សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​កុមារ​ពិការ កុមារ​មាន​សតិ​មិនល្អ ជាង​២០០​នាក់​

408
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ​និង​ប្រគល់​អំណោយ​មនុស្សធម៌​ជូន​ដល់​កុមារ​ពិការ កុមារ​សតិ​មិនល្អ​ជិត​៣០០​នាក់ នៅ​បុរី​ទារក​និង​កុមារ​ជាតិ​និង​អង្គការ​ទន្សាយ ដែល​ស្ថិតនៅ​ភូមិ​តំណាក់​៣​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ជានិច្ច​ជា​កាល​តែងតែ​អញ្ជើញ​ចុះសួរសុខទុក្ខ​ដោយផ្ទាល់ ដោះស្រាយ​រាល់​ការលំបាក​ទាំងអស់ ដល់​ក្មួយៗ ចៅប្រុស ចៅស្រី ដែលជា​កុមារកំព្រា​អនាថា និង​ពិការភាព ជន​ទុរគត​ប្រកបដោយ​ព្រហ្ម​វិហារធម៌​វិសេស​ថ្លៃថ្លា​។ ជាពិសេស រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ គឺមាន​វត្តមាន​អ្នក​ម្តាយ​មនុស្សធម៌​គ្រប់ពេលវេលា​ជួយ​ដោះស្រាយ​និង​សម្រាល​រាល់​ទុក្ខលំបាក​របស់​កូនចៅ ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​
​នេះ​ជា​លើក​ទី​៤​ហើយ ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​កុមារ​ពិការ កុមារ​មាន​សតិ​មិន​គ្រប់​នៅ​បុរី​ទារក​និង​កុមារ​ជាតិ​នេះ​។​

​លោកស្រី ថោ ពៅ ប្រធាន​បុរី​ទារក​និង​កុមារ​ជាតិ​បាន​ថ្លែងថា​៖ បុរី​ទារក​និង​កុមារ​ជាតិ​កើតឡើង​នៅ​ឆ្នាំ​១៩៨០ និង​ប្តូរ​ទីតាំង​មក​ខណ្ឌមានជ័យ​នេះ​នៅ​ឆ្នាំ​២០០៨​។ មជ្ឈមណ្ឌល​នេះ មាន​៦៦​បន្ទប់ ដែល​ក្នុងនោះ​មាន បន្ទប់​ស្នាក់នៅ​កុមារ​ចំនួន​៣០​បន្ទប់​, បន្ទប់​ស្នាក់នៅ​របស់​អ្នក​ថែទាំ​ចំនួន​១០​បន្ទប់ និង​បន្ទប់​អនុវត្ត​សកម្មភាព​ផ្សេងៗ និង​មាន​បន្ទប់ទឹក​ចំនួន​៥​ស្មើនឹង​៤០​បង្គន់​។ ចាប់ពី​ខែមីនា​ឆ្នាំ​២០១៨ បុរី​ទារក​និង​កុមា​ជាតិ​មាន​ជណ្តើរ​ជម្រាល​ពី​ជាន់​ទី​១ សម្រាប់​កុមារ​មាន​ពិការភាព​ប្រើប្រាស់ ដែល​ឧបត្ថម្ភ​ដោយ​លោកស្រី ម៉ែន ភក្តី ហុក​ឡងឌី​ព្រមទាំង​បុត្រ​។ បច្ចុប្បន្ន​បុរី​ទារក​និង​កុមារ​ជាតិ​មាន​កុមារ និង​យុវជន​សរុប​ចំនួន​១៤៣​នាក់ ប្រុស​៨៣​នាក់​ស្រី​៦០​នាក់ មាន​អាយុ​ពី​០៥​ខែ​រហូត​៣៩​ឆ្នាំ​។​ប្រៀបធៀប​ពី​ឆ្នាំ​២០១៦ គឺ​កុមារ​មានការ​កើនឡើង​ចំនួន​៣៩​នាក់​។ ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ស្ថានភាព​កុមារ​ចំនួន​២១​នាក់​មានការ​ប្រែប្រួល ដែល​ក្នុងនោះ​កុមារ​ចេញទៅ​រស់នៅ​ជាមួយ​សាច់ញាតិ​មាន​ចំនួន​៦​នាក់ ផ្ទេរ​ទៅ​ទទួល​សេវា​ពី​ស្ថាប័ន​ផ្សេង​ចំនួន​៥​នាក់​, មានលទ្ធភាព​ចេញទៅ​រស់នៅ​ដោយ​ខ្លួនឯង​ចំនួន​៤​នាក់​, ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​ក្រោម​ការឧបត្ថម្ភ​ពី​សប្បុរសជន​១​នាក់ និង​ទទួលមរណភាព​៥​នាក់​។ កុមារ​ទាំងនេះ ភាគច្រើន​ត្រូវបាន​ឪពុក​ម្តាយបង្កើត​បោះបង់ចោល​នៅតាម​មន្ទីរពេទ្យ និង​មួយចំនួន ត្រូវ​ឪពុកម្តាយ​បោះបង់ចោល​នៅខាងមុខ​មណ្ឌល​តែម្តង​។​

