សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបប្រធានរដ្ឋសភាបង់ក្លាដេស

548
ចែករម្លែក

ដោយៈសុផល/ភ្នំពេញៈ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធ​​សភា សម្តេច​​វិបុល​សេនា​​​ភក្តី សាយ ឈុំ​ ប្រ​ធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបសវ​នា​ការ​​ជាមួយនឹងលោកជំទាវ Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាម​ព្រឹទ្ធសភា និងក្នុងនាម​សម្តេច​ផ្ទាល់​ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែង​​នូវការស្វាគមន៍ចំពោះលោកជំទាវ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-នៅកម្ពុជា ត្រូវបានសហការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហព័ន្ធសន្តិភាពសកល ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩។ ប្រធានបទនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបចំពោះស្ថានភាពសកលលោកដែលកំពុងមានការវិវត្តប្រែប្រួល ដ៏ឆាប់រហ័ស និងប្រកបដោយគ្រោះថ្នាក់។ហេតុនេះទាមទារឱ្យយើងទាំងអស់គ្នាចូលរួមលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគីនិយម និងគោរពនូវគោលការណ៍ច្បាប់អន្តរជាតិដើម្បីនាំមកនូវសុខដុមនីយកម្មនិងការអភិវឌ្ឍប្រក​បដោយចីរភាព​

នៅក្នុងឱកាសនោះ លោកជំទាវ Shirin Sharmin Chaudhury បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបនាពេលនេះ។ លោកជំទាវ បានសម្តែងនូវសេចក្តីរីករាយដែលមានឱកាសដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ Shirin Sharmin Chaudhury បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋបន្ត្រីនៃប្រទេសបង់ក្លាដេស ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១៧កន្លងទៅនេះ និងបានចុះអនុស្សារណនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងជាច្រើនរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពគ្នាដាក់ឈ្មោះផ្លូវ បិតាជាតិរបស់បង់ក្លាដេស នៅព្រះរាជាណាចក្រកម្ពុជា និងផ្លូវឈ្មោះ ព្រះបរមនាមរបស់ព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស ហើយគ្រោងនឹងសម្ពោធនាឆ្នាំ២០២០ ទន្ទឹមនឹងការប្រារព្វខួបលើកទី១០០ឆ្នាំនៃបិតាជាតិរបស់បង់ក្លាដេស។

លោកជំទាវ បានបញ្ជាក់ថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានផ្តួចផ្តើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយនឹងបិតាជាតិរបស់បង់ក្លាដេសនៅឆ្នាំ១៩៧៣ ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

លោជំទាវ បានសម្តែងនូវការអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីឆ្នាំឆ្នាំ២០១៨កន្លងទៅនេះ ដែលធ្វើឱ្យលោកជំទាវមានឱកាសបានជួបជាមួយនឹងថ្នាក់ដឹកនាំព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ រួមទាំងសម្តេចប្រធានព្រឹទ្ធសភាផងដែរ។

លោកជំទាវ Shirin Sharmin Chaudhury មានសេចក្តីសង្ឃឹងថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត។ ជាមួយគ្នានេះ លោកជំទាវបានស្នើឱ្យមានទំនាក់ទំនង និងកិច្ចសហប្រតិត្តិការរវាងសភានៃប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ច ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

លោកជំទាវ Shirin Sharmin Chaudhury បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបាន​គាំទ្រសុន្ទរកថារបស់លោកជំទាវ ដែលបានថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ ហើយលោកជំទាវសង្ឃឹមថា ខ្លឹមសារសុន្ទរកថានោះ នឹងត្រូវដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។  ជាមួយគ្នានេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា ទំនាក់​ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភាបង់ក្លាដេស និងព្រឹទ្ធសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀត។ ឆ្លៀតឱកាសនេះ លោកជំទាវ​បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបង់ក្លាដេស នៅពេលវេលា​សម​ស្របណាមួយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់លោកជំទាវ ដែលបានលើកឡើងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។  សម្តេចបានបញ្ជាក់ថា ប្រទេសកម្ពុជានិងបង់ក្លាដេស ធ្លាប់មានបទពិសោ​ធន៍ឆ្លងកាត់របបប្រល័យពូជសាសន៍ដូចគ្នា កាលពីអតីតកាល។ ដោយឡែក ព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានបទពិសោធន៍ប្រកបដោយជោគជ័យនៅក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ពិសេសការដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវសន្តិភាពពេញលេញ មានការឯកភាពជាតិ បូរណភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយកត្តាសន្តិភាពនេះ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស ដែលមានកំណើនសេដ្ឋកិច្ច ជាមធ្យម ៧% ក្នុងរយៈពេលពីរទសវត្សរ៍នេះ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់លោកជំទាវ ដែលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការផ្តល់ទស្សនទានដ៏សំខាន់ដល់កិច្ចប្រជុំ ធ្វើការត្រិះរិះពិចារណា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ។

