សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាត​ឲ្យឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងជម្រាបលា

258
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក អាមយ៉ាត អាលី ស្ស៊ា (Amjad Ali sher) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

នៅក្នុងឱកាសនោះ លោក អាមយ៉ាត អាលី ស្ស៊ា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ លោកបាន ជម្រាបជូនសម្តេចប្រធាន​ព្រឹទ្ធសភាថា បេសកកម្មការទូតរបស់លោកនៅ ព្រះរាជាណាចក្រកកម្ពុជា​ក្នុងរយៈពេល៦ឆ្នាំកន្លះនេះ បានទទួលនូវបទ ពិសោធន៍ល្អៗជាច្រើន និងទទួលបានជោគជ័យ អាស្រ័យដោយមានការគាំទ្រពី ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ក្រសួង ស្ថាប័ន នៃព្រះរាជាណាចក្រ កម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពី ដំណើរទស្សនកិច្ចរបស់លោក​ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន មកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន ៣លើក ជាពិសេសបានអញ្ជើញមកចូលរួម​ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-នៅកម្ពុជា ហើយក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំនេះ លោកប្រធានព្រឹទ្ធសភា​នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក៏បានជួបសវនាការជាមួយនឹងសម្តេចប្រធាន​ព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រីផងដែរ។

ជាមួយគ្នានេះ ក៏មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានជាច្រើនលើកផងដែរ។ ហើយ អគ្គលេខាធិការដ្ឋានព្រឹទ្ធ​សភាកម្ពុជា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប៉ាគីស្ថាន បានចុះហត្ថលេខាលើអនុស្ស​រណៈយោគយល់គ្នាស្តីពី ការពង្រឹង​កិច្ចសហប្រតិបត្តិការសភា។ អនុស្សរណៈយោគយល់គ្នានេះ បានរួមចំណែក​បន្ថែមដល់ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង​ព្រឹទ្ធសភានៃប្រទេសទាំងពីរ។ អ្វីដែលលេចធ្លោនោះ គឺលោកប្រធានព្រឹទ្ធ​សភាប៉ាគីស្ថាន បានផ្ញើលិខិតអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅ​សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននាពេល​វេលាសមស្របណាមួយ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីលោកបញ្ចប់បេសកកម្មការទូត​នៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏លោកនៅតែខិតខំបន្តជួយជំរុញលើក​កម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការខាងនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរឱ្យកាន់តែខ្លាំងខ្លាថែមទៀត ។ ក្នុងនោះ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន គឺជាមិត្តរបស់ព្រះរាជាណាចក្រកម្ពុជា ហើយលោកសង្ឃឹថា ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងពង្រីក និងពូនជ្រំបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេចវិបុលសេនា​ភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូត​របស់លោកអាម​យ៉ាត អាលី ស្ស៊ា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្រេច​បាននូវលទ្ធផលគួរជាទី​មោទនៈ។

សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា លោក និងស្ថានទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹង​ប្រជាជនកម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានរួមចំណែកយ៉ាងសកម្ម​ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ជាពិសេសការលើកស្ទួយ និងជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចណ៍ ដែលនាំមកនូវផលប្រយោជន៍ដ៏ធំធេងឱ្យគ្នាទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប៉ាគីស្ថាន ដែលបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា កាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ក៏បានផ្ញើលិខិតអបអរសាទរជូនសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជ័យជម្នះនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ​ចំពោះលោកឯកអគ្គរដ្ឋទូតដែលបានធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភាកម្ពុជា ជាពិសេសជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ​រវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាប៉ាគីស្ថាន។

ជាការឆ្លើយតបចំពោះការអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាម​ប៉ាគី​ស្ថាន សម្តេចប្រធានព្រឹទ្ធសភា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបាន​ត្រៀមខ្លួន​ជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនលោកឯកអគ្គរដ្ឋទូត សូមឱ្យទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចថ្មី៕B/Ha