សម្តេច​ក្រឡាហោមៈ ពិភពលោក​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម​ដ៏​កាច​សាហាវ​កូ​វីដ​១៩

105
ចែករម្លែក
សម្តេច​ក្រឡាហោមសខេងៈ ពិភពលោក​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម​ដ៏​កាច​សាហាវ​កូ​វីដ​១៩

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា សព្វថ្ងៃនេះ ពិភពលោក​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​នឹង​សង្គ្រាម​ដ៏​កាច​សាហាវ​មួយ ដែល​មិនមែនជា​សង្គ្រាមលោក សង្គ្រាម​ប្រដាប់អាវុធ ឬ​សង្គ្រាម​ក្នុង​តំបន់​អ្វី​នោះទេ ។​ប៉ុន្តែ​គឺជា​សង្គ្រាម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​បាន​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​មកដល់ពេលនេះ​មាន​ប្រទេស​ជិត​១៨០ ដែល​បាន​ឆ្លង​ជំងឺ​នេះ ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​។​

​សម្ដេច​ក្រឡាហោម​បាន​បន្តថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជំងឺ​នេះ​បាន​រាលដាល និង​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់ ជាក់ស្ដែង​ចាប់ពី​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៤​ខែមីនា មាន​អ្នក​ឆ្លង​ជា​មេរោគ​នេះ​ថ្មី​ដល់​ទៅ​ជាង​៤១.០០០​នាក់​ដែលជា​ចំនួន​ច្រើន និង​មាន​មនុស្ស​ស្លាប់​ជា​មធ្យម​២.០០០​នាក់​ក្នុង​មួយថ្ងៃ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​។​

​សម្ដេច​ក្រឡាហោម​បាន​បន្តទៀតថា ឥឡូវនេះ​ជំងឺ​កូ​វីដ ១៩ បាននិងកំពុង​ប្រឈម​ខ្លាំង​នៅ​តំបន់​អឺរ៉ុប និង​អាម៉េរិក ហើយ​បញ្ហា​ប្រឈម​ធំ​បំផុត​នោះ គឺ​ជំងឺ​នេះ​មិនទាន់មាន​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​ការពារ​ជាក់លាក់​នៅឡើយ​។ នៅពេលនេះ ទន្ទឹមនឹង​ការព្យាបាល​អ្នកជំងឺ​និង​ការខិតខំ​ស្រាវជ្រាវ​រក​ថ្នាំ​និង​វ៉ាក់សាំង​នោះ​វិធានការ​ចាំបាច់​បំផុត​នោះ​គឺ​ការដាក់ឱ្យ​ពលរដ្ឋ​នៅតែ​ក្នុងផ្ទះ ដែល​ពលរដ្ឋ​ស្ទើ​តែ​១​ភាគ​៤​លើ​ពិភពលោក​បាន​អនុវត្ត​វិធានការ​ស្នាក់នៅ​ក្នុងផ្ទះ​។ យ៉ាងណាក៏ដោយ ដោយសារ​ពលរដ្ឋ​ប្រទេស​ខ្លះ​មិន​គោរព​តាម​វិធានការ​ស្នាក់នៅ​ក្នុងផ្ទះ និង​បំពាន​ការហាម​ប្រាម​សកម្មភាព​ដែលនាំឱ្យ​ងាយ​ឆ្លង​ជំងឺ​COVID19 ទើបបានជា​ធ្វើឱ្យ​អត្រា​ឆ្លង​មានការ​ហក់​ឡើង​ខ្លាំង ខណៈ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ប្រជា​ជា​ជន និង​ប្រជ​ន លើ​គ្រប់​វិស័យ ក៏​ត្រូវបាន​កាត់ផ្ដាច់ ឬ​បង្កើន​ការ​រឹតបន្តឹង ដូចជា​ការបិទ​ព្រំដែន បិទ​ជើងហោះហើ​យ ការផ្អាក​ពិធី​ជួបជុំ​សាសនា អាពាហ៍ពិពាហ៍ ការបិទ​ទី​កំសាន្ត ជាដើម គឹ​ត្រូវបាន​រដ្ឋាភិបាល​ស្ទើរ​គ្រប់​ប្រទេស​អនុវត្ត​។​

មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ


​សម្រាប់​ប្រទេស​កម្ពុជា សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​មិនមាន​ជើងហោះហើ​យ​ទេ ខណៈ​ព្រំដែន​គោក​ជាមួយ​វៀតណាម​ដែល​បាន​បិទ​នោះ ភាគី​ទាំង​ពីរបាន​ទុក​តែ​ការផ្លាស់ប្ដូរ​ទំនិញ​ក្រោម​លក្ខ​ណ្ឌ​រឹតបន្តឹង​។
​ដោយឡែក​ព្រំដែន​ជាមួយ​ថៃ សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា មាន​ភាពខុសគ្នា​ជាមួយ​វៀតណាម ត្បិត​កម្ពុ​ជាមាន​ប្រជាជន​ចេញចូល​ច្រើន​ហើយ​ពួកគាត់​ក៏បាន​សម្រុក​មក​ប្រទេស​វិញ​ក្នុងកំឡុងពេល​ថៃ​បានប្រកាស​បិទ​ច្រកទ្វារ​ជា​បន្តបន្ទាប់​នោះ​។​