សម្តេចប្រធានព្រឹទ្ធសភា បានរំលឹកថា ទំនាក់ទំនងការទូតកម្ពុជា-បង់ក្លាដេស ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ  “ព្រះបរមរតនកោដ្ឋ” ជាមួយបិតាជាតិរបស់បង់ក្លាដេស។ ទំនាក់ទំនងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំពីរ ត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ ក្នុងគោលដៅដើម្បីគុណប្រយោជ​ន៍​ដ៏ឧត្តុងឧត្តម សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-បង់ក្លាដេសនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលជាន់ខ្ពស់ ថ្នាក់ដឹកនាំជំានាញតាមក្រសួង ស្ថាប័ននានា ក៏ដូចជាស្តែងឡើងតាមការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ដើម្បីជាសក្ខីភាពនៃទំនាក់ទំនងដ៏ល្អប្រសើររវាប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ រដ្ឋាភិបាលបង់ក្លាដេស សម្រេចយកយកព្រះបរមនាមរបស់ព្រះករុណាព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដាក់ឈ្មោះផ្លូវមួយនៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា។ ចំណែកព្រះរាជាណាចក្រកម្ពុជា បានកំណត់យកផ្លូវក្រាលកៅស៊ូមួយ ដែលមានបណ្តោយប្រវែង១.៣១០ម៉ែត្រ និងទទឹងប្រវែង១៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់ដាក់ឈ្មោះបិតាជាតិរបស់បង់ក្លាដេស។ ផ្លូវទាំងពីរនេះ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២០ ខាងមុខនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្រ្តីបង់ក្លាដេសនៅព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងមក ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាច្រើន ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លា និងមានលទ្ធផលជាក់ស្តែងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិនិយោគ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណរដ្ឋាភិបាលបង់ក្លាដេស ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ២០នាក់ ពីឆ្នាំ២០០៨ ដល់២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្រី និងបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រសួងអប់រំកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យ អាស៊ីសម្រាប់ស្រ្តី ដោយសម្រេចផ្តល់អាហារូបករណ៍ក្នុងមួយឆ្នាំៗ ៥០កន្លែង ដ​ល់និស្សិតកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់បង់ក្លាដេស និងសូមប្រសិទ្ធពរជូនប្រជាជនបង់ក្លាដេស ទទួលបាននូវការអភិវឌ្ឍប្រទេសកាន់តែខ្លាំងក្លា មានវិបុលភាព វឌ្ឍនភាព និងកិត្យានុភាពនូវលើឆាកអន្តរជាតិ ក្នុងការរួមចំណែកជាវិជ្ជមានដល់ការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់​ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជានឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងខ្លាំងក្លា និងរឹងមាំថែមទៀតដល់ការពង្រឹងពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។ ជាការឆ្លើយតបចំពោះការអញ្ជើញ​សម្តេចទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសបង់ក្លាដេស សម្តេចប្រធានព្រឹទ្ធសភាសន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅ​បំពេញទស្ស​នកិច្ចនៅប្រទេបង់ក្លាដេស។សម្តេចបានប្រសិទ្ធពរ បវរមហាប្រសើរ ជូនលោកជំទាវ និងគណៈប្រតិភូ សូមទទួលបានសុខភាពល្អ បរិបូរណ៍ចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វីកប្រកបដោយជោគជ័យ៕B/