សម្តេច​ក្រឡាហោមៈ ការផ្លាស់ប្តូរ​អភិបាលខេត្ត​ព្រះវិហារ​-​កំពង់ចាម​-​ព្រះសីហនុ គឺជា​ដំណើរ​ការធម្មតា​

789
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​
​លោក​ប្រាក់ សុវណ្ណ ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះសីហនុ (​រូប​ថ​តៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡាហោម ស ខេង​)​

​ដោយៈ មុនី​រ័ត្ន​ ​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ និង​តែងតាំង​អភិបាលខេត្ត​ព្រះវិហារ ខេត្តកំពង់ចាម និង​ខេត្ត​ព្រះសីហនុ គឺជា​ដំណើរ​ការធម្មតា ក្នុង​កិច្ចការរដ្ឋបាល​សាធារណៈ ដើម្បី​ពង្រឹងសមត្ថភាព​ស្ថាប័ន និង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព ដូចជា​ការផ្តល់​សេវាសាធារណៈ និង​ជម្រុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ដើម្បី​ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុងពេល​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​។​


ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះវិហារ​។
​លោក​ប្រាក់ សុវណ្ណ អតីត​អភិបាលរង​ខេត្ត​ខ្វស​យា​រៀង ត្រូវបាន​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក​អ៊ុន ចាន់​ដា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅធ្វើជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក​គួច ចំរើន ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅធ្វើជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក​យន្ត មីន ដែល​បាន​សុំលាលែង​ពី​តំណែង​។​


​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​សម្តេច​ផ្ទាល់ សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​អ៊ុន ចាន់​ដា ដែល​បាន​ខិតខំ​បំពេញការងារ​ចូលរួម​ដឹកនាំ​គ្រប់គ្រង និង​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​មុខតំណែង​ជា​អភិបាលខេត្ត​ព្រះវិហារ ដែល​បានធ្វើ​ឲ្យ​ខេត្តព្រះវិហារ​បន្ត​រីកចំរើន​លើ​គ្រប់​វិស័យ ក្នុង​រយៈពេល​កន្លងមក​នេះ​។


​សម្តេច​ក្រឡាហោម​បាន​លើកឡើងថា ផ្អែកលើ​មូលដ្ឋាន ស្នាដៃ និង​បទពិសោធន៍ ដែល​លោក​អ៊ុន ចាន់​ដា សម្រេចបាន​កន្លងមក ទើប​រាជរដ្ឋាភិបាល​លើកសំណើ​ថ្វាយ​ព្រះមហាក្សត្រ គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច​លោក​អ៊ុន ចាន់​ដា ឲ្យ​ទៅកាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដែលជា​ខេត្ត​មាន​ប្រជាជន​ច្រើន មាន​សក្តានុពល​សេដ្ឋកិច្ច​សំបូរបែប សំដៅ​ជម្រុញ​អភិវឌ្ឍន៍​នៅ​ខេត្តកំពង់ចាម បន្ត​ពី​លោក​គួច ចំរើន ដែល​បាន​ផ្ទេរ​ភារកិច្ច​ថ្មី ទៅកាន់​ខេត្ត​ព្រះសីហនុ​។​


​សម្តេច​ក្រឡាហោម​បាន​បន្តទៀតថា ចំពោះ​លោក​ប្រាក់ សុវណ្ណ ទោះបី​មិន​ធ្លាប់បាន​បំពេញការងារ​នៅ​ខេត្តព្រះវិហារ ប៉ុន្តែ​លោក​ជា​អ្នកចូលរួម​តស៊ូ និង​ក៏​ធ្លាប់បាន​ប្រឡូក​ការងារ​ក្នុង​មូលដ្ឋាន និង​មានបទពិសោធន៍​លើ​ការងារ​ដឹកនាំ គ្រប់គ្រង​រដ្ឋបាល​ស្រុក រដ្ឋបាលខេត្ត ដោយ​កន្លងមក​មក​ធ្លាប់​បានទទួល​តំណែង​ជា​អភិបាលស្រុក​រយៈពេល​ជិត​១០​ឆ្នាំ នៅ​ស្រុក​មួយ​នៅ​ខេត្តព្រៃវែង និង​ជា​អភិបាលរង​ខេត្តស្វាយរៀង មុននឹង​ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ព្រះវិហារ​។​


​ព្រះករុណា​ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់​ប​ង្គ្រា​ប់​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ផ្ទេរ​ភារកិច្ច​លោក អ៊ុន ចាន់​ដា ពី​អភិបាលខេត្ត​ព្រះវិហារ មកជា​អភិបាលខេត្ត​កំពង់ចាម ជំនួស​លោក គួច ចំរើន ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅជា​អភិបាលខេត្ត​ព្រះសីហនុ​។ ចំណែក​លោក ប្រាក់ សុវណ្ណ ដែលជា​អភិបាលរង​ខេត្តស្វាយរៀង ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​ព្រះវិហារ ជំនួស​លោក អ៊ុន ចាន់​ដា​៕SRN