សម្តេច​ក្រឡាហោម​បញ្ជា​ឲ្យ​ចៅហ្វាយ​ខេត្តពោធិ៍សាត់ រដ្ឋមន្ត្រី​បរិស្ថាន មើល​ករណី​លួច​កាប់​ឈើ​នៅ​ភ្នំ​សំ​កុស​

821
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​ពោធិ៍សាត់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យមើល​ករណី​លួច​កាប់​ឈើ​នៅក្នុង​ដែន​អភិរក្ស​ភ្នំ​សំ​កុស ស្ថិតនៅ​ជិត​ជួរ​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ រួច​ធ្វើ​របាយការណ៍​មក​សម្តេច ដើម្បី​មាន​វិធានការ​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​ការពារ​ភ្នំ​សំ​កុស ថ្លែងថា ក្រុមហ៊ុន​រតនៈសម្បត្តិ យក​លេស​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ​បែរជា​រកស៊ី​កាប់​ឈើ​ក្នុងព្រៃ​ការពារ​ភ្នំ​សំ​កុស នៅក្បែរនោះ​ទៅវិញ​។ ពលរដ្ឋ រូបនេះ​អះអាងថា ក្រុមហ៊ុន​មួយ​នេះ បាន​ជួល​កម្មករ​ខ្មែរ និង​វៀតណាម ប្រមាណ ២០០​នាក់ ឱ្យទៅ​កាប់​ឈើ​ក្នុងព្រៃ​ការពារ​មួយ​នេះ យ៉ាង​គគ្រឹកគគ្រេង រហូត​ផ្អើល​សត្វព្រៃ​។​

​ចំណែក​កម្មករ​ស៊ីឈ្នួល​កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន​អះអាងថា កម្មករ​ខ្មែរ និង​វៀតណាម បែង​ចែកជា​ក្រុម​ប្រមាណ ១០​នាក់ ក្នុង ១​ក្រុម ចូលទៅ​កាប់​ឈើ​ក្នុងព្រៃ ដោយ​គិត​ប្រាក់​ឈ្នួល ៥​ដុល្លារ ក្នុង​មួយ​ម៉ែត្រគូប​។ ឈើ​ដែល​កាប់​នោះ ខាង​ក្រុមហ៊ុន​ឱ្យ​ជ្រើស​មុខកាត់​ចាប់ពី ៧​តឹក​ឡើងទៅ ហើយ​ឈើ​ខុស​ខ្នាត​ឱ្យ​អារ​រលំ​ចោល​ពេញ​ព្រៃ ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​។ បន្ទាប់ពី កម្មករ​អារឈើ​រួចហើយ មាន​ឡាន​របស់​ក្រុមហ៊ុន​ដឹកឈើ​យកទៅ​ទុក​ក្នុង​សិប្បកម្ម​កែច្នៃ​របស់ខ្លួន​៕ ល​