សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​និង​មហា​ឧបាសិកា​ប៊ុន​ស៊ា​ង​លី​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​៤

199
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ភរិយា​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មហា​ឧបាសិកា​ប៊ុន​ស៊ា​ង​លី​ព្រមទាំង​ក្រុមគ្រួសារ​។​អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​-​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​និង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​។​

​បាន​អញ្ជើញ​បូជា​ទៀនធូប​ផ្កា​ភ្ញី​ថ្វាយ​ព្រះ​រតនត្រ័យ​និង​នាំយក​នូវ​គ្រឿងឧបភោគ​-​បរិភោគ​ចង្ហាន់​បិណ្ឌ​បាត្រ​និង​បច្ច័យ​ទៅកាន់​បិណ្ឌ​ទី​៤​នៅ​វត្ត​លង្កា​ព្រះ​កុ​សុមា​រាម​។​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​ពិធី​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​៤​រោច​ខែភទ្របទ​ឆ្នាំកុរ​ឯកស័ក​ព​.​ស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​ត្រូវ​នឹង​វេន​កាន់បិណ្ឌ​ទី​៤​។​

​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជា​ពុទ្ធសាសនិកជន​ទូទាំងប្រទេស​កម្ពុជា​កំពុង​ចូលរួម​សប្បាយរីករាយ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​ក្នុងការ​នាំយក​នូវ​ទេយ្យទាន​និង​គ្រឿងឧបភោគ​-​បរិភោគ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​គ្រប់​ទី​អារាម​ទូទាំងប្រទេស​។​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា​បុព្វការី​ជន​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​។​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក៏បាន​ឧទ្ទិស​ផល្លានិសង្ស​ដែល​កើតចេញពី​សទ្ធា​ជ្រះថ្លា​នេះ​ឧទ្ទិស​មនុញ្ញផល​ជូន​ដល់​បុព្វការី​ជន​មាន មាតាបិតា ជីដូន​ជីតា​និង​ញាតិ​ការ​ទាំង​៧​សន្តាន ផងដែរ​។​

​សូមជម្រាបថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​ជ្រះថ្លា​មួយ​ក្នុង​ព្រះពុទ្ធសាសនា ដែល​តែងតែ បូជា​ទៀនធូប ផ្កា​ភ្ញី​ថ្វាយ​ព្រះសម្មាសម្ពុទ្ធ​និង​នាំយក​ទេយ្យវត្ថុ​ជាច្រើន​រួមទាំង​បច្ច័យ ប្រគេន​ព្រះសង្ឃ​គង់នៅ​តាម​វត្ដ​អារាម​ដើម្បី​ទ្រទ្រង់​និង​ជ្រោង​ទង់​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ឱ្យ​កាន់តែ​រីកចម្រើន​។​

បច្ច័យ​ដែល​ទទួលបាន​ដោយ​សទ្ធា​ជ្រះថ្លា​នេះ​មាន​ចំនួន​ជិត​១៦​លាន​រៀល​និង​៤.២២០​ដុល្លារ​អាមេរិក​។​ក្នុង​ឳ​កាស​នោះដែរ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ក៏បាន​ជូន​ថវិកា​និង​ក្រណាត់ស ជូន​ដល់​ចាស់​ព្រឹទ្ធ​ចា​រ្យ លោកតា​លោកយាយ​និង​ក្មេងៗ​ព្រមទាំង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ព្រមទាំង​បាន​ពន្លែង​ចាប​ឱ្យមាន​សេរីភាព​ផងដែរ​។​

​សូមជម្រាបថា​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​សាសនា​ប្រចាំឆ្នាំ​ធំ​មួយ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រារព្ធ​ធ្វើ​ចាប់​ពីថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ​ជា​រៀងរាល់ឆ្នាំ​តាំងពី​បុរាណកាល​មក​។​ក្រោម​ម្លប់​សុខសន្តិភាព​បច្ចុប្បន្ន​ក​ម្ពុ​ជាមាន​វត្ត​អារាម​ជិត​៥​ពាន់​ព្រះសង្ឃ​ប្រមាណ​៧​ម៉ឺន​អង្គ​នៅ​ទូទាំងប្រទេស​ជា​ស្រែបុណ្យ​សម្រាប់​ប្រជា​ពុទ្ធបរិស័ទ គោរព​សក្ការៈ ធ្វើ​បុណ្យទាន​៕S/