សម្តេច​ក្រឡាហោមឆ្លើយ​ទៅ​នឹង​លោក​សម រង្ស៊ី រឿង​ឲ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​កម្ពុជា​

1058
ចែករម្លែក
  • 2.2K
    Shares

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា អ្វីដែល​លោក​សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​មិនបាន​គិតពី​ផលប្រយោជន៍​ជាតិ និង​ធ្វើ​តាមតែ​អំពើ​ចិត្ត​របស់គាត់​។ តែ​នៅក្នុង​ប្រទេស​​គ្រប់គ្រង​ស្ថានការណ៍ សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍ បម្រើសេវា​ប្រជាពលរដ្ឋ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​។​
ការឆ្លើយតប​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី ដាក់ពាក្យ​បណ្តឹង​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​សុំ​ដាក់ទណ្ឌកម្ម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សម្តេចក្រឡាហោម ស ខេង
សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ចប់​ពិធី​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ នា​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ថា “​ការស្នើ​របស់លោក​សម រង្ស៊ី ជា​រឿង​របស់គាត់​ទេ គាត់​អត់​ពី​ផលប្រយោជន៍​ជាតិ​ទេ គាត់​ធ្វើតាម​អំពើ​ចិត្ត​របស់គាត់ អាហ្នឹង​រឿង​របស់គាត់​ទេ​។ យើង​ឥឡូវ​នឹង​គិតថា ធ្វើ​ម៉េច​នៅក្នុង​ប្រទេស​យើង​គ្រប់គ្រង​ស្ថានការណ៍ សុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ ការបម្រើ​សេវា​ប្រជាពលរដ្ឋ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ស្រុក គាត់​ធ្វើ​ម៉េច​ជា​រឿង​របស់គាត់​ទេ ខ្ញុំ​មិន​ចាប់ងារ​ម្មណ៍​ទេ​”​។​

​ចំណែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡ​ច​ត្រូ​និក​កាលពី​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ថា “​ក្នុងខណ​:​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ទាល់ច្រក ទណ្ឌិត​សម រង្ស៊ី បានដាក់​ពាក្យ​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ព​ន្លឿ​ន​ការដាក់​ទណ្ឌកម្ម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជាការ​សងសឹក​នឹង​ការចាត់វិធានការ​ណ៏​ទប់ស្កាត់​ការគាំទ្រ​របស់​សកម្មជន​មួយចំនួន​ចំពោះ​ទណ្ឌិត​សម រង្សី​។ ដូច្នេះ​ទណ្ឌិត​សម រង្ស៊ី កាន់តែ​បង្ហាញ​ចរិត​ពិសពុល​ក្បត់ជាតិ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ក្រឡែត​ថា​ទោះ​មាន​ផលប៉ះពាល់​ដល់​ផល​ប្រ​យោ​ជ​ន៏​ប្រជាជន​ន​កម្ពុជា​យ៉ាងណា ក៏​ទណ្ឌិត​រូបនេះ​ហ៊ាន​ធ្វើ​ដែរ ឲ្យ​តែ​បាន​បម្រើ​មហិច្ឆតា​របស់ខ្លួន​”​។

​លោក​បាន​បញ្ជាក់ថា តែ​ទោះ​យ៉ាងណាក្តី រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀមលក្ខណ​:​គ្រប់គ្រាន់​រួចហើយ​ដើម្បី​ពន្យល់​សហភាព​អឺរ៉ុប​ឲ្យ​បានដឹង​ច្បាស់​នូវ​ការពិត​នៅ​កម្ពុជា​ជៀសវាង​សម្រេច​កិច្ចការ​ដោយ​ឃ្លាតឆ្ងាយ​ពី​សច្ចធម៌​។ ប្រជាជន​កម្ពុ​ជាមាន​ជំនឿ​ជឿជាក់ថា​សហភាព​អឺរ៉ុប​ពិតជា​នឹង​ផ្តល់​យុ​ត្តិ​ធ៌​ម​ដល់​ប្រជាជន​កម្ពុជា​ជាក់​ជាមិនខាន​។​

​លោក​សម រ​ង្ស៉ី បាន​បង្ហោះ​ពាក្យបណ្តឹង​មួយ​លើ​​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​នៅ​ថ្ងៃទី​២៦ ខែធ្នូ ទាក់ទង​ពាក្យបណ្តឹង​ដែល​លោក​បានដាក់​ទៅកាន់​សហភាព​អឺរ៉ុប ដើម្បី​​សុំ​ដាក់​ទណ្ឌកម្ម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។ ដោយ​នៅក្នុង​ពាក្យបណ្តឹង​សរសេរ​ជា​ភាសា​អង់គ្លេស ដោយ​លោក សម រ​ង្ស៉ី បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ឲ្យ​កាន់តែ​ខ្លាំង និង​កាន់តែ​ឆាប់រហ័ស​បើ​អាជ្ញាធរ​កម្ពុជា នៅតែ​គំរាមកំហែង​មន្ត្រី និង​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​បង្ហោះ​វីដេអូ​បង្ហាញ​ការគាំទ្រ​ខ្លួន​៕សរន