សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​កូន​គំរូ ជា​ភរិយា​គំរូ ជា​មាតា​គំរូ និង​ជា​ជីដូន​គំរូ

410
ចែករម្លែក

​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩ ជា​ថ្ងៃ​ខួប​ចម្រើន​ជន្មាយុ​គម្រប់ ៦៥​ឆ្នាំ ឈានចូល ៦៦​ឆ្នាំ របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ នៅក្នុង​ថ្ងៃ​ខួបកំណើត​នេះ ព្រះមហាក្សត្រ មហាក្សត្រី មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ បាន​ផ្ញើ​សារ​ជូនពរ ដែល​បង្ហាញ​ពី​ទឹក​ព្រះទ័យ និង​ទឹកចិត្ត​ស្រឡាញ់​គោរព​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​យ៉ាង​ជ្រាលជ្រៅ ជាទីបំផុត​។​
​ ​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា ​ឧត្តម​ភរិយា​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ និង​មេដឹកនាំ​ពិភពលោក​ផងដែរ ធ្វើការ​វាយតម្លៃ​ខ្ពស់​ថា ជា​កុលធីតា​កម្ពុជា​មួយរូប ដែល​បានធ្វើ​សកម្មភាព​យ៉ាងក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ជា​និមិត្តរូប​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម នៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ នៅ​កម្ពុជា​គ្រប់រូប ដោយ​មិន​ប្រកាន់​និន្នាការ រើសអើង​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ​។​
​ ​
​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រសូត​ចេញពី​ត្រកូល​កសិករ ក្នុងភូមិ​ទី​២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​១៩៥៤​។ សម្តេច​មាន​លោកឪពុក ឈ្មោះ លីន គ្រី (​ទទួលមរណភាព​) និង​អ្នក​ម្តាយ​ឈ្មោះ ប៊ុន ស៊ា​ង​លី​។ សម្តេចមាន​បងប្អូន ៦​នាក់ ស្រី​២​នាក់​។

​ក្នុង​វ័យ​វឌ្ឍនាការ ដែល​ប្រទេស​ធ្លាក់​ក្នុង​ភាព​កលិយុគ​នេះ យុវនារី ប៊ុន រ៉ានី បាន​ចូលប្រឡូកចលនា​តស៊ូ ក្នុង​អាយុ ១៦​ឆ្នាំ​។ ពោល​ចលនា​តស៊ូ​នេះ បានចាប់ផ្តើម​នៅក្រោយ​ពេលដែល​ព្រះ ប្រមុខរដ្ឋ​ដ៏​ល្បាញ​ល្បី​ក្នុងសម័យ​សង្គមរាស្ត្រនិយម ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​ក្រុម​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង នៅ​ថ្ងៃ​១៨ ខែមីនា ឆ្នាំ​១៩៧០​។​

​ចលនា​តស៊ូ ដែល​ធ្វើឡើង​តាម​ព្រះរាជបន្ទូល​អំពាវនាវ​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ បានធ្វើ​ឲ្យជីវិត​យុវនារី ប៊ុន រ៉ានី លះបង់​អស់​សេចក្តីសុខ និង​សេចក្តីត្រូវការ​ក្នុង​យុវភាព ​ហើយ​ត្រូវបាន​ផ្លាស់ទី​ក្នុងព្រៃ​ស្ទើរ​គ្រប់​ទីកន្លែង​ជាមួយ​កម្លាំង​ចលនា​តស៊ូ ដោយ​រំពឹង​អាច​ដណ្តើម និង​រំដោះប្រទេសកម្ពុជា​ថ្វាយ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ​។
​ ​
​តែ​ផ្ទុយទៅវិញ ចលនា​តស៊ូ​ដណ្តើម​ប្រទេស​ពី​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គម្ចាស់ សិរី​មតៈ នៅ​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ មិនបាន​បំពេញ​សេចក្តី​បំណង និង​ការរំពឹង​អ្នកតស៊ូនោះឡើយ​។​

​ការប្រឹងប្រែង​ពលី​កម្លាំងកាយ​ចិត្ត​ក្នុង​ចលនា​តស៊ូ​រំដោះប្រទេស​ជាតិ​របស់​កុល​ធីតា​ខ្មែរ ប៊ុន រ៉ានី ជាមួយ​អ្នក​ស្រឡាញ់ និង​ស្នេហា​ជាតិខ្មែររាប់ពាន់ រាប់ម៉ឺន​នាក់​ទៀត ត្រូវ​ធ្លាក់​ក្នុង​ក្តី​អស់សង្ឃឹម ដ្បិត​សមិទ្ធផល នៃ​ការតស៊ូ ត្រូវបាន​ក្តោប​ក្តាប់​ដោយ​បុគ្គល​មួយក្រុម ដូចជា ប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី អៀង ធិ​រិ​ទ្ធ​…​ទៅវិញ​។ របប​កម្ពុជា​ប្រជាធិបតេយ្យ បានធ្វើ​ឲ្យ​យុវនារី ប៊ុន រ៉ានី និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ត្រូវ​រស់​រងគ្រោះ​ជាថ្មី​ក្នុង​ស្បៃ​អន្ធិកា​ដ៏​ខ្មៅ​ងងឹត និងមហា​សែន​លំបាក​។
​ ​
​ទោះជា​យ៉ាងណា​ជីវិត​របស់​កុមារី ប៊ុន រ៉ានី ក្នុង​របប​ប៉ុល​ពត​នេះ ប្រៀបបាន​នឹង​ការជួប «​ពន្លឺក្នុង​គ្រា​អន្ធិកា​»​។ «​ពន្លឺក្នុង​គ្រា​អន្ធិកា​» ដ្បិត​ថា​ជីវិត​របស់​យុវនារី ប៊ុន រ៉ានី ជួប​ការលំបាក ​​តែរបប​នេះក៏​ជា​វេលា​បាន​នាំ​ឲ្យ​យុវនារី​រូបនេះ បាន​ជួប​ជាមួយ បុរស​កំពូល​ដួងចិត្ត គឺ​យុវជន ហ៊ុន សែន​។​

​តែ​ជីវិត​អាពាហ៍ពិពាហ៍​ជា​ក្រុម (១៣​គូ​) របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ថ្ងៃទី​៥ ខែ មករា ឆ្នាំ​១៩៧៦ ក្នុង​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត បាន បន្សល់​នូវ​ភាព​ដ៏​ល្វីង​ជូរចត់​មិនអាច​គណនា​។ ទម្ងន់​នៃ​ការឈឺចាប់ និង​វេទនា​រក​ទីបំផុត​គ្មាន គឺ​ការ​ត្រូវ​ព្រាត់ប្រាស​ស្វាមី​ដែល​ចេញទៅ​តស៊ូ​រំដោះជាតិ​ក្នុង​ឆ្នាំ​១៩៧៧ ទាំង​ខ្លួន​កូន​ក្នុង​ផ្ទៃ​។ ដើម្បី​សុវត្ថិភាព​ជីវិត និង​កូន​ពី​របប​ដ៏​យង់ឃ្នង ​ត្រូវ​ទ្រាំរ​ស់លាក់​ឈ្មោះ​លាក់​ប្រវត្តិ​។​

​ជីវិត​ស្នេហា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ឧ​ត្ត​ម​ភរិយា​បាន​ហែលឆ្លងកាត់​ភាពលំបាក​វេទនា និង​តំណក់ទឹកភ្នែក​រាប់លាន​តំណក់ ហើយក៏​មិនដែល​នឹកស្មានថា មានជីវិត​មកដល់​ប​ច្ចុ​ប្បន្ន​នេះ​ផងដែរ​។​
​ ​
ជីវិត​ក្នុង​របប​ខ្មែរក្រហម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវស្លាប់​កូន​ទី​១ និង​បែក​ពី​ស្វាមី ក្នុងពេល​កូន​ទី​២ នៅក្នុង​ផ្ទៃ​ម្តាយ ៥​ខែ រហូត​ជួបគ្នា​ជាថ្មី ដែល​កូន​បាន​ហៅ​ឪពុក​ថាពូ​រយៈពេល ២​ខែ​។

​ក្រោយ​របប​អាវខ្មៅ ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ របស់ ប៉ុល ពត ត្រូវបាន​វាយ​ផ្ដួល​រំលំ ដោយ​ក្រុមចលនា​តស៊ូ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ចូលរួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​ឧត្តុង្គឧត្តម ជួយ​ស្រោចស្រង់ និង​ស្តារ​កម្ពុជា​ចេញពី​គំនរ​ផេះផង់ ជាមួយ​ឧ​ត្ត​ម​ស្វាមី គឺ​សម្តេច​តេ​ជោ ហ៊ុន សែន តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ និង​ការអប់រំ​។​

​ក្រោយពី​កម្ពុជា ត្រូវបាន​រំដោះ​រួច​ផុតពី​គ្រោះ​ប្រល័យពូជសាសន៍ នា​ថ្ងៃទី​៧ មករា ឆ្នាំ ១៩៧៩ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ផ្តួចផ្តើម​គំនិត​បង្កើត និង​ជួយឧបត្ថម្ភ​ដល់​ម​ជ្ឈមណ្ឌលកុមារ​កំព្រា ដែល​គ្មាន​ទីពឹង ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់នោះ បានទទួល​ការសិក្សា អប់រំ ថែទាំ​សុខភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ កាកបាទ ក្រហមកម្ពុជា អាណត្តិ​ទី​១ (១៩៩៤-១៩៩៨) ហើយបាន​ក្លាយជា​ប្រធាន​កាកបាទ ក្រហមកម្ពុជា ចាប់តាំងពី​ឆ្នាំ ១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។​

​រយៈពេល​ជាង ២០​ឆ្នាំ នៃ​ការដឹកនាំ​កាកបាទក្រហមកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​ប្រក​ដោយប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​មនុស្សធម៌ ពោល​បាន​ប្រឹងប្រែង​កៀរគរ​ជំនួយ​មនុស្សធម៌ ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​អនាថា ជន​ផ្ទុកមេរោគ​អេដស៍ ជនរងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង​ដោយ​មិនមាន​ការប្រកាន់​និន្នាការ នយោបាយ ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ ពោល​ទីណា​មានទុក្ខ​លំបាក និង​មាន ប្រជាពលរដ្ឋ​រងគ្រោះ តែងមាន​វត្តមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​កាកបាទក្រហមកម្ពុជា ជាប់​ជានិច្ច​។ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​តាមដាន​ជាប់​ជានិច្ច​តាម​ប្រព័ន្ធ ព័ត៌មាន​នានា ដើម្បី​ស្វែងរក​ជនរងគ្រោះ​ជួប​ការលំបាក ហើយក៏​ចាត់​ឲ្យ​មន្ត្រី​របស់ខ្លួន​ចេញសង្គ្រោះបន្ទាន់​ផងដែរ​។​
​ ​
ក្រៅពី​ការងារ​សង្គមជាតិ នៅក្នុង​ក្រុមគ្រួសារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានប្រតិបត្តិ​ជា​កូន​ល្អ មើលថែ​អ្នក​ម្តាយ​ចាស់ជរា គឺ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ដែល​ចាប់តាំងពី​ចុងខែ​វិច្ឆិកា បាន​ចូល​សម្រាក​ព្យាបាលក្នុង​មន្ទីរពេទ្យ កាល់​ម៉ែត ក្នុង​ជន្មាយុ ៩៦​ឆ្នាំ​។​
​ ​
ជារួម សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​កូន​ល្អ ជា​ភរិយា​គំរូ ជា​មាតា​គំរូ និង​ជា​ជីដូន​គំរូ នៃ​ស្ត្រី​ខ្មែរ​ទាំងឡាយ​។ សម្តេច​ក៏​ជា​កុលធីតា​ដ៏​ឆ្នើម ក្នុងសង្គម​ខ្មែរ និង​ពិភពលោក ដូចដែល​អង្គការសហប្រជាជាតិ បានផ្តល់​ពានរង្វាន់​ជូន​សម្តេច ភាពជា​អ្នកដឹកនាំ​តំបន់ អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៩​។​
​ ​
ក្រៅពីនោះ តាមរយៈ​បេសកកម្ម​មនុស្សធម៌​សង្គ្រោះ​មនុស្សជាតិ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​ទទួលបាន​គោរមងារ និង​គ្រឿង​ឥស្សរិយយស ពី​ស្ថាប័ន​ជាតិ និង​ពិភពលោក​ជា​បន្តបន្ទាប់​ជាច្រើន​ផ្សេងទៀត​៕ ដោយៈ​ម៉េង​ឆៃ​/Ha