សម្តេច​ក្រឡាហោមៈ ប៉ុស្តិ៍នគរបាល​មួយចំនួន​កោ​សរូបយក​លុយ​ពី​ប្រជាពលរដ្ឋ សំដី​មិន​សមរម្យ និង​ស្ពឹក​ស្រពន់​

217

(​ភ្នំពេញ)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា ចំណុច​ខ្វះខាត​មួយចំនួន​នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គឺ ដូចជា​ការផ្តល់សេវា​នៅមាន​ភាពយឺតយ៉ាវ នៅមាន​ការ​កោសរូស​យក​កម្រៃ​ពី​ប្រជាពលរដ្ឋ និង​មាន​មន្ត្រី​ប្រព្រឹត្ត​ឥរិយាបថ ឬ​សំដី​មិនបាន​សមសួន ឬ​កន្លែង​ខ្លះ​មានការ​ស្ពឹក​ស្រពន់ មិនបាន​ឆ្លើយតប​លឿន​រហ័ស​ចំពោះ​ការហៅ​រក​ពេល​ប្រជាពលរដ្ឋ​មាន​គ្រោះអាសន្ន​ជាដើម​។ ដែល​ប្រការនេះ​អាច​ចាត់ទុកថា បណ្តាលមកពី​កត្តា​សត្យានុម័ត ក៏ប៉ុន្តែ​មកពី​កត្តា​អន្តោ​ម័ត​ផ្តើមចេញពី​មន្ត្រី​ផ្ទាល់​។​

​ការ​ថ្លែង​បែបនេះ របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​សន្និបាត​ស្តីពី​ការពង្រឹង​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបា​ទូទាំងប្រទេស​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិ​ពណ៌​កោះ​ពេជ្រ​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង​ង ក៏បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​នគរបាលជាតិ​គ្រប់​ថ្នាក់ ជាពិសេស​លោក​អធិការនគរបាល​ក្រុង ស្រុក ខណ្ឌ និង​នាយ​ប៉ុស្តិ៍នគរបាល​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​នៅ​ការណែនាំ​គ្រប់គ្រង​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​បានល្អ ដើម្បី​រួមគ្នា​លុបបំបាត់​នៅ​ចំណុច​ខុសឆ្គង​ទាំងឡាយ​កុំ​ឲ្យ​កើតមាន​ជា​បន្តទៀត​។ ពីព្រោះថា ការខុសឆ្គង​ណាមួយ​ក៏ដោយ ទោះបី​តូចតាច​ក្តី ប៉ះ​វា​ធ្វើ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​ការទទួលខុសត្រូវ​រប​ស់​យើង​ក្នុងនាម​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​រីឯ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា អំពើ​អសកម្ម​រប​សើ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មួយចំនួន​តូច នៅតែ​កើតមាន​ដូចជាៈ ការឆ្លើយតប ឬ​ដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ​ពុំទាន់​ពេលវេលា ឥរិយាបទ​សំដីសំដៅ ពុំទាន់​សមរម្យ ទំនាក់ទំនង​និង​ភាពជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នៅមានកម្រិត ហើយក៏​នៅមាន​មន្ត្រី​ខ្លះ​ឆ្លៀតឱកាស​កោសរូស​រក​ផលប្រយោជន៍​ពី​ប្រជាពលរដ្ឋ ក្នុងពេល​ផ្តល់​ឬ​បម្រើសេវា​តម្រូវការ​នានា​។​បញ្ហា​នេះ ថ្វីត្បិតតែ​កើតមានឡើង​តិចតួច ប៉ុន្តែ​នៅតែ​ជា​កម្មវត្ថុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍ និង​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន​៕​ដោយៈ មុនី​រ័ត្ន​/sn

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ (​រូប​ថ​តៈ មុន​រ័ត្ន​)