សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដំណើរ​លោកស្រី​ភរិយា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ទស្សនកិច្ច​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ

720
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជូន​ដំណើរ​លោកស្រី រ៉ា​ឌី​កា សា​ក្យា ភរិយា​លោក​ខេ​ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មក​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ដែលមាន​ចំណាស់​ជាង​១០០​ឆ្នាំ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដំណើរ​លោកស្រី​ភរិយា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ទស្សនកិច្ច​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​(​រូប​ថ​តៈ វីរៈ​មុនី​)

​លោក សោម សុគន្ធ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ហេង សុ​ផា​ឌី សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ និង​និស្សិត បាន ទទួល​ស្វា​គម​និង​បដិសណ្ឋារកិច្ច​ដំណើរ​ទស្សនកិច្ច​នេះ​។​

​ថ្លែង​ក្នុង​ពិធី​ដំណើរ​ទស្ស​កិច្ច​ជា​ផ្លូវការ​របស់លោក​ស្រី រ៉ា​ឌី​កា សា​ក្យា ភរិយា​លោក​ខេ​ភី សា​ម៉ា​អូ​លី​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នេះ លោក​សោម សុគន្ធ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែងឱ្យដឹងថា សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ គឺជា​សាកលវិទ្យាល័យ​មាន​វ័យ​ចំណាស់​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សាកលវិទ្យាល័យ​នេះ បង្កើតឡើង​តាំងពី​ឆ្នាំ​១៩១៧ លើ​ផ្ទៃដី​ទំហំ​១៧.០១៣​ម៉ែត្រក្រឡា​ដែល​រហូត មកទល់ពេលនេះ​មាន​អាយុ​១០២​ឆ្នាំ​ហើយ​។​

​លោក​បាន​ជម្រាបជូន​គណៈប្រតិភូ​ថា​៖ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​បានធ្វើ​ដំណើរ​យ៉ាង​វែងឆ្ងាយ តាំងពី​ពេល​កកើត​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។ នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុលពត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ត្រូវបាន​បិទទ្វារ ហើយ​ធនធានមនុស្ស​ជាច្រើន​របស់​សាកលវិទ្យាល័យ ត្រូវ​ពួក​ប៉ុលពត​កាប់សម្លាប់​ស្ទើរ​គ្មាន​សល់​។​

​ក្រោយ​របប​ប៉ុលពត​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ដំណើរការ​សាកលវិទ្យាល័យ​ឡើងវិញ​នៅ​ឆ្នាំ​១៩៨៨​ដោយ​ប្រមូល​សាស្ត្រាចារ្យ​និង​អ្នកជំនាញ​ដែល​នៅ​សេសសល់​ពី​ការកាប់សម្លាប់​របស់​ពួក​ប៉ុលពត​ដើម្បី​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​សិល្បៈ​និង​វប្បធម៌​។​

​សព្វថ្ងៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​និង​ជា​ស្ថាប័ន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​ដ៏​សំខាន់​ផ្នែក​សិល្បៈ​និង​វប្បធម៌​។​បច្ចុប្បន្ន​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​មាន​ប្រាំ​មហាវិទ្យាល័យ​គឺ មហាវិទ្យាល័យ​បុរាណវិទ្យា មហាវិទ្យាល័យ​ស្ថាបត្យកម្ម​និង​នគរ​រោ​ប​នី​យ​វិទ្យា មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មហាវិទ្យាល័យ​តូរ្យតន្ត្រី​និង​មហាវិទ្យាល័យ​នាដ​សាស្ត្រ​ដែលមាន​និស្សិត​កំពុង​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩​សរុប​ចំនួន​២៤៣៥​នាក់​និង​សាស្ត្រាចារ្យ​មន្ត្រីរាជការ​សរុប​ចំនួន​២៣៥​នាក់​។​

​លោក សោម សុគន្ធ ជំនួសមុខ​ឲ្យ​លោកស្រី​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ លោក​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជំ​ពោះ​លោកស្រី រ៉ា​ឌី​កា សា​ក្យា ដែល​បានផ្តល់​កិត្តិយស​ដ៏​ធំធេង​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

​សូមជម្រាបថា​៖​លោកស្រី រ៉ា​ឌី​កា សា​ក្យា ភរិយា​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​អញ្ជើញ​ទស្សនា​មហាវិទ្យាល័យ​នានា​និង​ទស្សនា​សិល្បៈ​ទស្សនីយភាព របាំ​ក្បាច់​បាត ,​របាំ​សូត្រ​,​របាំ​ក្ងោក​,​ស្នាដៃ​គម្រោង​ស្ថាបត្យកម្ម​, គំនូរ​, ឧបករណ៍​ភ្លេង​និង​តន្ត្រី ។​

​គួររម្លឹកថា​លោក ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩៕