សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ឧបត្ថម្ភ​ថវិកា​និង​គ្រឿងឧបភោគ​-​បរិភោគ​មួយចំនួន​ដល់​ម្តាយបង្កើត​និង​កូន​របស់​សព​លោក អ៊ិត សេដ្ឋា​

154

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ឧបត្ថម្ភ​ថវិកា​និង​គ្រឿងឧបភោគ​-​បរិភោគ​​មួយចំនួន​ដល់ ម្តាយ​និង​កូនបង្កើត​របស់​សព​លោក អ៊ិត សេដ្ឋា ដែលមាន​បន្ទុក​ត្រូវ​ចិញ្ចឹម​ចៅ​កំព្រា​ទាំង ៣​នាក់ ក្នុង​វ័យ​សិក្សា ។ ​ការផ្តល់​នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ក្នុងឱកាស​នោះ លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ និង​ក្តី​អាណិតអាសូរ​ចំពោះ​លោកយាយ យឹម សំអឿន អាយុ ៧៥​ឆ្នាំ ជា​ម្តាយបង្កើត​របស់ លោក អ៊ិត សេដ្ឋា និង​ចៅៗ ដែល​រស់នៅក្នុង​ស្ថានភាព​លំបាក​បន្ទាប់ពី​បាត់បង់​លោក អ៊ិត សេដ្ឋា​ដែលជា​​បង្គោល​ក្នុង​គ្រួសារ​។

​ជាមួយគ្នានេះ លោកជំទាវ បាន​ជូនពរ​លោកយាយ មាន​សុខ​ភាពល្អ អាយុ​យ៉ឺ​ន​យូរ ដើម្បី​នៅ​ជា​ម្លប់​និង​ភាពកក់ក្តៅ​ដល់​ចៅៗ និង​សូម​ផ្តាំផ្ញើ​ដល់​ចៅៗ​ទាំង ៣​នាក់ ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង ហើយ​ត្រូវ​កតញុតា​ចំពោះ​លោកយាយ​។​

​សូម​រំលឹកថា មរណភាព​លោក អ៊ិត សេដ្ឋា បាន​បន្សល់ទុក​នូវ​ការ​រំជួលចិត្ត​ជាខ្លាំង ព្រោះ​ការបាត់បង់​រូបលោក​បាន​បន្សល់ទុក​កូនកំព្រា​បីនាក់ និង​ម្ដាយ​ចាស់ជរា​ម្នាក់​គ្មាន​ទីពឹង​។ តែ​ស្រប​ពេលដែល​កូនៗ​របស់លោក​កំពុង​ជួប​ទុក្ខសោក​នេះដែរ ពួកគេ​មិន​ត្រឹមតែ​មានការ​លើកទឹកចិត្ត​ពី​អ្នក​នៅ​ជុំវិញខ្លួន​ទេ គឺមាន​ទាំង​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ឧកញ៉ា​កំពូលៗ​ជាច្រើនរូប​បាន​សន្យា​ជួយ​កូន និង​ម្ដាយ​លោក​៕​ដោយៈ​សាវ​រក្ស​/sn

​លោកស្រី ម៉ែន នារី​សោ​ភ័គ បាន​នាំ​ថវិកា​និង​គ្រឿងឧបភោគ​-​បរិភោគ​មួយចំនួន​និង​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ និង​ក្តី​អាណិតអាសូរ​