សម្តេចនាយក​រដ្ឋ​ម​ន្ត្រីៈ​កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ …!

254
ចែករម្លែក
  • 144
    Shares

ដោយៈ​តារា​រិ​ទ្ធ​,​ឆាយា​នាថ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា​កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ​ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯករាជភាព​និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​។​នេះ​ជាការ​បញ្ជាក់​ជាថ្មី​ម្តងទៀត​របស់​បុរស​ខ្លាំង​នៃ​កម្ពុជា​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​។​កន្លងទៅ​សម្តេច​តេ​ជោ​ធ្លាប់បាន​ប្រាប់​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​អំពី​ចំណុច​នេះ​រួចមកហើយ​។​

សម្តេចតេជោហ៊ុនសែន បុរសខ្លាំងនៃកម្ពុជា(រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ជាមួយនឹង​រូបថត​មួយ​សន្លឹក​សម្តេច​តេ​ជោ​ហ៊ុនសែន​បានសរសេរថា​ស្ថានភាព​នយោ​បាយ សង្គម និង​សេដ្ឋកិច្ច នៅក្នុង​ប្រទេសជាតិ​សព្វថ្ងៃ​គឺ​កំពុង​ឆ្ពោះទៅរក​ភាព​កាន់តែ​ល្អប្រសើរ​។​ចំពោះ​ចំណូល​ពន្ធ​គឺ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។​សេដ្ឋកិច្ចកម្ពុជា​ដែល​ពីមុន​ហ៊ុមព័ទ្ធ​ដោយ​ទារុណកម្ម​និង​ការកៀបសង្កត់​ប៉ុន្តែ​ពេលនេះ​គឺ​បាន​ងើប​លូតលាស់​និង​កាន់តែ​រឹងមាំ​។​សម្តេច​បាន​បន្ថែមថា​សូម​អរគុណ​ដល់​បងប្អូន​អាជីវករ ពាណិជ្ជករ និង​វិនិយោគ​គិ​ន​ដែល​បាន​បំពេញ កាតព្វកិច្ច​បង់ពន្ធ​និង​បាន​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឲ្យ​កាន់តែ​ធំ​ឡើង​នៅក្នុង​ប្រទេសជាតិ​។​

​សម្តេច​តេ​ជោ​បានបញ្ជាក់​នៅ​ឃ្លា​មួយ​ថា​”​កម្ពុជា​មិនអាច​រំពឹង​លើ​ជំនួយ​បរទេស​តែមួយ​មុខ​ទេ​ហើយ​កម្ពុជា​ក៏​មិន​ត្រូវយក​ឯករាជភាព​និង​អធិបតេយ្យភាព​របស់ខ្លួន​ទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះដែរ​។​ប៉ុន្តែ​យើង​ចង់​ធ្វើជា​មិត្ត​ល្អជា​មួយ​បណ្តា​ប្រទេស​ដៃគូ​នានា​ដែល​ចង់ឃើញ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ​ពិតប្រាកដ​ដោយ​គ្មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេសជាតិ​”​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្ត​ដោយ​រំលឹកថា​ប្រទេស​យើង​ពីមុន​ដែល​ធ្លាប់ជា​ប្រទេស​ក្រីក្រ​ធ្លាក់​ដល់​បាត​ដាល​ប៉ុន្តែ​ឥឡូវ​គឺ​បាន​ងើប​លេចធ្លោរ​រួចផុត​ពី​ភាពក្រីក្រ​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧​ភាគរយ​។​ដោយសារ​ចំណូល​ព​ន្ឋ​កាន់តែ​ខ្ពស់​ការ​ព្យាករ​របស់​យើង​ទៅ​ថ្ងៃ​អនាគត​គឺ​កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​នៅ​ចុងបញ្ចប់​សម្តេច​តេ​ជោ​បញ្ជាក់ថា​អរគុណ​សារជាថ្មី​ដល់​វិស័យ​ឯកជន​ទាំងអស់​នៅ​កម្ពុជា​ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស នឹង​ពង្រឹង​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​រឹងមាំ​មកទល់​សព្វថ្ងៃ និង អរគុណ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​យុវជន ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​យើង​៕​សរន​