​សម្ដេច​ក្រឡា​ហ​ហោម​បាន​បន្ថែមថា ច្រកទ្វារព្រំដែន​កម្ពុជា ថៃ ក៏​ដូចគ្នា​នឹង​ច្រកព្រំដែន​ជាមួយ​វៀតណាម​ដែរ គឺ​ការផ្លាស់ប្ដូរ​ទំនិញ​នៅតែ​ដំណើរការ​ជាធម្មតា​ហើយ​ចំពោះ​ការ​សម្រុក​វិល​មក​ប្រទេស​វិញ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​ប្រទេស​ថៃ​នោះ សម្ដេច​បានផ្ដល់​ការពន្យល់​ថា ដោយសារតែ​សកម្មភាព​អាជីវកម្ម ឬ​ការងារ​នៅ​ប្រទេស​ថៃ​ត្រូវបាន​ផ្អាក ដែល​ធ្វើឱ្យ​ពួកគាត់ ក៏ដូចជា​ពលរដ្ឋ​ថៃ​ដែរ ត្រូវ​នៅ​ទំនេរ​ច្រើន​។ ដូច្នេះហើយ​បានជា​ពួកគាត់​សម្រេច​វិល​មក​ប្រទេស​វិញ​តែម្ដង​។​
​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ ហើយ​សម្ដេច​តេ​ជោ​ក៏​បានចេញ​សារាចរ​ណែនាំ​ជា​បន្តបន្ទាប់​ដែរ​។ ដោយឡែក​ក្រសួងមហាផ្ទៃ បាន​បង្កើត​គណៈកម្មកា​រ​ដោយឡែក ដោយបាន​បិទ​សាលា​បណ្ដុះបណ្ដាល​នគរបាល​ទូទាំងប្រទេស និង​បាន​ដាក់ចេញ​វិធានការ​ជាក់ស្ដែង​មួយចំនួន​ដូចជា​នៅតាម​ពន្ធនាគារ និង​កន្លែង​ប្រមូលផ្ដុំ​កងកម្លាំង​ជាដើម​។​

មន្ត្រីនគរបាល​អ​ន្តោ​ប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ


​សម្ដេច​ក្រឡាហោម​ក៏បាន​មានប្រសាសន៍​អំពី​ការត្រៀម​រៀបចំ​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ​ចេះ​ម្ចាស់​ការការពារ​ខ្លួនឯង ដែលជា​កត្តា​គន្លឹះ​បំផុត ដោយ​សម្ដេច​បាន​មានប្រសាសន៍ថា​នឹង​ណែនាំ​ឱ្យមាន​ការរៀបចំ​សារ​ខ្លី ច្បាស់ៗ ដើម្បី​ចែក​ចាក់ផ្សាយ​តាម​ម៉ូតូ ឬ​មធ្យោបាយ​ធ្វើដំណើរ​។ សម្ដេច​បានស្នើ​អភិបាល​រាជធានី​ខេត្ត​រៀបចំ​អនុវត្ត ដោយ​ក្រសួង​នឹង​រៀបចំ​ខ្លឹមសារ​នៃ​សារ​អប់រំ​នេះ ហើយ​ក្រុមការងារ​រដ្ឋបាល​នៅនឹងកន្លែង​ទាំងអស់ ត្រូវ​ត្រៀម​មធ្យោបាយ​ដើម្បី​អនុវត្ត​ជា​រៀងរាល់ថ្ងៃ ពិសេស​ក្នុងពេល​បងប្អូន​ខ្មែរ​ចាប់ផ្ដើម​វិល​ពី​ប្រទេស​ថៃ​។


​សម្ដេច​ក្រឡាហោម ស ខេង ក៏បានផ្ដល់​អនុសាសន៍​ណែនាំ​បន្ថែម​ពាក់ព័ន្ធ​នឹង​តួនាទី​ភារកិច្ច​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ដោយ​សម្ដេច​បាន​ណែនាំ​ឱ្យ​បន្ត​ពង្រឹង​វិន័យ និង​ក្រមសីលធម៌​វិជ្ជា​ជិ​វៈ ទប់ស្កាត់​ការ​ជ្រៀតចូល​ពី​ក្រុមមនុស្ស​បង្កបញ្ហា​ដល់​ប្រទេសជាតិ រួមគ្នា​ខិតខំ​ប្រឹងប្រែង​ជាមួយ​ក្រុម​ច​ត្តា​ឡី​ស័ក​ត្រួតពិនិត្យ​រក​អ្នក​សង្ស័យ និង​ត្រូវការពារ​ខ្លួនឯង​ឱ្យបាន​ល្អ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
​សម្ដេច​ក្រឡាហោម​បានផ្ដល់​ការលើកទឹកចិត្ត​ដោយ​ចាត់ទុក​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ប្រៀបបាន​យុទ្ធជន​ក្នុង​សមរភូមិ​កូ​វីដ​១៩​បន្ទាប់ពី​គ្រូពេទ្យ នេះ​គឺជា​ភាពក្លាហាន និង​ការរក្សាបាន​នូវ​ឧ​ត្ត​ម​គតិ​ជាតិ និង​ប្រជាជន​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​។ សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ម្ចាស់​ខុន​ដូ ផ្ទះសំណាក់ សណ្ឋាគារ មេភូមិ មេឃុំ​ចៅសង្កាត់ ប៉ុ​ស្ត៍​រដ្ឋបាល​ត្រូវ​ក្ដាប់​ឱ្យបាន​នូ​វត្តមាន​ចេញចូល​របស់​ជនបរទេស ឬ​អ្នក​ចំណូល​ថ្មី​៕សរន