សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៖ កាកបាទក្រហម ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ពង្រីក​សមាជិក​យុវជន​ទាំង​គុណភាព​

572
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យុវជន​កាកបាទក្រហម​កម្ពុជា សាខា​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៨-២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ព្រមទាំង​ការបំពាក់​កន្សែង​ជូន​យុវជន​កាកបាទក្រហម​រាជធានី​ភ្នំពេញ ប្រមាណ ៣,៨០០​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ណែនាំ​ឱ្យ​សាខា​កាកបាទក្រហម​ទាំង​២៥​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រីក​សមាជិក​យុវជន​កាកបាទក្រហម​កម្ពុជា ដោយ​មិនត្រូវ​យកតែ​បរិមាណ​នោះទេ គឺ​ត្រូវ​គិតពី​គុណភាព​ផងដែរ​។ ដើម្បី​ធានាបាន​នូវ​គុណភាព​របស់​យុវជន​កាកបាទក្រហម​កម្ពុជា​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានកំណត់​ឱ្យ​ជ្រើស​រើសយក​យុវជន​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម ក៏បាន​មានប្រសាសន៍​រំលឹកថា កន្លងទៅ​សម្តេច​ឃើញ​តាម​សាខា​កាកបាទក្រហមកម្ពុជា​ខ្លះ​បាន​ជ្រើស​យក​យុវជន​អាយុ​ត្រឹម​១២ ឬ​១៣​ឆ្នាំ ដែលមាន​វ័យក្មេង​ខ្ចី​នៅឡើយ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​គូសបញ្ជាក់ថា ការជ្រើសរើស​យុវជន​មាន​វ័យក្មេង​ពេក គឺ​ពួកគេ​យល់​មិនទាន់បាន​ច្បាស់លាស់​ពី​តួនាទី និង​ភារកិច្ច​របស់​ពួកគេ​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​គាំទ្រ​ដល់​សាខា​កាកបាទក្រហម​ទាំងអស់​យកចិត្តទុកដាក់​ទៅលើ​ការពង្រឹង និង​ពង្រីក​ចលនា​យុវជន​។ ប៉ុន្តែ​ការពង្រីក​នេះ​មិនត្រូវ​គិតតែ​លើ​បរិមាណ​នោះទេ គឺ​ត្រូវ​គិតពី​គុណភាព​ផងដែរ​។​
​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានលើកឡើង​ថា​សាខា​កា​កា​បាទ​មួយចំនួន គឺ​ជ្រើសរើស​អាយុ​តូចៗ​ពេក​ដែល​ពួកគាត់​អត់​យល់​ពី​តួនាទី​។ គោលការណ៍​កាកបាទក្រហម​ជ្រើសរើស​ចាប់ពី​អាយុ​ត្រឹម​១៥​ឆ្នាំ​ឡើង​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​រំលឹក​ទៀតថា ការជ្រើសរើស​យុវជន​នេះ​ទៀតសោត មិនត្រូវ​ចេះតែ​ជ្រើសរើស​នោះទេ គឺ​ត្រូវ​ជ្រើសរើស​យុវជន​ដែលមាន​សកម្ម​ភាពជា​គំរូ​នៅក្នុង​សង្គម មាន​សីលធម៌ មានគុណ​ធម៌​ក្នុងការ​រស់នៅ ចេះ​ជួយ​រាល់​ទុក្ខ​ធុរៈ​របស់​មិត្តភក្តិ មនុស្ស​ចាស់ជរា និង​ទុរគតជន​ជាដើម​។​

​ក្នុងឱកាស​បំពាក់​កន្សែង​ជូន​យុវជន​កាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំពេញ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម ក៏បាន​ណែនាំ​ដល់​យុវជន​កាកបាទក្រហម​ទាំងអស់ ត្រូវ​ប្រឹងប្រែង​រួមគ្នា​សាបព្រោះ​នូវ​សកម្ម​ភាពជា​គំរូ​នៅក្នុង​សង្គម ស្តាប់​ដំបូន្មាន​របស់​ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ ចេះ​ជួយ​ទុក្ខ​ធុរៈ​របស់​មិត្តភក្តិ ជនទីទ័លក្រ ចាស់ជរា និង​ទុរគតជន​ផងដែរ​។ ក្រៅពីនោះ​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ដូចជា​ការអប់រំ​ច្បាប់​ចរាចរណ៍ និង​អប់រំ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ជាដើម​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​រំលឹកថា បណ្តាញ​យុវជន​កាកបាទក្រហម​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៦ ដែល​ពេលនោះ មាន​បណ្តាញ​យុវជន​ត្រឹមតែ ១,០០០​នាក់​ប៉ុណ្ណោះ​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ បណ្តាញ​យុវជន​បាន​កើន​ឡើងដល់ ២៦,៩១៩​នាក់​។ ចាប់តាំងពី​ការបង្កើត​បណ្តាញ​យុវជន​កាកបាទក្រហម​កម្ពុជា ឱ្យមាន​ឡើងវិញ រហូតមកទល់​ពេលនេះ យុវជន​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការងារ​សង្គម នៅ​គ្រប់​រាជធានី​-​ខេត្ត តាមរយៈ​គម្រោង និង កម្មវិធី​ផ្សេងៗ របស់​កាកបាទក្រហម​កម្ពុជា ហើយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​យុវជន​កាកបាទក្រហម​កម្ពុជា បាន​ក្លាយជា​យុវជន​គំរូ​ប្រកបដោយ​សមត្ថភាព មានគុណ​ធម៌ មាន​សេចក្តីថ្លៃថ្នូរ​សម្រាប់​មនុ​ស្ស​ជាតិ ស្របតាម​គោលការណ៍​គ្រឹះ​នៃ​ចលនា​អន្តរជាតិ កាកបាទក្រហម​-​អឌ្ឍចន្ទ​ក្រហម ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ អភិវឌ្ឍ​យុវជន​របស់​កាកបាទ​ក្រហម​កម្ពុជា​៕ ល​