្តម ង្វៀន សួន​ហ៊ុ​ក នាយករដ្ឋមន្ត្រីវៀតណាម និង​ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ​។​
​ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ឯកឧត្តម​ឧ​បនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន លើក​ទី​២០ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​២៤ និង​ពិធី​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ​ប្រទេស​អាល្លឺម៉ង់និង​ប្រទេស​បា​រ៉ែ​ន ដែល​នឹង​ប្រព្រឹត្តទៅ​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​៕​សរន/Ha