សម្តេច​ក្រឡាហោម​ សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព​ដែល​ត្រូវ​មន្ត្រីប៉ូលិស​បាញ់សម្លាប់

1059
ចែករម្លែក
  • 9K
    Shares

ដោយៈបូព៌ព្រឹក្ស,​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥​ខែមីនា​ ឆ្នាំ​២០១៩​នេះ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានបង្ហាញ​នូវ​សមានចិត្ត​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ដែល​ត្រូវ​មន្ត្រីប៉ូលិស​បាញ់សម្លាប់​ ជាមួយនឹង​ការសន្យា​ស្វែងរក​យុត្តិធម៌​ក្នុង​រឿងនេះ​។​

ជឹមរតនៈដែលកំពុងគេចខ្លួន


​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​សម្តេច​ក្រឡា​ហោម​ស ខេង ​បានសរសេរថា​”​ខ្ញុំ​មានការ​សោកស្តាយ​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ក្រោយ​ទទួលបាន​ព័ត៌មាន​មក​ថា លោក ម៉ន វុ​ធ បានទទួល​មរណភាពក្នុង​ហេតុការណ៍​ផ្ទុះអាវុធ​កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣​ខែមីនា​ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​
​ខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខដ៏​ក្រៀមក្រំ​នេះ​ជាមួយ​គ្រួសារ​សព និងសូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោក ម៉ន វុ​ធ បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​” ។​សម្តេច​ក្រឡាហោម​សខេង​បាន​បញ្ជាក់ថា​”​ក្នុងនាម​ក្រសួងមហាផ្ទៃ​ ខ្ញុំ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​គ្រួសារ​សព ក៏ដូចជា​ក្រុមគ្រួសារ​ដែលមាន​ការពា​ក់​ព័ន្ធ និង ជូន​សង្គមជាតិ​យើង​ទាំងមូល​”​។​


​គួរបញ្ជាក់ ជនរងគ្រោះ​ដល់​ជីវិត​ក្នុង​សកម្មភាព​រង​ការបាញ់ប្រហារ​មិន​ញញើត​ដៃ​និង​អះអាងថា​ជា​ជនជាប់សង្ស័យ​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​បច្ចុប្បន្ន​ស្នាក់នៅខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ចំណែក​អ្នករួមដំណើរ​ជាមួយ​ជនសង្ស័យ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​រងរបួស និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​


​រឿងរ៉ាវ​មួយ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១១​យប់ ​ថ្ងៃទី​២៣​មីនា ​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ​ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​មាន​ករណី​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ​ព្រោះ​ច្រឡំ​ថា​ជា​ចោរលួច​រថយន្ត​ ទាំង​ជនរងគ្រោះ​គ្មាន​អាវុធ​ក្នុង​ដៃ​។​


​គិត​ត្រឹម​រាត្រី​ថ្ងៃទី​២៤​ឈានចូល​២៥​ខែមីនា​នេះ​ ប៉ូលិស​ពីរ​នាក់​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ​ជឹម សា​វិ​ន ​ជា​មន្ត្រីនគរបាល​នៅ​ស្រុក​ព្រះស្ដេច ​ត្រូវជា​ក្មួយ​លោក​ឧកញ៉ា​ជឹម សុខ​ និង​ម្នាក់ទៀត​ឈ្មោះ​ជា​ ឡា​ឌី​ន​។​ចំណែក​ឈ្មោះ​ជឹម រតនៈ អធិការរង​ស្រុក​ព្រះស្តេច ​ទទួល​ផែន​អន្តោប្រវេសន៍​និង​ត្រូវជា​កូនប្រុស​លោក​ឧកញ៉ា​ជឹម​សុខ​ដែលមាន​ការអះអាង​ថា​ជា​ជនដៃដល់​ក្នុង​សកម្មភាព​បាញ់ប្រហារ​បា​ន​ដឹងខ្លួន​មុន​កំពុង​គេចខ្លួន​។​ប៉ូលិស​កំពុង​តាម​ប្រមាញ់​ស្វែងរក​ចាប់​ជនដៃដល់​៕សរន/Ha

ជឹម រតនៈ ដែលកំពុងគេចខ្លួន