សម្តេច​ក្រឡាហោមៈ ជនល្មើស​នៅតែ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ដោយ​ប្រើ​វិធីសាស្ត្រ​ថ្មីៗ​

260
ចែករម្លែក
សម្តេច​ក្រឡាហោមសខេងៈ ជនល្មើស​នៅតែ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស​ដោយ​ប្រើ​វិធីសាស្ត្រ​ថ្មីៗ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បានបញ្ជាក់​ថា ជាការ​ពិតណាស់ បទល្មើស ជួញដូរ​មនុស្ស​បានកើត​មាន​ឡើង​មិន​ឈប់ឈរ ឯ​ជនល្មើស​ក៏​នៅតែ​ប្រព្រឹត្ត​បទល្មើស​ដោយ ប្រើ វិធីសាស្ត្រ​ថ្មីៗ​និង​ប្លែកៗ ដោយ​គ្មាន​ការ​កោតញញើត ។ ទន្ទឹមនឹង​នេះដែរ សមត្ថកិច្ច​ក៏បាន បន្ត​ការ ខិតខំ​ស្រាវជ្រាវ ស៊ើបអង្កេត រកឃើញ​ភស្តុតាង​យ៉ាង​សស្រាក់សស្រាំ និង​បង្ក្រាប​បានជា​បន្តបន្ទាប់ ហើយ​បាន​កសាង​សំណុំរឿង និង​ប​ញ្ចូ​ន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​ផងដែរ​។
​ ​ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០១៩-២០២៣ នៅ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​


​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា “​យើង​មិនបាន​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​រីកដុះដាល ដោយ​មិនបាន​បង្ការ​ទប់ស្កាត់ បង្ក្រាប និង​ផ្តន្ទាទោស​ជនល្មើស​ឡើយ ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​សង្គ្រោះ កំណត់​អត្តសញ្ញាណ និង​ផ្តល់​សេវា​សមស្រប តាម​តម្រូវ​ការចាំបាច់ ជាក់លាក់ ទៅតាម​បច្ចេកទេស និង​លទ្ធភាព​ធនធាន ដែល​បាន​គ្រោងទុក​ផងដែរ​។ ទោះបី​សមត្ថកិច្ច​យើង​បាន​ខិតខំ​ទប់ស្កាត់ បង្ក្រាប​ទទួលបាន​លទ្ធ​ផល​យ៉ាងច្រើន​ក៏ដោយ ជនល្មើស​ពិតជា​មិន​បញ្ឈប់​សកម្មភាព​នោះទេ ហើយ​ជនល្មើស​ទាំងនោះ ក៏បាន​រក​មធ្យោបាយ​ថ្មីៗ ដើម្បី​បង្វែងដាន សមត្ថកិច្ច និង​ព្យាយាម​រក​ភស្តុតាង​ដោះ​បន្ទុក ដើម្បី​ឲ្យ​រួចខ្លួន​ពី​ការចោទប្រកាន់ ។ ប៉ុន្តែ​ភារកិច្ច​របស់​យើង គឺ​ការពារ​ជនរងគ្រោះ និង​ការពារ​ប្រជាពលរដ្ឋ​ពី​ភាព​រងគ្រោះ ។​


​សម្តេច​ក្រឡាហោម​បាន​លើកឡើងថា ទន្ទឹមនឹង​គ្នា​នេះដែរ យើង​ក៏​នៅមាន​ចំណុច​ខ្វះខាត​ជាច្រើន ដែល​គ្រប់​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ ទាំង​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​បណ្តាញ​ភ្នាក់ងារ​នៅក្រៅ​ប្រទេស រួមទាំង​ស្ថាន​តំណាង​នៅតាម​បណ្តា​ប្រទេស​ដែលមាន​ជនជាតិខ្មែរ ជាពិសេស​ពលករ​ខ្មែរ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ បំពេញបន្ថែម និង​កែលម្អ​ឲ្យ​បាន ។ ការឃុបឃិត​ជាមួយ​ជនល្មើស ទោះជា​ក្នុង​រូបភាព​បែបណាក៏ដោយ ក៏​ជា​បទល្មើស ដែល​អ្នកប្រព្រឹត្ត ត្រូវតែ​ទទួលខុសត្រូវ មិនអាច​ប្រកែក​បាន និង​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។​


​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តទៀតថា ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ប្រាំ​ឆ្នាំ ឆ្នាំ​២០១-២០២៣ មាន​គោលដៅ​បន្ត​លើកកម្ពស់​វាល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងសង្គម និង​រក​វិធានការ​និង​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​រាល់​ទម្រង់​ចាស់ ថ្មី​នៃ​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម ពលកម្ម​លើ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ ដែល​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​ទៅលើ​ប្រជាជន​កម្ពុជា ទោះជា​នៅទីណា​ក៏ដោយ ។ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក៏មាន​គោលបំណង លើកកម្ពស់​សាមគ្គីភាព ឯកភាព និង​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូរ​រវាង​សហគមន៍ជាតិ និង​អន្តរជាតិ គឺ​ដើម្បី​ធានា​ឲ្យ​មាន​ប្រព័ន្ធ​គាំពារ​សង្គម និង​ការបង្ការ​ទប់ស្កាត់​ភាព​រងគ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព ការអនុវត្ត​ច្បាប់​ដែលមាន​ឥទ្ធិពល និង​ការផ្តន្ទាទោស​យ៉ាង​សុ​ក្រឹត្យ​ចំពោះ​បទឧក្រិដ្ឋ ជាពិសេស​ការការពារ​សិទ្ធិ ផលប្រយោជន៍​ស្របច្បាប់​របស់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ៕សរន