សម្តេច​ក្រឡាហោម​សខេង​អញ្ជើញ​បិទ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​ការ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០២០​នៃ​គ​.​ជ​.​អ​.​ប

292
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​អញ្ជើញ​បិទ​សិក្ខាសាលា​ជាតិ​ស្តីពី​ការរៀបចំ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០២០​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម​សខេង​បាន​ថ្លែងថា​ក្នុងនាម​រាជរដ្ឋាភិបាល​និង​គ​.​ជ​.​អ​.​ប​សូម​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួមចំណែក​រប​ស់​ឯកឧត្តម លោកជំទាវ អស់លោក​លោកស្រី​ទាំងអស់​ក្នុង​ការបន្ត​អនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ក្រោម​ក្របខណ្ឌ​គោលនយោបាយ​និង​របៀបវារៈ​នានា​នៃ​ការអភិវឌ្ឍ​ជាតិ​។​

​ទោះបីជា​យើង​ប្រមើល​មើលឃើញថា​សកម្មភាព​ដែល​បាន​គ្រោងទុក​មួយចំនួន​មិនអាច​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩​នេះ​យើង​បានសម្រេច​នូវ​សកម្មភាព​ជាច្រើន​គួរឱ្យកត់សម្គាល់​ដែល​បង្ក​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​ចុងក្រោយ​នៃ​កំណែទម្រង់​នេះ​។​

​សម្តេច​ក្រឡាហោម​សខេង​បន្តថា​អ្វី​ដែលជា​សមិទ្ធិផល​ដ៏​សំខាន់​និង​ចាត់ទុកថា​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​នៃ​កិច្ចដំណើរការ​កំណែទម្រង់​ដែល​យើង​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​នេះ​គឺ​ការកែសម្រួល​រចនាសម្ព័ន្ធ​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​។​ការប្រគល់​មុខងារ​ពាក់ព័ន្ធ​នឹង​វិស័យ​ជាច្រើន​ទៅឱ្យ​រដ្ឋបាល​ទាំងនេះ​និង​ការផ្ទេរ​មុខងារ​សុខាភិបាល​ដែល​ធ្លាប់បាន​អនុវត្ត​ដោយ​មន្ទីរ​សុខាភិបាល​ទៅឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ចាត់ចែង​រដ្ឋបាល​រាជធានី​ខេត្ត​។​

​ជារួម​យើង​បាន​សហការគ្នា​រៀបចំ​កិច្ចការ​នេះ​តាំងពី​ឆ្នាំ​២០១៦​កន្លងមក​ដោយមាន​កា​រ​ពិគ្រោះ​យោបល់​គ្នា​ជា​បន្តបន្ទាប់​ដោយ​ផ្អែកលើ​ក្របខ័ណ្ឌ​លិខិតបទដ្ឋាន​គតិយុត្តិ​និង​ស្ថានភាព​នៃ​ការអនុវត្ត​ជាក់ស្តែង​។​ក្នុង​គោលបំណង​ជំ​រុញឱ្យ​រចនាសម្ព័ន្ធ​ថ្មី​ទាំងនេះ​អាច​ចាប់ផ្តើម​បំពេញការងារ​របស់ខ្លួន​ចាប់ពី​ដើមឆ្នាំ​២០២០​តទៅ​នាពេល​ថ្មី​កន្លងមកនេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ចំនួន​៣​ស្តីពី​ការកែសម្រួល​រចនាសម្ព័ន្ធ​និង​មុខងារ​របស់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​និង​អនុក្រឹត្យ​មួយទៀត​ស្តីពី​ការផ្ទេរ​មុខងារ​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​៕S/​