សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រគល់​ថវិកា​១​លាន​ដុល្លារ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

864
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សវនាការ​និង​ប្រគល់​ថវិកា​១.០០០.០០០​ដុល្លារ (​មួយ​លាន​ដុល្លារ​អាមេរិក​) ជា​លើក​ទី ២​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ដែលមាន​គណៈប្រតិភូ​ដឹកនាំ​ដោយ អគ្គបណ្ឌិត​សភាចា​រ្យ​អូន ព័ន្ធមុនីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​ពិធី​ជំនួប​និង​ប្រគល់​ថវិកា​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​កា​លពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩​។​ថវិកា​ចំនួន ១​លាន​ដុល្លារ​នេះ ក៏​ត្រូវបាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ជា​ប្រធានកិត្តិយស​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងពេល​នោះដែរ​។​

​ថវិកា​នេះ​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុងការ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កុមារ​កម្ពុជា​រាប់លាន​នាក់​និង​ចូលរួម​លើកកម្ពស់​សុខភាព​កុមារ​កម្ពុជា​។​ក្នុងឱកាស​ជួប​សវនាការ​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន​បាន​សម្តែង​នូវ​ក្តី​សោម​ស្ស​រីករាយ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការអញ្ជើញ​ដល់​របស់​គណៈប្រតិភូ​និង​កោតសរសើរ​។​ជាពិសេស​ចំពោះ​ស្ថាបនិក​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ក៏ដូចជា​ក្រុមគ្រូពេទ្យ​និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​កៀរគរ​រក​មូលនិធិ​។​

​ជាមួយ​នោះ​ជួយ​ព្យាបាល​ជំងឺ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​ឆ្លងទន្លេ​និង​កុមារ​កម្ពុជា​រាប់ពាន់​រាប់ម៉ឺន​នាក់​ដែលជា​ផ្នែក​ក្នុងការ​កាត់បន្ថយ​អត្រា​មរណៈ​មាតា​ទារក​និង​កុមារ​និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​ទន្ទឹមនឹងនោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​ក៏បាន​រំលឹក​ពី​ប្រវត្តិ​ស្នាដៃ​របស់លោក​វេជ្ជបណ្ឌិត​បេ​អាត​រិច​នឺ​ដែល​បាន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ស្រោចស្រង់​អាយុជីវិត​របស់​កុមារ​កម្ពុជា​បាន​រាប់លាន​នាក់ ក្នុងពេល​កន្លងមក​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​បាន​អនុញ្ញាតឱ្យ​គណៈប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម និង​បាន​ជម្រាបជូន​ពី​ដំណើរការ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ក៏ដូចជា​របាយការណ៍​ឆ្នាំ​២០១៨-២០១៩ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​មូលនិធិ​ពី​វិស័យ​នានា និង​សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន ដើម្បី​យក​ថវិកា​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ចាត់ចែង​ចំណាយ​ប្រចាំថ្ងៃ​របស់​មន្ទីរពេទ្យ​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាកបាទក្រហមកម្ពុជា​ជាពិសេស​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​តែងតែ​គិតគូរ​ជួយ​សម្រាល​ទុក្ខលំបាក និង​ទ្រទ្រង់​ដល់​សុខុមាលភាព​របស់​ស្ត្រី និង​កុមារ​កម្ពុជា​នៅ​ទូទាំងប្រទេស​។​

​សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​២​ដែល​កាកបាទក្រហមកម្ពុជា​បានផ្តល់​ថវិកា​១​លាន​ដុល្លារ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ហើយ​ដែល​ត្រូវជា​ឆ្នាំ​ទី ៨ (៨​លើក​) សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា គិតពី​ឆ្នាំ ២០១២ បន្ត​បន្ទាប់មក​៕S/

​ចំណងជើង​រូបថត​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានទទួល​ជួប​សវនាការ​និង​ប្រគល់​ថវិកា​១,០០០,០០០ (​មួយ​លាន​ដុល្លារ​អាម៉េរិក​) ជា​លើក​ទី ២ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​(​រូប​ថ​តៈ វីរៈ​មុនី​)