​លោកស្រី ថោ ពៅ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់នូវ​ភាពកក់ក្តៅ​សិ្ន​ទ្ធិ​ស្នាល​ស្រលាញ់​រាក់ទាក់ ញ៉ាំង​ឲ្យ​ក្មួយៗ ចៅស្រី ដែលជា​កុមារកំព្រា​អនាថា និង​ពិការ​ទាំងអស់​ចងចាំ គោរព​ដឹងគុណ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចាត់ទុក​ដូចជា​ម្តាយ​និង​ជីដូន​បង្កើត​អស់​មួយជីវិត​។​

​ជាមួយគ្នានេះ លោកស្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ត​បណ្តាញទឹក​ថ្មី​ឲ្យ​ក្មួយៗ​ចៅៗ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​ដែល​អស់​ទឹកប្រាក់​ចំនួន ៣,៨១៦,២០០​រៀល​។ នេះ​ជា​លើក​ទី​៤​ដែល​សម្តេច​បាន​ផ្តល់នូវ​ជំនួយ​មនុស្សធម៌​ដល់​ក្មួយៗ​ចៅៗ ដែលមាន​ពិការភាព​រស់នៅ​ទីនេះ​។ ឆ្លៀត​ក្នុង​កាស​នេះ​ផងដែរ​លោកស្រី ក៏​សូម​ថ្លែងអំណរគុណ​ដល់​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​កែលម្អ​ទីធ្លា​ក្នុង​បុរី​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​និង​ទឹកចិត្ត អាណិត​ស្រឡាញ់​ដែល​បានមក​សួរសុខទុក្ខ រៀបចំ​អាហារ​និង ចែក​អំណោយ​ដោយផ្ទាល់​ដល់​កុមារ​ពិការ និង​កុមារ​មាន​សតិ​មិនល្អ​។​

​សម្តេច​ប្រធាន​កាកបាទក្រហម បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​បុរី​ទារក និង​កុមារ​ជាតិ និង​អង្គការ​ទន្សាយ ព្រមទាំង​គ្រូ អ្នកថែរក្សា​កុមារ អ្នកស្ម័គ្រចិត្ត​ខ្មែរ​និង​បរទេស ដែល​បាន​ជួយ​មើលថែរក្សា​កុមារ​យ៉ាង​យកចិត្តទុកដាក់​។​នេះ​ជាការ​លះបង់​មួយ​ដ៏​ខ្ពស់បំផុត​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ស្នើឱ្យ​បុរី​ទារក​និង​កុមារ​ជាតិ ជួយ​បន្ត​ការថែរក្សា អប់រំ និង​មើល​ការខុសត្រូវ​ដល់​កុមារ​ពិការ កុមារ​មាន​សតិ​មិនល្អ បន្តទៅទៀត​។​

​អំណោយ​ដែល​ត្រូវ​ផ្តល់ជូន បុរី​ទារក​និង​កុមារ​ជាតិ អង្ក​ការ​ទន្សាយ​(​សរុប​២៧៥​នាក់​) បុរី​ទារក​និង​កុមារ​ជាតិ មាន​៖​អង្ករ ៣​តោន មី​យើង​៥០​កេស ត្រីខ​៨​កេស ត្រីងៀត​១៥​គីឡូក្រាម សាច់ក្រក​១៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​៣០​ដប ទឹកត្រី​៣០​ដប ទឹកបរិសុទ្ធ​៣០​កេស ទឹកក្រូច​៣០​កេស ក្រូចឃ្វិច​៥​កេស ផ្លែ​ទំពាំងបាយជូ​៥​កេស ទឹកដោះគោ​ម្សៅ​កូនក្មេង​៣០​កេស (​ស្មើ​១៨០​កំប៉ុង​) សាប៊ូកក់សក់ សាប៊ូ​ដុស​ខ្លួន​២០​កេស​(​ស្មើ​២៤០​ដប​) ថវិកា​ដប់​លាន​រៀល និង អាហារ​៣០​តុ​។​

​សម្រាប់​បុគ្គលិក​៩០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម ឃី​ត​១​កញ្ចប់ និង​ថ​វិ​លារ​១០​ម៉ឺន​រៀល ចំណែក​អ្នកស្ម័គ្រចិត្ត​ទទួលបាន​ក្រ​ម៉ា​កាកបាទក្រហម​១​និង​ថវិកា​១០​ម៉ឺន​រៀល​៕ ល​