សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លង់

522
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលា ម៉ោង១០:២០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក  Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លង់ ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ដ៏កក់ ក្តៅជាទីបំផុត ដែលឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋអ៊ីស្លង់ តែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោក  Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ីស្លង់ បានថ្លែងអំណរ​គុណ​ចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយ​ពេល​វេលា​ដ៏មានតម្លៃអនុញ្ញា​ត​ឱ្យ​ឯកឧត្តមបានចូលជូន​សារតាំង និងសម្តែងការ​គួរ​សម។

លោក  Gunnar Snorri Gunnarsson ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ អ៊ីស្លង់ បានសម្តែងនូវ សេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន​របស់ប្រទេសកម្ពុជា។ ឯកឧត្តមមានសេចក្តី សង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតរបស់លោក នឹងពូនជ្រុំទំនាក់ទំនង មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអ៊ីស្លង់-កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោក Gunnar Snorri Gunnarsson  បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាគោលដៅ ទេសចរណ៍របស់ប្រជាជនអ៊ីស្លង់ ហើយនាពេលអនាគត ឯកឧត្តមសង្ឃឹមថា នឹងមានអ្នកទេសចរអ៊ីស្លង់ មកកាន់ប្រទេសកម្ពុជា​កាន់តែច្រើនថែមទៀត។ ប្រទេសអ៊ីស្លង់ គឺជាប្រទេសតូច ដែលមិនមានស្ថានតំណាង ប្រចាំប្រទេសច្រើនទេ។ ហេតុដូចនេះ ប្រទេសអ៊ីស្លង់មានសំណូមពរ អាចនឹងបង្កើតអគ្គកុងស៊ុលកិត្តិយស នៅរាជធានីភ្នំពេញ ដើម្បីសម្របសម្រួលទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែ រឹងមាំ។

តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ  បានពាំនាំនូវព្រះរាជបណ្តាំ សួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋអ៊ីស្លង់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿជឿជាក់ថា ក្នុងឋានៈឯកឧត្តមជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំជំរុញឱ្យមានការផ្លាស់ប្តូរទៅវិញ ទៅមកលើគ្រប់វិស័យ ឱ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹង លោកឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការឈានឡើងកម្រិតថ្មី មួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណនូវពាក្យពេចន៍ដ៏មានតម្លៃរបស់ឯកឧត្តម លោករដ្ឋទូត និងបានប្រសិទ្ធពរជូនលោកឯកអគ្គរដ្ឋទូត សូមមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕B/